សៀមរាប៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅពេលកូនខ្មែរគ្រប់រូបបានស្គាល់ និងប្រឹងថែរក្សាតម្លៃមរតកវប្បធម៌ ដែលដូនតាមបានបន្សល់ទុកឲ្យ។ សាស្ដ្រាចារ្យដ៏ល្បីឈ្មោះនៅកម្ពុជា លោក អាំង ជូលាន បានពន្យល់ថា មរតកវប្បធម៌ដែលកំពុងនិយាយនៅពេលនេះ គឺសំដៅទាំងមរតករូបី និងអរូបី ដែលមរតកទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នារហូតមិនអាចខ្វះមួយណាបានឡើយ។ ក្រៅពីនេះ សាស្ដ្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្យសិល្បៈរូបនេះប្រាប់ថា គេមិនអាចទៅបង្គាប់ឲ្យនរណាម្នាក់ រៀបចំវប្បធម៌បែបនេះ បែបនោះបានឡើយ ព្រោះថាវប្បធម៌ មិនមែនជាឆាកដើម្បីសម្ដែងឡើយ ប៉ុន្តែគឺជាទំនៀមពីបុរាណ ដែលតមកដល់បច្ចុប្បន្ន។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
ប្រទេសកម្ពុជាមានវប្បធម៌ដ៏ផូរផង់ និងចំណាស់មួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វប្បធម៌ដ៏ត្រចេះត្រចង់នេះ បានរីករាយសាយភាយ និងត្រូវបានប្រជាពលរដ្ឋខ្មែរ ប្រណិប័តន៍ជាប់មកដល់បច្ចុប្បន្ននេះ។ យ៉ាងណាក៏ដោយ ការប្រណិប័តន៍នេះ មិនបាននៅគង់វង្សទាំងស្រុងឡើយ មានមរតកវប្បធម៌ខ្លះ ត្រូវបានបាត់បង់ ឯខ្លះទៀត នៅបន្តគោរពតិចតួច ដែលគួរបារម្ភ។ សាស្ដ្រាចារ្យ និងអ្នកស្រាវជ្រាវ បានជួបជុំគ្នាក្នុងបាឋកថាមួយ ដោយនិយាយពីមរតករូបី និងអូរបី ដែលកំពុងរស់នៅជាមួយប្រជាជនខ្មែរ នាពេលបច្ចុប្បន្ន។ អ្នកស្រាវជ្រាវ បានបង្ហាញក្ដីបារម្ភ ចំពោះមរតកវប្បធម៌ខ្លះដែលកំពុងមានការប្រណិប័តន៍ខុសពីទំនៀមដើម ដែលពួកគេចាត់ទុកថាមិនមែនជាមរតកវប្បធម៌ឡើយ។
ក្នុងបាឋកថាមួយនៅដើមខែកក្កដា នៅអាជ្ញាធរជាតិអប្សរា លោកសាស្ដ្រាចារ្យ អាំង ជូលាន បានបង្ហាញវត្តមានជាវាគ្មិនដ៏កម្រ នៅលើប្រធានបទ «ទំនាក់ទំនងច្រើនបែបយ៉ាង រវាងមរតករូបី និងអរូបី»។ សម្រាប់លោក អាំង ជូលាន មរតកទាំងពីរនេះ មិនអាចដាច់ចេញពីគ្នាបានឡើយ គឺត្រូវមានរូបី និងអរូបី ដើរទន្ទឹមគ្នា។ លោកសាស្ដ្រាចារ្យ បានលើកឧទាហរណ៍ដ៏សាមញ្ញមួយមកបង្ហាញ គឺវាដូចសម្លកកូរយ៉ាងដូច្នោះដែរ។ ការចេះស្ល ជាមរតកអរូបី រីឯសម្លកកូរជាមរតករូបី។ ចំណែកប្រាសាទអង្គរវត្ត ជាមរតករូបី ឯដូនតាអ្នកសាង ជាមរតកអរូបី។
នរវិទូរូបនេះ ក៏បានលើកឧទាហរណ៍ ពីជំនឿឡើងអ្នកតានៅតំបន់ប្រាសាទសម្បូរព្រៃគុក មកបង្ហាញដែរ ដែលវាឆ្លុះបញ្ចាំងពីភាពមិនដាច់គ្នា រវាងមរតករូបី និងអរូបី ហើយដែលជំនឿនេះ បន្តប្រណិប័តន៍ រហូតមកដល់បច្ចុប្បន្ន។ សម្រាប់លោក អាំង ជូលាន ប្រាសាទសម្បូរព្រៃគុក បានក្លាយទៅជាកន្លែងអ្នកតាដ៏ធំ ដែលគេហៅថាអ្នកតាចាស់ស្រុក ហើយត្រូវបានចាត់ទុកថា ជាមរតករូបី។ រីឯជំនឿ ដូចជាការយកថ្មបុរាណ មកដុសគូសវាសលើចិញ្ចើមរបស់ក្មេងៗ គឺជាមរតកអរូបី។ ជំនឿនេះ ត្រូវបានអ្នកភូមិធ្វើជារឿងរាល់ឆ្នាំ មុន និងក្រោយរដូវដាំដុះ។
ក្រៅពីព្យាយាមបង្ហាញពីទំនៀម ដែលកំពុងនៅរស់នៅជាមួយប្រជាជនខ្មែរសព្វថ្ងៃហើយ សាស្ដ្រាចារ្យ អាំង ជូលាន ក៏បង្ហាញការបារម្ភ ចំពោះការប្រណិប័តន៍ជំនឿខ្លះ ដែលខុសពីការពិត។ ត្រង់ចំណុចនេះ លោក អាំង ជូលាន សំដៅទៅលើទំនៀម របស់ប្រជាជនតាមតំបន់មួយៗ ដែលខ្លះមានទំនៀមខុសៗគ្នា។ តួយ៉ាងរបៀបស្លសម្លកកូរ, ស្លនំបញ្ចុកជាដើម ដែលរសជាតិ វាអាស្រ័យតាមតំបន់នីមួយៗ។ «ទំនៀមមិនអាចដូចគ្នាបេះបិទទេ ដែលយើងយកឲ្យទៅដូចគ្នា។ មានន័យថា អ្វីដែលយើងមានសម្បូរបែប តែដល់ពេលយើងព្យាយាមធ្វើរួមគ្នា ទំនៀមនោះនឹងរួមតូច។ នេះដែលខុស។ ការបង្កើតតាមចិត្តខ្លួនឯង តាមអំពើចិត្ត ទំនៀមមិនដែលមានសោះ យើងបង្កើតខ្លួនឯង ដើម្បីឲ្យគេថាយើងពូកែ។ មិនមែនទំនៀមមានស្រាប់ហើយខុសទេ ការដែលយើងបង្កើត ដើម្បីធ្វើឲ្យខ្លួនគ្រាន់បើទេ ដែលខុស»។
សម្រាប់លោកសាស្ដ្រាចារ្យ អាំង ជូលាន មរតកវប្បធម៌ គឺមានតម្លៃជាសកល ហើយមិនមែនជារឿងថ្មីទេ។ លោក ទទូចឲ្យប្រជាជនខ្មែរចាប់ផ្តើមគិតពីតម្លៃទាំងនេះ។ លោកសាស្ត្រាចារ្យរូបនេះ ពន្យល់ថា តាំងពីដើមមក មនុស្សតែងគោរពមរតកវប្បធម៌ មនុស្សតែងគោរពអ្វីដែលកើតមុន មនុស្សតែងគោរពអ្វី ដែលជាបុរាណកាល ទើបតម្លៃ និងការគោរព បានបន្តជាប់គ្នា ពីមួយជំនាន់ ទៅមួយជំនាន់មិនដាច់។
ដោយបានយល់ច្បាស់ និងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើមរតកវប្បធម៌ទាំងរូបី និងអរូបី កញ្ញា សេង ស្រីមល បាននិយាយថា ខ្លួនបានទទួលចំណេះដឹងបន្ថែមយ៉ាងច្រើន ទាក់ទងនឹងមរតករូបីនិងអរូបី។ កញ្ញាបន្ថែមថា ក្នុងនាមជាកូនខ្មែរមួយរូប យើងគួរគប្បីជួយអភិរក្សមរតកទាំងនេះ តែសំណូមពរដល់សាធារណជន គួរយល់ដឹង និងមានជំនឿច្បាស់លាស់ ដោយមិនត្រូវធ្វើអ្វីខុសពីទំនៀមដើម នៃវប្បធម៌ទាំងនោះឡើយ។ «អ្វីដែលខ្ញុំចង់និយាយ គឺមានបុគ្គលខ្លះ គាត់ធ្វើទង្វើខុសពីវប្បធម៌ទំនៀមទម្លាប់ពីដើម។ អ្នកខ្លះ មានជំនឿបារមី អុជធូប និយាយសុំនេះ សុំនោះ។ ពេលខ្លះចូលជារូបស្រែកខ្លាំងៗ ប៉ះពាល់ដល់ភ្ញៀវ ហើយការប្រើក្រែម ម្សៅ ទឹកអប់ ក៏ប៉ះពាល់ដល់ថ្ម ប្រាសាទ។ ខ្ញុំសុំឲ្យពិចារណា ឈប់ប្រើ មិនចង់ឲ្យជឿខុស យល់ខុសទេ»។ នេះបើតាមការយល់ឃើញរបស់កញ្ញា សេង ស្រីមល។
មិនខុសពីកញ្ញា ស្រីមល មគ្គុទ្ទេសក៍ភាសាថៃ និងអង់គ្លេស លោក រៀល ចន្តនា យល់ថា បាឋកថានេះ បានឲ្យលោកយល់បន្ថែមមួយកម្រិតទៀត ពីមរតកវប្បធម៌រូបី និងអរូបី។ មគ្គុទ្ទេសក៍រូបនេះយល់ថា គួរតែមានការអភិរក្សមរតកនេះបន្ត ព្រោះមរតកនេះ ចាត់ទុកជាព្រលឹងជាតិមួយរបស់ខ្មែរ។ លោកបន្ថែមថា៖« ក្នុងនាមពលរដ្ឋ ខ្ញុំមានចំណេះដឹងពីប្រទេសកម្ពុជា ក្នុងនាមជាមគ្គុទ្ទេសក៍ ខ្ញុំយកទៅនិយាយប្រាប់ភ្ញៀវ ហើយបានធីបច្រើន»។
ចំណែកយុវជន សុខ វិសាល ក៏ទទួលបានចំណេះដឹងមួយផ្នែកទៀតដែរ ពីមរតកវប្បធម៌នេះ។ វិសាល យល់ថា ដើម្បីអភិរក្សមរតកទាំងនេះ គឺយុវជនមិនគួរទទួលអារ្យធម៌ ពីគេច្រើនពេកទេ ។ គោរពនូវអ្វីដែលជារបស់ខ្មែរបុរាណ កុំចម្លង ហើយកុំធ្វើឲ្យលើស ពីអ្វីដែលជារបស់ខ្មែរបុរាណ។
ជាមួយគ្នានេះដែរ លោកសាស្ដ្រាចារ្យ អាំង ជូលាន យល់ថាមរតកវប្បធម៌ទាំងនេះ ជាអត្ដសញ្ញាណជាតិមួយ។ ដូច្នេះវាជារឿងសំខាន់ ក្នុងការអភិរក្សមរតកទាំងនេះ ហើយក្នុងនាមជាពលរដ្ឋខ្មែរ គួរមានការគិតគូរ និងជួយការងារនេះ ដោយចាប់ផ្តើមពីក្រុមគ្រួសារមួយ ទៅគ្រួសារមួយ មិនមែនចាំបាច់ទាល់តែស្ថាប័នធំៗ ដែលកំពុងធ្វើការរឿងនេះទេ។ ការបណ្ដុះបណ្ដាល ឬការចាប់ផ្តើមគិត គួរផ្តើមពីយើងទាំងអស់គ្នា៕