កីឡាជាតិ
ជាតិ
បឹងកេត​ដែល​នៅសល់​គ្នា​១០​នាក់​ស្មើ​ភ្នំពេញ​ក្រោ​ន ៤-៤ រីឯ​ណាហ្គា ព្រះខ័ន​រាជ និង​វិសាខា ឈ្នះ​
07, Jul 2019 , 8:07 pm        
រូបភាព
ចាន់​ វឌ្ឍនាកា រកបាន​២គ្រាប់នា​ការ​បង្ហាញខ្លួន​សារជាថ្មីឲ្យបឹងកេតនៅជើងទីពីរ។ រូបថត CNCC
ចាន់​ វឌ្ឍនាកា រកបាន​២គ្រាប់នា​ការ​បង្ហាញខ្លួន​សារជាថ្មីឲ្យបឹងកេតនៅជើងទីពីរ។ រូបថត CNCC
ដោយ: ថ្មីៗ
​ជំនួប​ដ៏​ទាក់ទាញ​នៅ​កីឡដ្ឋាន​អ អេស អិន បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៤-៤ ខណៈ​បឹងកេត​មាន​គ្នា​ត្រឹមតែ​១០​នាក់​តាំងពី​តង់ទីមួយ​។ ព្រះខ័ន​រាជ​ស្វាយរៀង ពង្រឹង​តំណែង​លើ​កំពូល​តារាង​ជាមួយនឹង​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ក្រោយ​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-០​។ ណាហ្គា​វើ​លដ៍ យកឈ្នះ​អាស៊ី​អឺរ៉ុប ៦-១ រីឯ​វិសាខា ស៊ី​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ ៣-២​។​



បឹងកេត​ដែលមាន​គ្នា​ត្រឹម​១០​នាក់ ក្រោយ ស្លេះ សេន បាន​កាត​លឿង​លើក​ទី​ពីរ​នៅ​ពាក់កណ្តាល​តង់​ទីមួយ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៤-៤ ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​កីឡដ្ឋាន​អ អេស អិន​។ នៅ​តង់​ទីមួយ Booysen Shane រកបាន​២​គ្រាប់​ឲ្យ​ភ្នំពេញ​ក្រោ​ន និង​ចាន់ វឌ្ឍនាកា រកបាន​២​គ្រាប់​ឲ្យ​បឹងកេត នា​ការ​បង្ហាញខ្លួន​សារជាថ្មី​របស់​ពួកគេ​។​

​ឈានដល់​តង់​ទី​ពីរ Dzarma Bata រកបាន​គ្រាប់​នាំមុខ​ឲ្យ​ភ្នំពេញ​ក្រោ​ន ប៉ុន្តែ Julius Oiboh វាយបក​បាន​២​គ្រាប់​ជា​បន្តបន្ទាប់​។ ម៉ៅ ពិសិដ្ឋ បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​តាម​ស្មើ ៤-៤ នៅ​នាទី​៧៥​។ ក្រុម​ទាំង​ពីរបាន​ចែករំលែក​គ្នា​ម្នាក់​មួយ​ពិន្ទុ ដោយមាន​អ្នកទស្សនា​ផ្ទាល់​ជាង​៣០០០​នាក់ និង​តាម Youtube ជាង​១​ម៉ឺន​នាក់​។​


​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ព្រះខ័ន​រាជ​ស្វាយរៀង រក្សា​ចំណាត់ថ្នាក់​យ៉ាងរឹងមាំ​លើ​កំពូល​តារាង ជាមួយនឹង​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ក្រោយ Befolo Mbarga Privat ស៊ុត​បាល់​បញ្ចូល​ទី​តែម្នាក់ឯង​២​គ្រាប់​លើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ណាហ្គា​វើ​លដ៍ រក្សា​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​ជ័យជម្នះ ៦-១ លើ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ដែល​បាត់បង់​សមាជិក​ម្នាក់​នៅ​តង់​ទី​ពីរ​។ Athuheire Kipson រកបាន​៤​គ្រាប់ និង Gurbani Amir រកបាន​២​គ្រាប់​សម្រាប់​ណាហ្គា រីឯ ពិន សា​រ៉ែ​ន ជួយ​ឲ្យ​អាស៊ី​អឺរ៉ុប មាន​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​។​

​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប វិសាខា បាន​យកឈ្នះ​ម្ចាស់ផ្ទះ សូល​ទី​ឡូ​អង្គរ ៣-២​។ សារី ម៉ាត់​ណូ​រ៉ូ​ទីន​, កែវ សុខ​ផេង និង Da Cruz Guardiano Eliel ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​វិសាខា ខណៈ លី អា​រី​ហ្វី​ន និង Yuta Kikuchi ជា​អ្នកសម្រេច​ផល​ឲ្យ​សូល​ទី​ឡូ​អង្គរ​៕



Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com