ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង និង​មិន​ងាយ​ឈឺ ចូរ​ឧស្សាហ៍​ធ្វើ​ភេសជ្ជៈ​ទាំងនេះ​ញ៉ាំ​
08, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការថែរក្សា​រាងកាយ​ពី​ជំងឺ​ឈឺ​ស្កាត់​គឺជា​រឿង​មួយ​កាន់តែ​ងាយស្រួល​បើសិនជា​អ្នក​ញ៉ាំ​អាហារ​ដែល​ផ្តល់​ផល​ល្អ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ មាន​បន្លែ និង​ផ្លែឈើ​ច្រើនណាស់​ដែល​ផ្ទុក​ទៅដោយ​ជីវជាតិ និង​សារធាតុ​មាន​ប្រយោជន៍​ក្នុង​ការជួយ​អ្នក​ប្រឆាំងនឹង​មេរោគ​ផ្សេងៗ​។



មាន​ភេសជ្ជៈ​ច្រើន​ទៀត​ដែល​អ្នកជំនាញ​និយាយថា អាចជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​ដូចជា​៖
 
​ទឹកក្រូច​ឆ្មា​
 
​ទឹក​ច្របាច់​ដែល​ថោក និង​ងាយស្រួល​ធ្វើ​ជាងគេ ហើយ​ល្អ​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​ទៀត​នោះ​គឺ​ទឹកក្រូច​ឆ្មារ​នេះឯង​។ ដោយសារតែ​ភេសជ្ជៈ​មួយ​នេះ​សម្បូរ​ទៅដោយ​វីតាមីន C ដូច្នេះ​វា​ពិតជា​ល្អ​ខ្លាំងណាស់​ក្នុងការ​ការពារ​ជំងឺ​។ ថ្វីបើ​វា​ជា​ប្រភេទ​ភេសជ្ជៈ​បែប​អា​សុ​ី​ត តែ​វា​អាច​ផ្តល់​ភាព​អាល​កា​ឡាំង​ដល់​រាងកាយ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​ល្អ​។ 
 
​ទឹក​ផ្លែ​ប៉ោម​
 
​តាម​ចាស់ៗ​និយាយថា ញ៉ាំ​ផ្លែ​ប៉ោម​មួយថ្ងៃ​មិនបាច់​មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​។ ដូច្នេះ​វា​ក៏​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ដែរ​នៅពេល​យើង​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​នោះ ព្រោះ​វា​ជួយ​ជំរុញ​ដល់​ភាពខ្លាំង​ក្លា​របស់​ប្រព័ន្ធ​ភាពស៊ាំ​បាន​មួយកម្រិត​ទៀត​ក្នុងការ​ប្រឆាំងនឹង​ជំងឺ​។ នៅពេល​អ្នកធ្វើ​ទឹក​ផ្លែ​ប៉ោម ចូរ​ប្រាកដថា អ្នក​បាន​ប្រើ​ទាំង​សម្បក​វា​ផងដែរ ព្រោះ​វា​មាន​អង់​ទី​អុកស៊ីដ​ង់​ខ្ពស់​។ 
 
​តែ​បៃតង​
 
​ការ​ញ៉ាំ​តែ​បៃតង​ជា​ទៀងទាត់​ប្រហែលជា​ជួយ​បង្កើតបាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​យ៉ាងខ្លាំង​ក្លា​។ នេះ​ដោយសារតែ តែ​បៃតង​សម្បូរ​សារធាតុ Epigallocatechin Gallate ឬ EGCG ដែលមាន​មុខងារ​ប្រឆាំងនឹង​មេរោគ​។ ការសិក្សា​បានបង្ហាញ​ថា សារធាតុ​មួយ​នេះ​ក៏​ជួយ​បំបាត់​ជំងឺមហារីក​ដែរ​។ 
 
​ទឹក​ផ្លែ​គី​វី​
 
​តើ​អ្នកមាន​ដឹង​ទេ​ថា ផ្លែ​គី​វី​មាន​វីតាមីន C ច្រើនជាង​ផ្លែក្រូច​ដែរ​ទេ​? ហេតុ​ដូច្នេះហើយ ទើប​ថា​ការ​ញ៉ាំ​ទឹក​ផ្លែ​គី​វី​ម្តង​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ធ្វើ​ឲ្យ​អ្នក​មិនសូវ​កើត​ជំងឺ​ឈឺ​ស្កាត់​ឡើយ​។ ផ្លែ​មួយ​នេះ​មាន​វីតាមីន A ដែល​ល្អ​ចំពោះ​ភ្នែក និង​វីតាមីន E ដែល​ល្អ​ចំពោះ​ស្បែក​។ 
 
​ទឹក​ប្រូ​ខូ​លី​
 
​បន្លែ​ពណ៌​បៃតង​មួយ​នេះ​ផ្ទុក​ទៅដោយ​សារធាតុ ស្ពាន់ធ័រ ដែល​អាចជួយ​បន្សាប​ជាតិពុល​បាន ដូច្នេះ វា​នឹង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​មួយកម្រិត​ទៀត​។ ដោយសារតែ​ទឹក​របស់​វា​មាន​ក្លិន​ឆួល​ខ្លាំង អ្នក​គួរតែ​កិន​វា​ញ៉ាំ​ជាមួយ​ផ្លែឈើ និង​បន្លែ​ផ្សេង​វិញ​ទៅ​ទើប​ស្រួល​ញ៉ាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com