អន្តរជាតិ
វៀតណាម ព្រមទទួលយកអនុសាសន៍២៤១ចំណុចរបស់ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រូបភាព VNA
× រដ្ឋាភិបាលក្រុងហាណូយ បានទទួលយកអនុសាសន៍ ២៤១ចំណុចផ្តល់ដោយក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើម្បីធានាពីភាពល្អប្រសើរនៃសិទ្ធិមនុស្សរបស់ប្រទេស ខណៈបដិសេធអនុសាសន៍មួយចំនួន ដែលជាបញ្ហារស៊ើប ដោយអះអាងថា បញ្ហាទាំងនោះជាប់ពាក់ព័ន្ធនឹងគោលនយោបាយគ្រឹះដើម្បីធានាពីសុវត្ថិភាពប្រទេស។
នាឱកាសនៃការពិនិត្យឡើងវិញលើស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសក្នុងដំណាក់កាលទី៣នៅក្រុងហ្សឺណែវ ថ្ងៃទី៤ ខែកក្កដា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Lê Hoài Trung បានឲ្យដឹងថា វៀតណាមព្រមទទួលយកអនុសាសន៍ ២៤១ ចំណុច នៃអនុសាសន៍សរុប២៩១ ដែលស្មើនឹង៨៣ភាគរយ របស់សមាជិកអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Vietnam News។
លោកអនុរដ្ឋមន្ត្រី បានអះអាងថា អនុសាសន៍ដែលវៀតណាមព្រមទទួលនោះ គ្របដណ្តប់លើបញ្ហាពាក់ព័ន្ធការការពារសិទ្ធិមនុស្ស ដូចជាតាមប្រព័ន្ធច្បាប់, ការការពារសិទ្ធិស៊ីវិល, សិទ្ធិនយោបាយ, សិទ្ធិសង្គម-សេដ្ឋកិច្ច និងសិទ្ធិវប្បធម៌, សិទ្ធិអន្តោប្រវេសន៍, បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្តភាពជាដើម។ នេះបើយោងតាមប្រភពព័ត៌មានដដែលនោះ។
ជាមួយនឹងការលើកឡើងខាងលើ មន្ត្រីការទូតជាន់ខ្ពស់វៀតណាមរូបនេះ ក៏បានបញ្ជាក់ពីមូលហេតុដែលវៀតណាម មិនព្រមទទួលយកអនុសាសន៍ទាំងអស់របស់អង្គការសហប្រជាជាតិ ដោយលោក គូសបញ្ជាក់ថា អនុសាសន៍ទាំងនោះ មិនស័ក្តិសមនឹងគោលនយោបាយ ច្បាប់ និងលក្ខខណ្ឌរបស់វៀតណាម។
បើតាមគេហទំព័ររបស់សហព័ទ្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស អនុសាសន៍ដែលវៀតណាមមិនព្រមទទួលនោះ រាប់បញ្ចូលទាំងការធានាឲ្យបានសិទ្ធិបញ្ចេញមតិ, សិទ្ធិជំនឿ និងសាសនា និងជាពិសេសនោះលុបចោលការកាត់ទោសប្រហារជាតិ និងការបង្ខាំង និងការធ្វើទារុណកម្មជាដើម។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ការព្រមទទួលយកអនុសាសន៍ស្តីពីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម ធ្វើឡើងស្របពេល រដ្ឋកុម្មុយនីស្តមួយនេះ កំពុងតែធ្វើសមាហរណកម្មខ្លួនទៅកាន់អន្តរជាតិ ជាពិសេសលើទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីជាផ្នែកមួយបង្ហាញពីភាពល្អប្រសើររបស់វៀតណាមទៅកាន់ដៃគូផ្សេងៗ៕
Tag:
វៀតណាម
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com