«គេកាប់ឈើ ប៉ុន្តែខ្ញុំដាំដើមឈើ ដើម្បីផ្តល់ភាពជាគំរូដល់ពលរដ្ឋខ្មែរឱ្យបានឃើញ ពិសេសអ្នកកាប់បំផ្លាញព្រៃឈើ និងអ្នកបានត្រឹមតែនិយាយប៉ុន្តែមិនព្រមធ្វើសកម្មភាពអ្វីឡើយក្នុងការអភិរក្ស ថែរក្សា និងការដាំដុះឈើឡើងវិញដែលជាគម្របផែនដី»។ នេះជាការលើកឡើងរបស់អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវតា ក្នុងពិធីដាំដើមឈើប្រណិតចំនួន២០០០ដើម នៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ថ្ងៃទី៨កក្កដា ឆ្នាំ២០១៩។
មូលហេតុដែលប្រធានអភិរក្សដំរីខ្មែររូបនេះ សម្រេចចិត្តដាំដើមឈើនេះឡើង ក៏ដើម្បីធ្វើជាជម្រកនិងចំណីសត្វដំរី ក៏ដូចសត្វព្រៃគ្រប់ប្រភេទផងដែរ។ លើសពីនេះសកម្មភាពដាំដើមឈើរាប់ពាន់ដើមនេះ ក្នុងបំណងចូលរួមចំណែកក្នុងការបង្កើតគម្របព្រៃឈើ ហើយប្រជាពលរដ្ឋក្នុងតំបន់ នឹងទទួលបានអត្ថប្រយោជន៍ពីអនុផលព្រៃឈើទាំងនេះ។ អ្នកស្រីបានបញ្ជាក់ថាព្រៃឈើក៏អាចផ្តល់នូវថវិការាប់សិនលានដុល្លារចូលជាតិតាមការលក់ឥណទានកាបូន និងទាក់ទាញភ្ញៀវទេសចរ តាមវិស័យអេកូទេសចរណ៍ផងដែរ។
«ការដាំដើមឈើនេះ ក៏ជួយដាស់តឿនប្រជាពលរដ្ឋខ្មែរយើង កុំភ្លេចខ្លួនក្នុងការចូលរួមអភិរក្ស និងដាំដើមឈើ ហើយកុំខឹងគេដែលកាប់បំផ្លាញព្រៃឈើ។ យើងឃើញគេធ្វើខុសដែលកាប់ឈើយកទៅលក់ យើងកុំធ្វើតាមគេ យើងកុំអង្គុយអស់សង្ឃឹមទាំងមិនធ្វើអ្វីសោះ»។ នេះជាប្រសាសន៍អ្នកស្រី ខៃ ចិន្តា ។ អ្នកស្រីបន្តដូច្នេះទៀតថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប គឺខ្ញុំត្រូវដាំដើមឈើទាំងនេះឡើង ដើម្បីទុកជាកេដំណែលដល់កូនចៅ ព្រោះឈើមួយដើមមិនងាយដាំឱ្យបានធំនោះទេ ដូចជាដើមបេង ត្រូវការពេលវេលា៥០ ទៅ៦០ឆ្នាំ ឬ១០០ឆ្នាំ។ ដូច្នេះយើងត្រូវចាប់ផ្តើមនាំគ្នាដាំឈើឡើងវិញ ចាប់ពីពេលនេះតទៅ មិនថាឈើធម្មតា ឬឈើប្រណិតដែលមានតម្លៃនោះទេ»។
ដើមឈើប្រណិតៗនិងមានតម្លៃដែលសមាគមអារាវតាដាំ មានឈើនាងនួន, បេង, ឈើទាល, ស្រឡៅ, ត្រាច, ក្រញ៉ូង, ថ្លុង, ត្បែង, ម៉ៃសាក់, សុក្រំ, គគីរ, ផ្ចិក និងឈ្លីក ដែលមានអាយុចន្លោះពី១ទៅ៣ឆ្នាំ។ អ្នកស្រីចិន្តា ក៏មានឆន្ទៈ ក្នុងការដាំដើមឈើទាំងនេះ នៅឆ្នាំបន្តបន្ទាប់ឱ្យបានរាប់ម៉ឺនដើមផងដែរ តាមរយៈការអំពារនាវ និងអញ្ញើញឱ្យចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ក្រុមហ៊ុនឯកជន ប្រជាពលរដ្ឋ សិល្បៈករ និងអង្គការនានាជាដើម។
ជាមួយគ្នានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសផ្តល់ជូនទឹកប្រាក់ចំនួន២០,០០០ដុល្លារក្នុងមួយឆ្នាំ ដល់សមាគមអភិរក្សដំរីខ្មែរអៃរាវតា ដើម្បីឆ្លើយតបទៅនឹងការលះបង់របស់លោកស្រី ខៃ ចិន្តា និងក្រុមការងារ ក្នុងការចំណាយពេលវេលា កម្លាំងកាយចិត្តជាច្រើនឆ្នាំ ទៅលើការអភិរក្សដំរី និងការបង្កើតប្រព័ន្ធអេកូធម្មជាតិ ព្រៃឈើ និងបរិស្ថានឡើងវិញ។ រដ្ឋមន្ត្រីបរិស្ថានរូបនេះ បានបញ្ជាក់ថា ថវិកានេះ គឺជាគម្រោងទីបីហើយ ដែលក្រសួងបរិស្ថានបានបញ្ចេញមូលនិធិបរិស្ថាន ដោយគម្រោងទីមួយមូលនិធិបរិស្ថានបានផ្តល់ទៅឱ្យគ្រួសារមួយនៅភូមិត្នោតដែលអភិរក្ស-ដាំដើមឈើ និងកសាងប្រព័ន្ធអេកូទេសចរនៅទីនោះលើទំហំផ្ទៃជិត១ម៉ឺនហិកតា និងគម្រោងទីពីរ នៅតំបន់អភិរក្សព្រៃឈើសង្ឃរុក្ខវន្ត នៅខេត្តឧត្តរមានជ័យ។ គម្រោងទាំងពីរ ក៏ក្រសួងបរិស្ថានផ្តល់មូលនិធិមូលបរិស្ថានចំនួន២០,០០០ដុល្លារក្នុងមួយឆ្នាំ។
បើតាមអ្នកស្រី ខៃ ចិន្តា ការដាំដើមឈើនេះ គឺមិនមែនដើម្បីតែសម្រាប់សត្វដំរីនៃសមាគមអៃរាវតានោះទេ គឺក៏ដើម្បីជម្រក និងចំណីសត្វព្រៃឯទៀតមករស់នៅផងនិងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ក្នុងតំបន់ផងដែរ។ ការដាំដើមឈើឡើងវិញក្នុងការរក្សាជីវៈចម្រុះនៃសម្បត្តិនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីឱ្យចូលទស្សនា និងការកម្សាន្តនានា៕