អន្តរជាតិ
អាហ្វ្រិក ដាក់​ដំណើរការ​តំបន់​ពាណិជ្ជកម្ម​សេរី​ដែល​ធំជាងគេ​លើ​ពិភពលោក​
08, Jul 2019 , 4:20 pm        
រូបភាព
អាហ្វ្រិក ដាក់ដំណើរការតំបន់ពាណិជ្ជកម្មសេរីដែលធំជាងគេលើពិភពលោក។ រូបភាព AFP
អាហ្វ្រិក ដាក់ដំណើរការតំបន់ពាណិជ្ជកម្មសេរីដែលធំជាងគេលើពិភពលោក។ រូបភាព AFP
​ប្រទេស​នៅ​តំបន់​អាហ្វ្រិក នៅ​ថ្ងៃទី​៧ ខែកក្កដា បាន​ចាប់ដំណើរការ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ទ្វីបអាហ្វ្រិក ដែល​នឹង​បង្កើតជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំជាងគេ​លើ​ពិភពលោក​។ ក្រោយ​ការចរចា​អស់​ជាច្រើន​ឆ្នាំ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ ជា​ជំហាន​ប្រវត្តិសាស្ត្រ​សម្រាប់​អាហ្វ្រិក​ដែល​សម្បូរ​ធនធាន តែ​ក្រីក្រ​ក្នុង​គោលដៅ​បង្កើត​សន្តិភាព និង​វិបុលភាព​នៅ​ទ្វីប​មួយ​នេះ​។ ប៉ុន្តែ​ភាពអន់ថយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​អំពើហិង្សា ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ប្រទេស​អាហ្វ្រិក​។​

 
១៧​ឆ្នាំក្រោយ​ការចរចា​យ៉ាង​តឹងតែង​លើផ្លូវ​រដាក់រដុប​មក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​អាហ្វ្រិក បានដាក់​ឲ្យ​ដំណើរការ​ហើយ​។ មេដឹកនាំ​អាហ្វ្រិក​រំពឹងថា កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ធំជាងគេ​របស់​ពិភពលោក ព្រោះ​ប្រទេស​នៅ​អាហ្វ្រិក​ចំនួន​៥៤ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។ នី​ហ្សេ​រី​យ៉ា និង​បេ​ណាំង ជា​ប្រទេស​ពីរ​ដែល​ចូល​ជាស​មា​ជិ​ក្រោយ​គេ ខណៈ​អេ​រី​ត្រេ​មិន​ចូលរួម​នឹង​គេ​ឡើយ​។​
 
​នា​កិច្ចប្រជុំ​កំពូល​អាហ្វ្រិក​នៅ​ថ្ងៃទី​៧ ខែកក្ដា នៅ​នី​ហ្សេ ប្រធាន​គណៈកម្មការ​អា​ហ្វ្រិ​ក Moussa Faki បានប្រកាស​ចាប់ផ្ដើម​ដំណាក់កាល​ប្រតិបត្តិការ​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វីបអាហ្វ្រិក (AfCFTA) ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Faki ចាត់ទុក​ព្រឹត្តិការណ៍​នេះ ជា​រឿង​ប្រវត្តិសាស្ត្រ​សម្រាប់​អា​ហ្វិ​ក ព្រោះ​សុបិន​ចាស់ បានក្លាយ​ជាការ​ពិត ហើយ​ទ្វីបអាហ្វ្រិក​នឹងមាន​តំបន់​ពាណិជ្ជកម្ម​សេរី​ធំជាងគេ​លើ​ពិភពលោក​ទៀតផង​។ 
 
​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វីបអាហ្វ្រិក​ដែល​លេច​ជា​រូប​តាំងពី​ខែមីនា​មក​នោះ នឹង​ច្របាច់​បញ្ចូល​ប្រជាជន​១,៣​ពាន់​លាន​នាក់ បង្កើត​ទៅជា​ប្លុក​សេដ្ឋកិច្ច​ដែលមាន​ទំហំ​៣,៤​ពាន់​លាន​ដុល្លារ ហើយ​កាន់តែ​សំខាន់​នោះ គឺ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ទ្វីប​មួយ​នេះ​ផងដែរ​តាមរយៈ​ការដោះដូរ​រវាង​ប្រទេស​៥៤ និង​ការបង្កើត​សង្វាក់​ផលិតកម្ម​ប្រទាក់ក្រឡា​ផង​ទៀតផង​។ ប៉ុន្តែ​បញ្ហា​ប្រឈម​ជាច្រើន អាចធ្វើ​ឲ្យ​មហិច្ឆតា​របស់​អាហ្វ្រិក​រាំ​ង​ស្ទះ​។​
 
​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ជា​រឿង​ធំ​ដែល​ត្រូវ​ដោះស្រាយ​។ កម្សោយ​នៃ​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង ពិតជា​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​ក្នុង​ទ្វីប​ដ៏​ធំ​មួយ​នេះ​ជួប​បញ្ហាលំបាក​។ លើសពីនោះ អំពើហិង្សា​ដែល​អុកឡុក​ប្រទេស​ជាច្រើន ការត្រួតពិនិត្យ​ការឆ្លង​ដែន​ដ៏​តឹងរ៉ឹង និង​អំពើពុករលួយ​ដែល​ស្ទើរ​ក្លាយជា​ប្រពៃណី​របស់​អាហ្វ្រិក​ទៅហើយនោះ សុទ្ធតែជា​ឧបសគ្គ​ដល់​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​នេះ​។​
 
​សន្តិសុខ ដែលជា​បញ្ហាសំខាន់​ត្រូវ​ដោះស្រាយ ក៏​ជា​ប្រធានបទ​នៃ​ជំនួប​មេដឹកនាំ​អាហ្វ្រិក​នៅ​រដ្ឋធានី​នីញ៉ា​ម៉េ​ផងដែរ​។ មេដឹកនាំ​អាហ្វ្រិក​បាន​ផ្ដោត​សំខាន់​លើ​ជម្លោះ​ប្រដាប់អាវុធ​នៅ​តំបន់ Sahel ដែល​រង​ការអុកឡុក​ដោយ​ក្រុម​ជ្រុលនិយម​ជាច្រើន​។ ប្រទេស​ចំនួន​ប្រាំ​មកពី​តំបន់ Sahel មាន ឆាដ ម៉ាលី បួ​គី​ណា​ហ្វា​សូ ម៉ូ​រីតា​នី និង​នី​ហ្សេ បានស្នើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ជួយ​ជំរុញ​យន្តការ​អង្គការសហប្រជាជាតិ​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ភេរវកម្ម​៕

Tag:
 អាហ្វ្រិក​
  AfCFTA
© រក្សាសិទ្ធិដោយ thmeythmey.com