ONE Championship
កីឡាជាតិ
ជាតិ
គ្រូផ្នែកកម្លាំង ថាកូនសិស្សនៅក្លិប CTT រីកចម្រើនក្រោយហ្វឹកហាត់ជាង៣ខែ
×
អត្ថបទ៖ ស៊ីធី
បន្ទាប់ពីចូលបង្វឹកផ្នែកកម្លាំង និងកាយសម្បទា នៅក្លិបប្រដាល់ Cambodian Top Team អស់រយៈពេលជាង ៣ខែមក លោកគ្រូឡាយ រស្មី ដែលទទួលភារកិច្ចនេះបានកត់សម្គាល់ឃើញភាពរីកចម្រើនរបស់កូនសិស្សទាំងផ្នែកកម្លាំង និង ចលនារហ័សរហួនជាងមុនច្រើន។
ការហ្វឹកហាត់ផ្នែកកម្លាំង និង កាយសម្បទាជាផ្នែកមួយមិនអាចខ្វះក្នុងគ្រប់ប្រភេទកីឡា ហើយ អាចទប់កុំឲ្យកីឡាករអស់ស៊ុហ្វ និងមិនងាយរងរបួសងាយៗពេក។ ជាង ៣ ខែមកនេះ លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ក្លិបប្រដាល់ Cambodian Top Team (CTT) បានជួលសេវាកម្មអ្នកជំនាញផ្នែកកម្លាំងលោក Mark Chen សញ្ជាតិហុល្លង់។ មិនយូរប៉ុន្មាន លោក Mark Chen បានផ្ដល់សេចក្ដីទុកចិត្ត និង ទម្លាក់ការងារនេះឲ្យអ្នកជំនិតគ្រូបង្វឹក ឡាយ រស្មី ដឹកនាំការហ្វឹកហាត់ផ្ទាល់ជារៀងមក។ ឡាយ រស្មី ដែលត្រូវបានទំនុកចិត្ត ព្រោះគេជាកីឡាករមានបទពិសោធន៍ច្រើន ហើយបានទទួលវគ្គបណ្ដុះបណ្ដាលជាច្រើនវគ្គជុំវិញការបង្វឹកផ្នែកកម្លាំង និង កាយសម្បទាពីពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និង បានសិក្សាច្រើនពីគ្រូបង្វឹកនានារួមទាំង Mark Chen រហូតដល់សម្រេចបានជំនាញបង្ហាត់នេះ។
ឡាយ រស្មី ដែលបច្ចុប្បន្នដឹកនាំកីឡាករព្រះខ័នរាជស្វាយរៀងហ្វឹកហាត់ផ្នែកកម្លាំងដែរនោះបានគូសបញ្ជាក់ថា ៖«ឆ្លងតាមការហ្វឹកហាត់ជាង ៣ ខែមកនេះនៅ CTT យើងបានធ្វើតេស្ត ២ ដងមកហើយ។ យើងនឹងធ្វើតេស្តបន្តបន្ទាប់ទៀត និង តេស្តសរុបក្រោយចប់លំហាត់និងមេរៀន។ ការធ្វើតេស្តកន្លងមកមាន រិន សារ័ត្ន , នៅ ស្រីពៅ និង ចាន់ សំអាត ជាដើម...។ ពួកគេមានភាពរីកចម្រើនច្រើនដូចជាល្បឿន បម្លាស់ទី ចលនាមានភាពរហ័សរហួន ភាពអំណត់ល្អ កម្លាំងស៊ុហ្វល្អ និង សាច់ដុំល្អ។ ពួកគាត់មានភាពទន់ភ្លន់ជាងមុន។ ភាពទន់ភ្លន់មិនមែនទន់ខ្សោយទេ គឺទល់ភ្លន់រឹងមាំ និង រហ័សជាងមុន អមដោយភាពបត់បែន»។
ការហ្វឹកហាត់នេះពិតជាល្អណាស់សម្រាប់កីឡាករអាជីពហើយក្លិបប្រដាល់មួយចំនួននៅក្នុងស្រុកក៏មិនទាន់មានកម្មវិធីហ្វឹកហាត់កម្លាំង និង កាយសម្បទានេះត្រឹមត្រូវដែរ ពោលត្រឹមហាត់រត់ដើម្បីយកកម្លាំង ប៉ុន្តែពេលនេះមានភាពខុសប្លែកច្រើន។ ទន្ទឹមគ្នានោះ លោក ហ៊ុន ច័ន្ទរាជ្យ បានប្រាប់កន្លងទៅថា ក្លិប CTT ត្រូវដើរឲ្យទាន់សម័យកាលដោយផ្លាស់ប្ដូរទម្លាប់ចាស់ ហើយត្រូវមានគ្រូបង្វឹកត្រឹមត្រូវផ្នែកកម្លាំងនេះព្រោះក្លិបជាច្រើនហាត់តែបច្ចេកទេស មិនបានគិតអំពីកម្លាំង។
គ្រូបង្វឹកវ័យ ២៩ ឆ្នាំ និង ជាកីឡាករនៅក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតរូបនេះសង្កត់ធ្ងន់ថា ៖«ការហ្វឹកហាត់គឺមានការលំបាកច្រើនដែរសម្រាប់កីឡាករ ព្រោះពីមុនពួកគាត់មិនដែលជួបលំហាត់លំបាកៗបែបនេះឡើយ ប៉ុន្តែខ្ញុំចូលចិត្តពួកគាត់ និងសរសើរ ដោយសារពួកគាត់ព្យាយាមធ្វើ ហើយទោះធ្វើមិនបានល្អ ក៏គាត់នៅតែព្យាយាមធ្វើ»។
គ្រូបង្វឹកដែលជាអតីតខ្សែការពារជម្រើសជាតិកម្ពុជារូបនេះបានបង្ហើបអំពីបញ្ហាប្រឈមមួយចំនួនថា កីឡាករភាគច្រើនមានភាពរឹងដូចជាដៃ-ជើង ដែលពិបាកនឹងកែទម្លាប់ ព្រោះពួកគេមិនដែលបានហ្វឹកហាត់បែបល្បឿន និង ធ្វើឲ្យរហ័សរហួនបែបនេះ។ យ៉ាងណាក្ដី គ្រូបង្វឹកដដែលនេះសូមសរសើរដល់ការខំប្រឹងរបស់កូនសិស្សរបស់ខ្លួនរហូតធ្វើឲ្យមានការប្ដូរជាវិជ្ជមានដូចជាមានការបត់បែនលឿន ទន់ភ្លន់ជាងមុនឆ្ងាយ និង រឹងប៉ឹងរួមជាមួយកម្លាំងស៊ុហ្វ។
ក្លិប Cambodian Top Team នៅតែមិនរាថយចំពោះការជួលសេវាកម្មនានា និង គ្រូបង្វឹកល្អៗដើម្បីបង្កើនសមត្ថភាពដល់កូនសិស្សនៅក្នុងក្លិបទាំងមូល។ ក្រៅពីបង្ហាត់កីឡាករ និង បង្កើតទីផ្សារដល់កីឡាករទាំងក្នុងស្រុក និង ទៅប្រកួតក្រៅប្រទេស ដូចជាសង្វៀន ONE Championship និង សង្វៀននានា ក្លិបក៏មានទទួលសេវាកម្មបង្ហាត់ដើម្បីសុខភាពផងដែរ។ ក្លិបមានទីតាំងនៅ ផ្ទះលេខ #2s ផ្លូវលេខ ៤៦៨ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមានរាជធានីភ្នំពេញ។ អ្នកចង់ចូលរួមហាត់ដើម្បីសុខភាព ឬ ហ្វឹកហាត់អាជីព សូមទាក់ទងលេខទូរសព្ទពីរខ្សែ ភាសាខ្មែរ 012 282 282 និង និយាយជាភាសាអង់គ្លេសតាមរយៈលេខ 089 333 705៕
© រក្សាសិទ្ធិដោយ thmeythmey.com