ត្រាំ​សាទរ​ក្រុមបាល់ទាត់​នារី​ដែល​ឈ្នះ World Cup ទោះ​លោក​មិនត្រូវ​គ្នា​ជាមួយ​ប្រធាន​ក្រុម​
កីឡាអន្តរជាតិ
អន្តរជាតិ
ត្រាំ​សាទរ​ក្រុមបាល់ទាត់​នារី​ដែល​ឈ្នះ World Cup ទោះ​លោក​មិនត្រូវ​គ្នា​ជាមួយ​ប្រធាន​ក្រុម​
08, Jul 2019 , 3:25 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​អបអរសាទរ​ដល់​ក្រុម​ជម្រើស​ជាតិស្ត្រី​អាមេរិក​ដែល​រក្សា​តំណែង​ជើងឯក FIFA World Cup ឆ្នាំ​២០១៩ និង​ជា​ពាន​ទី​៤​ជា​កំណត់ត្រា ក្រោយ​ជ័យជម្នះ ២-០ លើ​ហូ​ឡង់ បើ​ទោះ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​សហប្រធាន​ក្រុម Megan Rapinoe ក្តី​។​


 
Megan Rapinoe ដែល​រក​គ្រាប់​បាល់​មួយ​គ្រាប់​ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រុង Lyon ប្រទេស​បារាំង និង​ជា​ម្ចាស់​ស្បែកជើង​មាស (Golden Boots) ក្នុង​ព្រឹត្តិការណ៍​នេះ ធ្លាប់​និយាយ​កាលពី​កន្លងមក​ថា នាង​នឹងមិន​ទៅជា​ន់​សេត​វិមាន​នោះទេ​ប្រសិនបើ​អាមេរិក​ឈ្នះ​ពាន World Cup ស្ត្រី លើក​ទី​៨​នេះ​។​
 
​សម្តី​របស់ Rapinoe បែបនេះ​បានធ្វើ​ឲ្យ​លោក​ត្រាំ​ក្តៅស្លឹកត្រចៀក និង​ឆ្លើយតប​វិញ​តាមរយៈ​បណ្តាញ​សង្គម Twitter ដោយ​ប្រាប់​ទៅ​កីឡាការិនី​រូបនេះ​ថា​ឲ្យ​ចេះ​គោរព «​ប្រទេសជាតិ​ផង​» និង​បន្ថែមថា «​ចាំ​ឈ្នះ​ពាន​ជាមុនសិន​ទៅ សឹម​និយាយ​បែបនេះ​»​។ យ៉ាងណាក៏ដោយ ទោះ​លោក​ត្រាំ​បាន​ប៉ះ​សម្តី​គ្នា​ជាមួយ​សហប្រធាន​ក្រុម​វ័យ​៣៤​ឆ្នាំនេះ​ក៏ដោយ ក៏​លោក​នៅតែ​ផ្ញើ​សារ​តាម Twitter ផ្ទាល់​ដើម្បី​អបអរ​ជ័យជម្នះ​របស់​ក្រុម​អា​មេ​រក​នេះដែរ​។​
 
 
«​សូម​អបអរសាទរ​ដល់​ក្រុមកីឡា​បាល់ទាត់​ស្ត្រី​អាមេរិក​ដែល​ឈ្នះ​ការប្រកួត​បាល់ទាត់​ពិភពលោក​! ពួកគេ​បង្ហាញខ្លួន​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​រំភើប​។ អាមេរិក​មាន​មោទកភាព​ចំពោះ​អ្នក​ទាំងអស់គ្នា​!»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មុន​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ត្រាំ​ក៏បាន​ជូនពរ​ក្រុម​ស្ត្រី​អាមេរិក​ដោយ​សង្ឃឹមថា​ពួកគេ​នឹងធ្វើ​បានល្អ ហើយ​អាច​ឈ្នះ​ពា​នេះ​បាន បើ​ទោះ​លោក​មិនបាន​ទស្សនាការ​ប្រកួត​នេះ​ក៏ដោយ​។​
 
​ក្រៅពី​ត្រាំ និង​ភរិយា​របស់លោក​អ្នកស្រី មេ​ឡា​នី​ត្រាំ ក៏មាន​ជន​ល្បីៗ​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​ក្រុម​ស្ត្រី​អាមេរិក​នេះដែរ ក្នុងនោះ​រួមមាន​អតីត​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា រួមទាំង​ភរិយា​របស់លោក​មី​ឈី​លី​អូ​បា​ម៉ា​។ លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​អ្នកស្រី Hillary Clinton អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក៏បាន​ចូលរួម​សារ​ទរ​ជ័យជម្នះ​នេះដែរ​៕

Tag:
 World Cup Women
  Megan Rapinoe
© រក្សាសិទ្ធិដោយ thmeythmey.com