ឧស្សាហកម្ម​យានយន្ត​៖ អាល្លឺម៉ង់ បារាំង និង​ប៉ូឡូញ ផ្តល់​ការងារ​ច្រើនជាងគេ​នៅ​អឺរ៉ុប​
រថយន្ត
សេដ្ឋកិច្ច
អន្តរជាតិ
ឧស្សាហកម្ម​យានយន្ត​៖ អាល្លឺម៉ង់ បារាំង និង​ប៉ូឡូញ ផ្តល់​ការងារ​ច្រើនជាងគេ​នៅ​អឺរ៉ុប​
08, Jul 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
សមាគម​ក្រុមហ៊ុន​ផលិត​យានយន្ត​អឺរ៉ុប (ACEA) បានបង្ហាញ​តួលេខ​ឲ្យ​ឃើញថា ឧស្សាហកម្ម​យានយន្ត បានផ្តល់​ការងារ​ដល់​ទៅ ១៣.៨​លាន​កន្លែង​នៅ​អឺរ៉ុប​។ យោងតាម​ការផ្សាយ​រប​ស់ motor1.com ទិន្នន័យ​ទាំងនេះ ត្រូវ​រកឃើញ​កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​នៅតែ​ជា​បច្ចុប្បន្នភាព សម្រាប់​វិស័យ​យានយន្ត​នៅ​តំបន់​ធឺ​រ៉ុ​ប​ទាំងមូល​។​


 
​អត្រា​អ្នកមាន​ការងារ​ធ្វើ​ដោយសារ​វិស័យ​យានយន្ត​ដែលមាន​ជិត​១៤​លាន​នាក់​នោះ គឺ​ស្មើនឹង​៦​ភាគរយ​នៃ​ទីផ្សារការងារ​ប្រចាំ​ទ្វីបអឺរ៉ុប​ទាំងមូល​។ បើតាម ACEA តួលេខ​នេះ មាន​ចំនួន​កើនឡើង​ជាង​១០​ភាគរយ​ផងដែរ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៣​។​
 
​ក្នុងចំណោម​ការងារ​ស​រុ​ប​១៣.៨​លាន​កន្លែង មាន ៣.៤៩​លាន ធ្វើការ​ផ្នែក​ជំនាញ​ផ្ទាល់ ពោលគឺ​មាន​ជាង​១១​ភាគរយ​។ អ្នកជំនាញ​ទាំងនេះ ទទួលបន្ទុក​លើ​ការផលិត​រថយន្ត​ប្រមាណ​១៩.២​លាន​គ្រឿង​កាលពី​ឆ្នាំមុន ដោយមាន​រោងចក្រ​ប្រមាណ​២២៩​កន្លែង​ដែល​ស្ថិតនៅក្នុង​សហភាព​អឺរ៉ុប​។​
​អាល្លឺម៉ង់​ជា​ប្រទេស​ដែល​ផ្តល់​ការងារ​ច្រើនជាងគេ​ក្នុង​វិស័យ​យានយន្ត ដោយមាន​ប្រមាណ​៨៧០ ០០០​កន្លែង បារាំង​ឈរ​លំដាប់​លេខ​២ មាន​២២៣ ០០០​កន្លែង ខណៈ​ប៉ូឡូញ ស្ថិតនៅ​លំដាប់​លេខ​៣ ដោយមាន ២០៣ ០០០​កន្លែង​។​
 
​របាយការណ៍ ACEA  ក៏បាន​បង្ហាញ​ផងដែរ​ថា អង់គ្លេស (១៨៦ ០០០​កន្លែង​) និង រូ​ម៉ា​នី (១៨៥ ០០០​កន្លែង​) ស្ថិតក្នុង​ចំណោម​រដ្ឋ​ចំនួន​១៩​នៅ​សហភាព​អឺរ៉ុប ដែលមាន​សក្តានុពល​ខ្ពស់​ក្នុង​ឧ​ស្សហកម្ម​យានយន្ត តាមរយៈ​ការផលិត​រថយន្ត​ធុន​ធំ ធុន​តូច និង​ម៉ូ​ទ័​រ​គ្រប់​ប្រភេទ​។​
 
motor1.com បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​រថយន្ត​ប្រមាណ​៣០៨​លាន​គ្រឿង​កំពុង​ចរាចរ​នៅលើ​ផ្លូវ​ក្នុង​សហគមន៍​អឺរ៉ុប ដោយមាន​ចំនួន​កើនឡើង​៤៦​លាន​គ្រឿង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០០៥៕
 

© រក្សាសិទ្ធិដោយ thmeythmey.com