វិធានការថ្មី៖ ឲ្យតែចាប់បានរថយន្ត ម៉ូតូ...ដែលប្រើក្នុងបទល្មើសព្រៃឈើ នឹងត្រូវកម្ទេចចោលនៅនឹងកន្លែង
ជាតិ
សង្គមជាតិ
វិធានការថ្មី៖ ឲ្យតែចាប់បានរថយន្ត ម៉ូតូ...ដែលប្រើក្នុងបទល្មើសព្រៃឈើ នឹងត្រូវកម្ទេចចោលនៅនឹងកន្លែង
08, Jul 2019 , 9:09 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសពីវិធានការថ្មីថា មធ្យោបាយផ្សេងៗ ដូចជា រថយន្ត គោយន្ត និងម៉ូតូ ជាដើម ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នឹងត្រូវបំផ្លាញចោលនៅនឹងកន្លែង។ វិធានការនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ។



បន្ថែមពីលើសេចក្តីប្រកាសព័ត៌មាន លោក អេង ហ៊ី ដែលជាអ្នកនាំពាក្យគណៈកម្មាធិការនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការធ្វើដូច្នេះ គឺដើម្បីព្រមានកុំឲ្យមានបទល្មើសព្រៃឈើតទៅទៀត។ លោក សង្កត់ធ្ងន់បែបនេះថា៖«កន្លងមក យើងអប់រំដែរ តែនៅតែមានដឹកឈើដដែល អ៊‌ីចឹង ពីថ្ងៃនេះទៅ យើងត្រូវចាត់វិធានការតឹងរឹង គឺថា ចាប់បាន​កម្ទេចចោលនៅកន្លែងតែម្តង»។

តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យ បានលើកឡើងថា កន្លងទៅ ទោះបី មានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព ដូច្នេះ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទើបតម្រូវឲ្យចេញវិធានការខាងលើនេះ។

លើសពីនេះ គណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមរយៈអ្នកនាំពាក្យដដែល ក៏បានព្រមានអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះបុគ្គលនិងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើផងដែរ។ 

ទន្ទឹមនេះ អ្នកនាំពាក្យ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ផ្លាស់ប្តូរផ្នត់គំនិតពីការប្រកបមុខរបរកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់ ទៅប្រកបមុខរបរស្របច្បាប់វិញ ដើម្បីរួមគ្នាការពារបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ៕ 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com