ចាន់ សំអាត ៖«​ខុន ស៊ី​ចាន់ ជា​អ្នកមានគុណ​ជួយ​ខ្ញុំ​ប្រឡូក​ក្នុង​គុន​ខ្មែរ​និង​គុន​ចម្រុះ​រហូត​ល្បីឈ្មោះ​»
ONE Championship
កីឡាជាតិ
ជាតិ
ចាន់ សំអាត ៖«​ខុន ស៊ី​ចាន់ ជា​អ្នកមានគុណ​ជួយ​ខ្ញុំ​ប្រឡូក​ក្នុង​គុន​ខ្មែរ​និង​គុន​ចម្រុះ​រហូត​ល្បីឈ្មោះ​»
08, Jul 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាករ​គុន​ចម្រុះ ចាន់ សំអាត មិនដែល​បំភ្លេច​រៀមច្បង ខុន ស៊ី​ចាន់ ដែល​នាំ​ឲ្យ​រូបគេ​មានឈ្មោះ​បោះ​សំឡេង​រហូតដល់​បច្ចុប្បន្ន​នេះឡើយ​។ ខុន ស៊ី​ចាន់ ជា​មនុស្ស​ម្នាក់​ដំបូង​គេ​ដែល​មើលឃើញ​ពី​ទេពកោសល្យ​របស់ សំអាត នៅ​ឆ្នាំ ២០០៨ ពេល​មាន​កម្មវិធី​ប្រកួត​ប្រដាល់​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​វត្ត «​ផ្លាត​» ខេត្តឧត្ដរមានជ័យ​។​

 
​ចាន់ សំអាត រៀបរាប់​ដូច្នេះ ៖«​ដំបូង​ឡើយ​ខ្ញុំ​ជា​អ្នករៀន​សូត្រ ខ្ញុំ​អត់​បាន​គិតគូរ​ប្រដាល់​ទេ​ប៉ុន្តែ កាល​នៅ​តូច​ធ្លាប់​ហាត់​វ៉ៃ​លេង​ជាមួយ​ក្មេងៗ​ដូចគ្នា​។ ពេល​អស់អ្នក​ទំនុកបម្រុង​ក្រោយ​ឳ​ពុក​ខ្ញុំ​ខូច ខ្ញុំ​ក៏​បាក់​ទឹកចិត្ត​ក្លាយជា​ក្មេង​ដើរលេង ក្មេងស្ទាវ និង ឈប់រៀន​ត្រឹម​ថ្នាក់​ទី ៧ ប៉ុណ្ណោះ​។ ខ្ញុំ​និយាយ​ត្រង់​បង ខ្ញុំ​ជា​ក្មេង​ដើរលេង​ច្រើន គឺ​ស្ទាវ​។ គ្រាមួយ​នោះ​បុណ្យចូលឆ្នាំ ២០០៨​។

គេ​ប្រកា​សរក​អ្នក​ប្រកួត តែ​រេញ​នៅជាប់​ដី​មិន​ខ្ពស់​ទេ ...​ខ្ញុំ​ក៏​ឡើង​ប្រកួត​ហើយ​ឈ្នះ​គេ​។ ពេលនោះ​បង​ខុន ស៊ី​ចាន់ ក៏បាន​ណែនាំ​ទៅ​ហាត់​ប្រដាល់​ទៅ​»​។ តាំងពី​ពេលនោះ​មក សំអាត ក៏បាន​ដើរ​តាម​គន្លង ខុន ស៊ី​ចាន់ ទៅ​ហាត់​ជាមួយ​លោក គ្រូ ឡោ វុទ្ធី នៅ​ក្លិប កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ តាម​ការត្រួសត្រាយ​ផ្លូវ​។ មិន​ត្រឹមតែ​ជួយ​មិន​គិត​គុន​ស្រ័យ ខុន ស៊ី​ចាន់ ក៏បាន​សណ្ដោង សំអាត មក​ឡើង​វ៉ៃ​នៅ​ភ្នំពេញ​ជារឿយៗ​ហើយ​តម្លៃ​ខ្លួន​សម្រាប់​កីឡាករ​ថ្មីៗ​ដំបូង​បាន​ចន្លោះ​ពី ៨ ទៅ ១០ ម៉ឺន​ប៉ុណ្ណោះ​។ ទោះ​ធ្វើ​សោហ៊ុយ​មិន​គ្រប់គ្រាន់ ប៉ុន្តែ សិស្ស​ច្បង​មកពី​ស្រុក​អន្លង់វែង​ដូចគ្នា​មិន​ត្រឹមតែ​ជួយ​យកអាសា​ទេ​ថែមទាំង​ជួយ​ទាំង​លុយកាក់ ឬ ទិញ​ម្ហូប​ញុំ​ា​ទៀតផង​។ 


 
​កីឡាករ​គុន​ចម្រុះ​វ័យ ២៦ ឆ្នាំ​រូបនេះ​ពិពណ៌នា​ថា ខុន ស៊ី​ចាន់ ដែលមាន​វ័យ ៣១ ឆ្នាំ​បច្ចុប្បន្ននេះ​ជា​មនុស្ស​ដំបូង​ណែនាំ​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​ប្រដាល់​។ គេ​ចាំបាន​ពេលនោះ ខុន ស៊ី​ចាន់ និយាយ​មកកាន់​ខ្លួន​ថា ៖«​អើ ! សំអាត មិនទាន់​ចេះ​ក្បាច់ តែ​មើលទៅ​វ៉ៃ​ស៊ូ​គ្រាន់បើ ហើយ​បើ​បាន​ហាត់​ទៀត​បែប​ល្អ​»​។ 
 
​មួយទៀត ចាន់ សំអាត រំលឹក​រឿង​ស្រក់​ទឹកភ្នែក​មិន​ភ្លេច​អនុស្សាវរីយ៍​កន្លង​ទៅជា​មួយ ស៊ី​ចាន់​៖«​ខ្ញុំ​មិន​ច្បាស់​ឆ្នាំ តែមាន​ថ្ងៃមួយ​នោះ ខ្ញុំ​បាន​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​ពេល​រសៀល​។ ដល់ពេល​ត្រូវ​ទៅ​ប្រកួត​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ផង​។ ខ្ញុំ​វ៉ៃ​ចាញ់​ព្រោះ​វា​អស់​ស៊ុ​ហ្វ​រលីង​។ បង ខុន ស៊ី​ចាន់ ស្ដី​ឲ្យ​ខ្ញុំ​ថា វ៉ៃ​ដូច​គ្មាន​ចិត្ត​ស៊ូ​សោះ​។ ខ្ញុំ​តូចចិត្ត​ពេល​ចុះ​លើ​រេញ ហើយ​ពេល​គាត់​ឌុប​ម៉ូតូ ខ្ញុំ​ក៏​ស្រក់​ទឹកភ្នែក​បណ្ដើរ​ពេល​កំពុង​ជិះ​ពីក្រោយ​គាត់​។ នេះ​រឿង​ខ្ញុំ​តូចចិត្ត​មែនទែន ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​ជាមួយ​គាត់​»​។​
 
​ប៉ុន្តែ​យ៉ាងណាក្ដី អ្នក​ប្រដាល់​មកពី​ស្រុក​អន្លង់វែង​គូសបញ្ជាក់ថា​សិស្ស​ច្បង ខុន ស៊ី​ចាន់ ត្រូវ​ចាត់ទុក​ដូចជា​បងប្រុស​អីចឹង​ហើយក៏​គ្មាន​ការខឹង​អ្វី​ដែរ ព្រោះ​អ្វីៗ​ដែល ស៊ី​ចាន់ បាន​ប្រាប់​គឺ​ចង់​ឲ្យ​ខ្លួន​ល្អ​ក្នុង​វិស័យ​កីឡាប្រដាល់​តែប៉ុណ្ណោះ​។  សំអាត តែងតែ​ចងចាំ​រាល់​អំពី​ល្អ​របស់​ជួយ​ខ្លួន ដូច ខុន ស៊ី​ចាន់​, គ្រូបង្វឹក ឡោ វុទ្ធី​, សព​លោកគ្រូ​ម៉ា សេរី និង ភរិយា​, គ្រូ​ហ៊ុន ច័ន្ទ​រាជ្យ​, មិត្ត​រួម​ក្រុម និង អ្នក​ជួយ​ជ្រោមជ្រែង​ជាច្រើន​ទៀត​។​
 
​គួរ​ដឹងថា ចាន់ សំអាត ចាប់ផ្ដើម​ប្រឡូក​លើស​ង្វៀន​ប្រដាល់​ដំបូង​នៅ​ឆ្នាំ ២០០៨ បន្ទាប់ពី​មានការ​បង្ហាញផ្លូវ​រប​ស់​កីឡាករ ខុន ស៊ី​ចាន់ និង នាំ​ឲ្យ​ទៅ​ស្គាល់​និង ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក ឡោ វុ​ទ្វី នៅ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​។  នៅ​ឆ្នាំ ២០១៣ គេ​ចាប់ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ ពេល​កម្មវិធី Khmer Warrior Challenge រៀប​ឡើង​ដោយ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន និង MyTV​។ ក្នុង​កម្មវិធី​នេះ​គឺ​តម្រូវ​ឲ្យ​ស្នាក់នៅ ហូបចុក​ជុំគ្នា និង ហាត់​ជុំគ្នា​ជាមួយ​គ្រូ​ជាច្រើន មាន​ប្រដាល់សេរី យូ​ដូ  និង គុន​ចម្រុះ​ជាដើម​។ រហូតដល់​ឆ្នាំ ២០១៤ គេ​បាន​ស្គាល់​គ្រូ​ហ៊ុន ច័ន​រាជ្យ និង​បន្ត​ហ្វឹកហាត់​នៅ​ក្លិប Cambodian Top Team ដល់​សព្វថ្ងៃ​។ ទីបំផុត ចាន់ សំអាត ជា​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​៣​នៅ​ឆ្នាំ ២០១៤​។ 
 
​កីឡាករ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រូបនេះ​ត្រូវបាន​សង្វៀន​លំដាប់​អន្តរជាតិ  ONE Championship រៀបចំ​ឲ្យ​ចូលរួម​ប្រកួត​សាជាថ្មី​នា​ដើមខែ សីហា ឆ្នាំ ២០១៩ ខាងមុខ​នៅ​ប្រទេស​សិង្ហ​បុរី​។ ការឡើង​សង្វៀន ONE លើក​នេះ​គឺ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ពី ៥៦ ទៅ ៦០ គីឡូក្រាម ខុសពី​ការប្រកួត​កន្លងទៅ​ក្នុង​ប្រភេទ​ទម្ងន់​ពី ៦០ ទៅ ៦៥ គីឡូក្រាម ដែលមាន​ការលំបាក​ដូច​ឡើងទៅ​វ៉ៃ​ជាមួយ​អ្នកធំ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com