ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង ដាច់ចិត្តប្តឹងលោក សម រង្ស៊ី ដំបូងគេក្នុងជីវិត
08, Jul 2019 , 2:28 pm        
រូបភាព
លោក សម រង្ស៊ី និង សម្តេច ស ខេង ដើរចេញពីវិមានរដ្ឋសភា
លោក សម រង្ស៊ី និង សម្តេច ស ខេង ដើរចេញពីវិមានរដ្ឋសភា
សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការប្តឹងលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងនិរទេស។ សម្តេច លើកឡើងថា ស្ទើរពេញមួយជីវិតហើយ សម្តេច មិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ។



សម្តេចរដ្ឋមន្ត្រី បានសរសេរដូច្នេះថា៖«នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានសម្រេចប្ដឹងជាលក្ខណៈឯកជនចំពោះបុគ្គល សម រង្ស៊ី។ ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មានញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆតារបស់ខ្លួន»។

អត្ថបទទាក់ទង



កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ មេធាវីបីរូបរបស់ម្តេច ស ខេង បានធ្វើបណ្តឹងដាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក សម រង្ស៊ី ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែលោក សម រង្ស៊ី បានសរសេរសារលើទំព័រហ្វេសប៊ុកថា សម្តេច ស ខេង គាំទ្រលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលមានគម្រោងសងសឹកជូនឪពុក គឺលោក ហុក ឡុកឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលបានបាត់បង់ជីវិតដោយសារគេលួចដាក់គ្រាប់បែកបំផ្ទុះក្នុងឧទ្ធម្ភាគចក្រ នៅខេត្តស្វាយរៀង កាលពីឆ្នាំ២០០៨។ លោក សម រង្ស៊ី សរសេរទៀតថា សម្តេច ហ៊ុន សែន បានដឹងពីគម្រោងនេះ ហើយកំពុងរៀបចំផែនការដកសម្តេច ស ខេង ចេញពីតំណែង។

ក្នុងពាក្យបណ្តឹងនោះ ក្រុមមេធាវី ចាត់ទុកការចោទប្រកាន់របស់លោក សម រង្ស៊ី ថាជាការប្រឌិតព័ត៌មានទម្លាក់កំហុស និងជាការមួលបង្កាច់ ដើម្បីឲ្យថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មានការសង្ស័យគ្នា និងបែកបាក់សាមគ្គី។

ក្រុមមេធាវី ស្នើឲ្យតុលាការផ្តន្ទាទោសឲ្យធ្ងន់ធ្ងរលើលោក សម រង្ស៊ី និងសុំទារសំណងជំងឺចិត្ដដល់ទៅ១លានដុល្លារ ឲ្យទៅសម្តេច ស ខេង ជាដើមបណ្តឹង។

តាមរយៈសំណេរលើបណ្តាញសង្គម សម្តេច ស ខេង បញ្ជាក់ថា ការដាក់ពាក្យប្តឹងនេះ គឺដើម្បីទាមទារយុត្តិធម៌សម្រាប់សម្តេចផ្ទាល់ និងសម្រាប់អ្នករងគ្រោះទាំងអស់ ដែលត្រូវបានលោក សម រង្ស៊ី ចោទប្រកាន់។

ភ្ជាប់ជាមួយសារដែលបញ្ជាក់ពីមូលហេតុនៃដាក់ពាក្យប្តឹងនេះ  អនុប្រធានគណបក្សកាន់អំណាច បានអំពាវនាវដល់អ្នកនយោបាយខ្មែរ ឲ្យប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ ក្នុងសកម្មភាពរបស់ខ្លួន ដោយចៀសវាងការប្រព្រឹត្តអំពើដែលនាំឲ្យមានការបែកបាក់សង្គម៕ 

Tag:
 ស ខេង
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com