កីឡាអន្តរជាតិ
អន្តរជាតិ
Rapinoe ស្ត្រី​ដំបូង​ដែល​ហ៊ាន​ប្រាប់​មេ FIFA ឲ្យ​ផ្តល់​ប្រាក់រង្វាន់ World Cup ស្ត្រី ស្មើ​បុរស​
08, Jul 2019 , 10:39 pm        
រូបភាព
ប្រធានក្រុមអាមេរិក Megan Rapinoe និងប្រធាន FIFA លោក Gianni Infantino។ រូបភាពពី FIFA
ប្រធានក្រុមអាមេរិក Megan Rapinoe និងប្រធាន FIFA លោក Gianni Infantino។ រូបភាពពី FIFA
​ប្រធាន​ក្រុម Megan Rapinoe បន្ទាប់ពី​ជួយ​អាមេរិក​យកឈ្នះ​ហូ​ឡង់​ដើម្បី​លើក​ពាន World Cup នារី ឆ្នាំ​២០១៩ បាន​ប្រាប់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) លោក Gianni Infantino ថា​ឲ្យ​គិតគូ​ពី​បញ្ហា​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​សម្រាប់​ស្ត្រី​ឲ្យ​មាន​ភាពស្មើគ្នា​នឹង​បុរស​ផង​។​


 
​ក្រុមកីឡា​បាល់ទាត់​ស្ត្រី​អាមេរិក​បានឈ្នះ​ហូ​ឡង់ ២-០ នៅ​ទឹកដី​បារាំង​ដើម្បី​រក្សា​តំណែង​ជើងឯក និង​ជាការ​លើក​ពាន​ពិភពលោក​ទី​៤ របស់​ពួកគេ ដោយ​ក្នុងនោះ Rapinoe និង Rose Lavelle ជា​អ្នករក​គ្រាប់​បាល់​ជ័​យជម្នះ​ក្នុងជំនួប​ផ្តាច់ព្រ័ត្រ​។​
 
​សម្រាប់​ជើងឯក World Cup នារី​ឆ្នាំ​២០១៩ នៅ​បារាំង​នេះ FIFA បានផ្តល់​ប្រាក់រង្វាន់​ចំនួន ៤​លាន​ដុល្លារ​អាមេរិក រីឯ​ជើងឯក​បុរស​ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​ដែល​បារាំង​លើក​ពាន​នោះ​ទទួលបាន​៣៨​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ 


 
​ដោយឡែក​កាលពី​ថ្មីៗ​នេះ ប្រធាន FIFA លោក Infantino បានប្រកាស​ពី​បំណង​បង្កើន​ប្រាក់រង្វាន់​ទ្វេដង​ដល់ ៦០​លាន​ដុល្លារ​សម្រាប់​ព្រឹត្តិការណ៍ World Cup Women ឆ្នាំ​២០២៣ ខណៈ​ផ្នែក​បុរស​នៅ​កាតា ឆ្នាំ​២០២២ មាន​ចំនួន​ទឹកប្រាក់​សរុប​ចំនួន ៤៤០​លាន​ដុល្លារ​អាមេរិក​។​
 
​គម្លាត​នៃ​ការចំណាយ និង​ប្រាក់រង្វាន់​រវាង​បុរស និង​ស្ត្រី​ឆ្ងាយ​សែនឆ្ងាយ​បែបនេះ ត្រូវបាន Rapinoe ដែល​ជួយ​អាមេរិក​លើក​ពាន រួមទាំង​ឈ្នះ​ស្បែកជើង​មាស និង​ជាប់​ជា​កីឡាការិនី​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ លើកយក​បញ្ហា​នេះ​ប្រាប់​ដល់​លោក Infantino ដោយ​ស្នើរ​ឲ្យ​មេ​គ្រប់គ្រង​ក្បាលម៉ាស៊ីន​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ​គិតគូ​ដើម្បី​ឲ្យ​មាន​ភាពស្មើគ្នា​ឡើងវិញ​។ ខ្សែបម្រើ​វ័យ​៣៤​ឆ្នាំ និយាយ​ដោយ​«​ភាព​រីករាយ​» ជាមួយ​ប្រធាន FIFA បែបនេះ នៅពេល​ពេល​ប្រគល់​មេដាយ​នៅក្នុង​ទីលាន​ក្រោយ​ចប់​ការប្រកួត​នោះ​។​
 
​មិន​ត្រឹមតែ​ប្រាប់​ផ្ទាល់មាត់​ខ្លួនឯង​នោះទេ នាង Rapinoe ដែលជា​ស្ត្រី​ទី​ដែល​ហ៊ាន​និយាយ​បែបនេះ ក៏បាន​អំពាវនាវ​ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក (USFF) ឲ្យ​តវ៉ា​ទៅកាន់ FIFA ពី​ភាពខុសគ្នា​រវាង​ប្រាក់​ឈ្នួល​របស់​កីឡាករ និង​កីឡាការិនី​នេះ​ផងដែរ​។ យ៉ាងណាក៏ដោយ​ការលើកឡើង​របស់ Rapinoe បែបនេះ​នៅ​មិនមាន​ការឆ្លើយតប​ពី​សំណាក់​ប្រធាន FIFA នៅឡើយ​ទេ​។​


 
​ជុំវិញ​បញ្ហា​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​នេះ ខាង​អង្គការសហប្រជាជាតិ (UN) ក៏​ធ្លាប់បាន​ប្រតិកម្ម​ដែរ​។  UN បាន​ធៀប​ប្រាក់​ឈ្នួល​របស់ Lionel Messi ចំនួន​៨៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែលមាន​ចំនួន​លើស​ពាក់កណ្តាល​នឹង​ប្រាក់​ឈ្នួល​របស់​កីឡាការិនី​ចំនួន ១៦៩៣​នាក់ ដែល​កំពុង​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​កំពូលៗ​ក្នុង​១​ឆ្នាំ​។​ សហភាព​កីឡាបាល់ទាត់​អូស្ត្រាលី​កាលពីដើម​ខែមិថុនា​កន្លងទៅ ក៏​ផ្តើម​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​ទាមទារ​ឲ្យ FIFA ផ្តល់ប្រាក់​រង្វាន់​ក្នុងការ​ប្រកួត World Cup ទាំង​ស្ត្រី និង​បុរស​ឲ្យ​បាន​ស្មើគ្នា​ផង។​
 
​សូមបញ្ជាក់ថា Rapinoe នេះដែរ ក៏​ជា​អ្នក​ឆ្លងឆ្លើយ​រិះគន់​គ្នា​ទល់នឹង​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ នាពេល​ថ្មីៗ​នេះ​ដោយ​អះអាងថា​នាង​នឹងមិន​ទៅជា​ន់​សេត​វិមាន​នោះទេ​បើ​អាមេរិក​លើក​ពាន World Cup ឆ្នាំ​២០១៩ នៅ​បារាំង​នេះ​៕

Tag:
 Megan Rapinoe
  World Cup Women
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com