កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់ត្រា​! អាមេរិក​លើក​ពាន Word Cup ស្ត្រី​ជា​លើក​ទី​៤​ក្នុងចំណោម​៨​លើក​
08, Jul 2019 , 11:58 am        
រូបភាព
រូបភាព ពីវេបសាយ FIFA
រូបភាព ពីវេបសាយ FIFA
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស្ត្រី​អាមេរិក នៅតែ​អាច​ការពារ​តំណែង​ជើងឯក FIFA Women's World Cup របស់ខ្លួន​បានសម្រេច និង​ជាការ​លើក​ពាន​ទី​៤ ក្រោយ​ទទួល​ជ័យជម្នះ ២-០ លើ​ក្រុម​ហូ​ឡង់ នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នៅលើ​ទឹកដី​បារាំង​ឆ្នាំ​២០១៩​។ អង់គ្លេស​ទទួលបាន​ចំណាត់ថ្នាក់​ទី​៤​ក្នុង​ព្រឹត្តិការណ៍​នេះ បន្ទាប់ពី​ចាញ់​ស៊ុត​អែ​ត ២-១ ក្នុងការ​ប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​ទី​៣​។​


 
អត្ថបទទាក់ទង
 
​សហប្រធាន​ក្រុម Megan Rapinoe នៅតែ​អាច​រក​គ្រាប់​បាល់​បាន​ក្នុងចំណោម​ពីរ​គ្រាប់​របស់​អាមេរិក​នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​៧ ខែកក្កដា នា​កីឡដ្ឋាន Stade de Lyon ដែល​សម្រេចបាន​ដោយ​ការ​ស៊ុត​បាល់​ពី​ន័យ​១១​ម៉ែត្រ​នៅ​នាទី​៦១​។ គ្រាប់​ទី​២​ធ្វើបាន​ដោយ​ខ្សែបម្រើ Rose Lavelle នៅ​៨​នាទី​បន្ទាប់ ដែល​នាំ​ឲ្យ​អាមេរិក​ឈ្នះ​ហូ​ឡង់ ២-០​។ 


ប្រធានក្រុមអាមេរិក Megan Rapinoe 

​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ម្ចាស់​ការពារ​ជើងឯក​ចាស់​ឆ្នាំ​២០១៥ អាច​លើក​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​នារី​ជាថ្មី​ម្តងទៀត​ដែល​បារាំង​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០១៩​នេះ​។​
 
​អ្វីដែល​គួរ​ឲ្យ​អស្ចារ្យ​នោះ អាមេរិក​បាន​គ្រង​តំណែង​ជើងឯក World Cup ចំនួន​៤​លើក (១៩៩១, ១៩៩៩, ២០១៥ និង ២០១៩​នេះ​) ក្នុងចំណោម​ការរៀបចំ​ព្រឹត្តិការណ៍​ចំនួន​៨​លើក​គិត​ចាប់ពី​ឆ្នាំ​១៩៩១​មក​។ អាល្លឺម៉ង់​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ក្រោយ​លើក​ពាន​នេះ​ពីរដង (២០០៣ និង​២០០៧) ន័​រែស​មួយ​លើក (១៩៩៥) និង​ជប៉ុន​ឈ្នះ​ម្តង​ដែរ (២០១១)​។​


គ្រូអាមេរិកអ្នកស្រី Jill Ellis 

​សម្រាប់​ក្រុម​រហស្សនាម​ទឹក​ក្រូ​ហូ​ឡង់ ការទទួលបាន​ជើងឯក​រង ជា​លទ្ធផល​ល្អ​បំផុត​ហើយ​ដែល​ពួកគេ​ធ្វើបាន​នៅ​ឆ្នាំ​២០១៩​នេះ និង​ជា​លើកដំបូង​ដែល​ក្រុម​ស្ត្រី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup​។ ដោយឡែក​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​ស៊ុត​អែ​ត​ក្រោយ​យកឈ្នះ​អង់គ្លេស ២-១​។​
 
Rapinoe ដែល​ទាស់សម្តី​គ្នា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កន្លងមក បាន​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស (Golden Boot) នៃ​ព្រឹត្តិការណ៍​នេះ ជាមួយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​៦​គ្រាប់ ខណៈ​គ្រូ​ជម្រើសជាតិ​អាមេរិក​អ្នកស្រី Jill Ellis ក្លាយជា​គ្រូបង្វឹក​ដំបូង​គេ​ដែល​ដឹកនាំ​ក្រុម​ឈ្នះ​ពាន World Cup ពីរលើក​ជាប់​គ្នា​៕







Tag:
 World Cup Women
  អាមេរិក​
  Megan Rapinoe
© រក្សាសិទ្ធិដោយ thmeythmey.com