អន្តរជាតិ
ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងដល់ការលក់អាវុធ២,២ពាន់លានដុល្លារឲ្យតៃវ៉ាន់ រថក្រោះធុន Abrams របស់អាមេរិកដែលគ្រោងលក់ឲ្យតៃវ៉ាន់។ រូបភាព AFP
× ក្រសួងការបរទេសអាមេរិក បានបើកភ្លើងបៃតងដល់ការលក់អាវុធទៅឲ្យតៃវ៉ាន់ដែលមានតម្លៃដល់ទៅ២,២ពាន់លានដុល្លារឯណោះ។ នេះបើតាមការប្រកាសរបស់មន្ទីរបញ្ចកោណនៅថ្ងៃទី៨ ខែកក្កដា ដែលបន្តថា សព្វាវុធដែលគ្រោងលក់នេះមានទាំងរថក្រោះ និងមីស៊ីលផងដែរដោយតៃវ៉ាន់បានបញ្ជាទិញជាយូរមក។ ដំណឹងនេះ ប្រាកដជាធ្វើឲ្យចិនក្ដៅស្លឹកត្រចៀកខ្លាំង ព្រោះធ្លាប់ប្រាប់ឲ្យអាមេរិកឈប់រកស៊ីជាមួយតៃវ៉ាន់ដែលជាទឹកដីខ្លួនហើយនោះ។
រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ហាក់មិនខ្វល់ខ្វាយនឹងសម្ដីរបស់ចិនក្នុងរឿងលក់អាវុធឲ្យតៃវ៉ាន់សោះ។ នៅទីបំផុត អាមេរិកនៅតែធ្វើឲ្យចិនក្ដៅចិត្តទាល់តែបាន។ ក្នុងលិខិតជូនដំណឹងផ្ញើទៅកាន់សភា ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ក្នុងចំណោមសព្វាវុធដែលត្រូវលក់តាមការបញ្ជាទិញរបស់តៃវ៉ាន់មាន រថក្រោះធុន M1A2T Abrams ចំនួន១០៨គ្រឿង មីស៊ីល Stringer ចំនួន ២០៥ ដើម ព្រមទាំងសម្ភារៈ និងគ្រឿងបរិក្ខារពាក់ព័ន្ធមួយចំនួន។
ក្រសួងការបរទេសអាមេរិក ជាស្ថាប័នដែលមានអំណាចលើការលក់អាវុធឲ្យប្រទេសនានា ហើយសភាជាអ្នកសម្រេចចុងក្រោយ។ ចំពោះសំណើរបស់តៃវ៉ាន់នេះ សភាមានពេល៣០ថ្ងៃដើម្បីពិចារណាថា លក់ឬមិនលក់។ ប៉ុន្តែភាគរយនៃការផ្ដល់ភ្លើងបៃតង គឺមានច្រើនលើសលប់ ខណៈសមាជិកសភាអាមេរិកជាច្រើន សុទ្ធតែបង្ហាញក្ដីបារម្ភចំពោះសុវត្ថិភាពតៃវ៉ាន់ដែលប្រឈមមុខការគំរាមកំហែងរាល់ថ្ងៃពីសំណាក់យោធាចិននោះ។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិចំណុះមន្ទីរបញ្ចកោណប្រកាសនៅថ្ងៃទី៨ ខែកក្កដា ថា សំណើលក់អាវុធនេះ នឹងរួមចំណែកដល់ការធ្វើទំនើបកម្មរថក្រោះរបស់ប្រទេសបញ្ជាទិញ ជំរុញសមត្ថភាពរបស់តៃវ៉ាន់ក្នុងការទប់ទល់ការគំរាមកំហែងទៅថ្ងៃមុខ និងពង្រឹងការការពារខ្លួនរបស់តៃវ៉ាន់ផងដែរ។ ចំណែកឯមីស៊ីលវិញ នឹងជួយដល់នយោបាយការបរទេសរបស់អាមេរិកតាមរយៈការបង្កើនសមត្ថភាពរបស់តៃវ៉ាន់ ដែលជាកម្លាំងដ៏សំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់។
«ទាំងការលក់មីស៊ីល និងរថក្រោះនេះ នឹងមិនធ្វើឲ្យមានបម្រែបម្រួលតុល្យភាពយោធានៅក្នុងតំបន់ឡើយ។» នេះជាការបញ្ជាក់របស់ទីភ្នាក់ងារខាងលើ ដែលទំនងជាសារទៅកាន់ចិនដែលមិនពេញចិត្តនឹងរឿងនេះ។
ទីក្រុងប៉េកាំង បានផ្ញើសារមិនពេញចិត្តរបស់ខ្លួនតាំងពីព័ត៌មានរឿងលក់នេះចេញដំបូងមកម្ល៉េះ។ ជាច្រើនលើកច្រើនសារ ប៉េកាំងប្រាប់ឲ្យវ៉ាស៊ីនតោនយល់សឹងពីភាពរសើបនៃការលក់អាវុធឲ្យតៃវ៉ាន់ដែលជាអាណាខេត្តមួយរបស់ចិន ហើយមិនអាចកាត់ផ្ដាច់ចេញបានឡើយ ព្រមទាំងអនុវត្តឲ្យត្រឹមត្រូវនយោបាយចិនតែមួយ។ មិនតិចដងឡើយ ដែលចិនប្រកាសជាចំហថា ខ្លួនមិនរុញរានឹងប្រើកម្លាំងដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើយ។
បើនិយាយពីកម្លាំងយោធានោះ តៃវ៉ាន់មិនអាចផ្ទឹមនឹងចិនបានឡើយក្នុងសង្គ្រាមណាក៏ដោយ។ ដោយសារកម្លាំងតូចទាបបែបនេះ តៃវ៉ាន់ ព្យាយាមបង្កើនសមត្ថភាពការពាររបស់ខ្លួនដោយបញ្ជាទិញអាវុធពីអាមេរិក។ សព្វថ្ងៃ បើនិយាយពីរថក្រោះវិញ តៃវ៉ាន់មិនសូវសម្បូរឡើយ ហើយបច្ចេកវិទ្យាទៀតសោត ក៏មិនសូវរីកចម្រើនដែរ។ សព្វាវុធទំនើបៗដែលបញ្ជាទិញពីអាមេរិក នឹងជួយពង្រឹងសមត្ថភាពការពារខ្លួនរបស់កោះមួយនេះ៕
Tag:
អាមេរិក
ចិន
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com