អន្តរជាតិ
នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី ត្រូវ​ជ្រើសរើស​ដោយ​ប្រជាជន​តែ​០,២​ភាគរយ​នៃ​ប្រជាជន​សរុប​
08, Jul 2019 , 11:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​លោក បូរី​ស ច​ន​សុន និង​លោក ជេ​រេ​មី ហាន់ ជា​បេក្ខជន​ចំនួន​ពីរ កំពុង​ប្រជែង​គ្នា​ដើម្បី​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស​ជំនួស​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ដែល​ប្រកាស​លាលែង​។ ប៉ុន្តែ​មិនមែន​ប្រជាជន​អង់គ្លេស​ទាំងអស់ សុទ្ធតែ​អាច​ចូលរួម​ក្នុង​ដំណើរការ​នេះឡើយ​។ លោក ច​ន​សុន ឬ​លោក ហាន់ ដែល​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី គឺ​អាស្រ័យ​លើ​ការបោះឆ្នោត​ពី​សំណាក់​សមាជិក​បក្ស​អភិរក្ស​ដែល​កំពុងកាន់​អំណាច​ចំនួន​១៦​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ 

 
​ចាប់ពី​ថ្ងៃទី​៦ ដល់ទី​៨ ខែកក្កដា​នេះ សមាជិក​បក្ស​អភិរក្ស​ចំនួន​១៦​ម៉ឺ​នាក់​បានទទួល​សន្លឹកឆ្នោត​ដែល​ផ្ញើ​ឲ្យ​ពួកគេ​តាមរយៈ​ប្រៃសណីយ៍ ដើម្បី​កំណត់​អនាគត​មេដឹកនាំ​បក្ស​ថ្មី ក៏ដូចជា​នាយករដ្ឋមន្ត្រី​ថ្មី​បន្ត​ពី​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ។ មានន័យថា មានតែ​ប្រជាជន​អង់គ្លេស​០,២​ភាគរយ​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​ថ្មី​ក្នុងប្រទេស​ដែលមាន​ប្រជាជន​ក្បែរ​៦៧​លាន​នាក់​មួយ​នេះ​។ 
 
​សម្រាប់​ប្រព័ន្ធ​ដឹកនាំ​នៅ​ចក្រភព​អង់គ្លេស នៅពេល​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង​ដូច​ករណី​លោកស្រី ម៉េ​យ៍ ជាដើម មិនមាន​ការចាំបាច់​ដើម្បី​រៀបចំ​ការបោះឆ្នោត​ទូទៅ​ឡើយ​។ ដោយសារ​ប្រធាន​បក្ស​កាន់អំណាច​តែង​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី នោះ​ប្រធាន​បក្ស​អភិរក្ស​ថ្មី ជា​ស្វ័យប្រវត្តិ​ក៏​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​តែម្ដង​។ ត្រង់ចំណុច​នេះ ការជ្រើសរើស​នាយករ​ដ្ឋ​មន្ត្រី​នៅ​អង់គ្លេស ហាក់​មិន​តំណាង​ឲ្យ​មតិ​ប្រជាជន​ទាំងអស់​ឡើយ​។​
 
​ភាគច្រើន​នៃ​សមាជិក​បក្ស​អភិរក្ស​ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី ជា​ជន​ស្បែ​កស មកពី​វណ្ណៈ​កណ្ដាល និង​មាន​ជីវភាព​ល្អប្រសើរ​។ សមាសភាព​សមាជិក​ប​ក្ស​នេះ ក៏​ប្រែប្រួល​ទៅតាម​ប្រទេស​ដែល​ស្ថិតក្នុង​ចក្រភព​អង់គ្លេស​ផងដែរ​។ ប៉ុន្តែ​ពួកគេ​នៅតែ​មិនអាច​តំណាង​ឲ្យ​ប្រជាជន​អង់គ្លេស​ទាំងមូល​ដដែល​។ 
 
​បច្ចុប្បន្ន ការជ្រើសរើស​មេដឹកនាំ​បក្ស​អភិរក្ស ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ដោយ​លោក បូរី​ស ច​ន​សុន ត្រូវ​ប្រជែង​ជាមួយ​លោក ជេ​រេ​មី ហាន់ ។ បេក្ខជន​ទាំងពីរ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​សមាជិក​បក្ស​។ ការ​បូកសរុប​លទ្ធផល នឹងធ្វើ​ឡើង​អំឡុង​សប្ដាហ៍​ថ្ងៃទី​២២ ខែកក្កដា​ខាងមុខ ហើយ​បេក្ខជន​ដែល​ទទួល​សំឡេង​លើស​៥០​ភាគរយ នឹង​ក្លាយជា​ប្រធាន​បក្ស​ថ្មី ក៏ដូចជា​នាយករដ្ឋមន្ត្រី​ថ្មី​ផងដែរ​។​
 
​ដោយសារ​នីតិវិធី​ដូចខាងលើ បេក្ខភាព​ទាំងពីរ ច្រើន​ផ្ដោតលើ​ការព្រួយបារម្ភ​របស់​ស​មា​ជិ​ក​ជាជាង​បញ្ហា​ទូទៅ​របស់​ប្រជាជន​ទាំងមូល​។ ប៉ុន្តែ​ក្រោយ​ឡើងកាន់តំណែង​នាយករដ្ឋមន្ត្រី លោក ច​ន​សុន ឬ​លោក ហាន់ ត្រូវ​ងាក​ទៅរក​បញ្ហា​ធំ​វិញ​ម្ដង គឺ​រឿង​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ សព្វថ្ងៃ បញ្ហា​លែងលះ​នេះ ជាប់គាំង​មិន​ទៅមុខ ព្រោះ​សភា​អង់គ្លេស​ជំទាស់​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល និង​សហភាព​អឺរ៉ុប​បី​ដង​ទៅហើយ ឯ​កាលបរិច្ឆេទ​ចាកចេញ​ក៏​ពន្យារ​ដល់​ចុងខែ​តុលាការ​ខាងមុខ​៕ 

Tag:
 អង់គ្លេស​
  ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com