អន្តរជាតិ
ទី​ម័​រ​ខាងកើត បាន​ភ្លើង​បៃតងពី​រដ្ឋ​​អាស៊ាន៨​ ដើម្បីក្លាយជា​សមាជិក​ទី​១១
08, Jul 2019 , 9:19 pm        
រូបភាព
រូបភាព Infofoto
រូបភាព Infofoto
ដោយ:
​រដ្ឋាភិបាល​ក្រុង​ឌី​លី បាន​អះអាងថា ខ្លួន​ទទួលបាន​ការផ្តល់​ទំនុកចិត្ត និង​ការធានា​អះអាង​ពី​រដ្ឋាភិបាល​បាន​ដា​ស៊េរី​បេ​ហ្គា​វ៉ាន់ ក្នុងការ​ក្លាយជា​សមាជិក​ផ្លូវការ​របស់​អាស៊ាន​។ ក្រុង​ឌី​លី ហ៊ាន​លើកឡើង​ជាមួយនឹង​ការជឿជាក់​ខ្ពស់​ថា មិនយូរ​ទៀត​នោះទេ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នឹង​ព្រម​ទទួលយក​ខ្លួន​ជា​សមាជិក​ពេញសិទ្ធិ​ហើយ​។​

 
​រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ខាងកើត លោក Dionisio Babo Soares នៅ​ថ្ងៃ​៤ កក្កដា​កន្លងទៅ បានបញ្ជាក់​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន The Scoop ថា លោក បានទទួល​ការអះអាង​ដោយផ្ទាល់​តែម្តង​ពី​ប្រមុខរដ្ឋ​ព្រុយ​ណេ គឺ​ព្រះមហាក្សត្រ Sultan ក្នុងការ​គាំទ្រ​ទី​ម័​រ​ខាងកើត​ចូល​ជា​សមាជិក​របស់​អាស៊ាន​។ 
 
​តាមរយៈ​ការគាំទ្រ​មួយ​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ផ្ញើ​សារ​ដោយ​ប្រយោល​ទៅកាន់​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន ដែល​សេសសល់ ពោលគឺ​រដ្ឋ​ដែល​នៅមាន​ការស្ទាក់ស្ទើរ​ក្នុងការ​ទទួលយក​ទី​ម័​រ​ខាង​កើតជា​ក្រុមគ្រួសារ​តែមួយ ឲ្យ​ពិចារណា​ឡើងវិញ​។​
 
​តាម​ការអះអាង​របស់​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន លោក​កំពុងតែ​បំពេញបេសកកម្ម​មួយ​គឺ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​បកស្រាយ ក៏ដូចជា​ស្វែងយល់​ចិត្ត​ពី​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​ដប់ ថា​តើ​ពួកគេ មាន​ឆន្ទៈ​ក្នុងការ​ទទួលយក​ទី​ម័​រ​ខាងកើត ជា​ផ្នែក​មួយ​នៃ​ក្រុមគ្រួសារ ឬ​យ៉ាងណា​។ 
 
​សម្រាប់​លោក​រដ្ឋមន្ត្រី ក្នុង​ដំណើរ​ទស្សនកិច្ច និង​បេសកកម្ម​ទៅកាន់​បណ្តា​ប្រទេស​ចំនួន​៨ របស់​អាស៊ាន​កន្លងមក​នេះ លោក ទទួលបាន​សញ្ញា​វិជ្ជមាន​ច្រើន ដែល​លោក អាច​ហ៊ាន​អះអាងថា គឺ​មិនយូរ​នោះទេ ទី​ម័​រ​ខាងកើត នឹង​ក្លាយជា​សមាជិក​អាស៊ាន​ជា​ផ្លូវការ​ហើយ​។ ប្រទេស​២​ទៀត ដែល​ទី​ម័​រ​ខាងកើត ត្រូវបំពេញ​បេសកកម្ម​ការទូត​នោះ​គឺ ហ្វីលីពីន និង​សិង្ហ​បុរី​។ 
​គួរ​ជម្រាប​បន្តិច​ថា ទី​ម័​រ​ខាងកើត ដែលជា​រដ្ឋ​ក្មេងខ្ចី​ជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បានដាក់​សំណើ​ផ្លូវ​ការសុំ​ជា​សមាជិក​អាស៊ាន​តាំងពី​ឆ្នាំ​២០១១​មក​។ រយៈពេល​ប្រាំបី​ឆ្នាំ​មកនេះ ទី​ម័​រ​ខាងកើត ស្ថិតក្រោម​ការតាមដាន និង​វាយតម្លៃ​ពី​ក្រុមបច្ចេកទេស​របស់​អាស៊ាន ដើម្បី​ពិនិត្យមើល​លទ្ធភាព​ដោយ​ឈរលើ​សសរស្តម្ភ​បី សន្តិសុខ​-​នយោបាយ​, សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​។​
 
​ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន ទី​ម័​រ​ខាងកើត ត្រូវតែ​ទទួលបាន​ការគាំទ្រ​ជា​ឯកច្ឆន្ទ​ពី​រដ្ឋ​អាស៊ាន​តាមរយៈ​កិច្ចប្រជុំ​កំពូល​ជាមុនសិន​។ កន្លងមក​សិង្ហ​បុរី ដែលជា​រដ្ឋ​លេចធ្លោ​ជាងគេ​ក្នុង​តំបន់ បាន​បដិសេធ​ទទួលយក​ទី​ម័​រ​ខាងកើត ដោយ​លើកឡើងថា ទី​ម័​រ​ខាងកើត មិនទាន់មាន​សេដ្ឋកិច្ច​រឹងមាំ ខណៈ​សន្តិសុខ​-​នយោបាយ នៅ​មិនទាន់​ធានាបាន​នោះ​៕ 
 

Tag:
 ទី​ម័​រ​ខាងកើត​
  ព្រុយ​ណេ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com