ជាតិ
ព្រះមហាក្សត្រ
សង្គមជាតិ
ព្រះមហាក្សត្រ​៖ សូមមេត្តា​ដាំ​ដើមឈើ​គ្រប់​ប្រភេទ ពិសេស​ដើមត្នោត ដើម្បី​បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ​!
09, Jul 2019 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះ​រាជពិធី​រុក្ខទិវា ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ ប្រព្រឹត្តទៅ​នៅលើផ្ទៃ​ប្រមាណ​១០ហិចតា នៅស្ថានីយ៍ផ្សព្វផ្សាយ និង​ស្តារព្រៃឈើក្បាលដំរី ក្នុង​​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។



​ក្នុង​ព្រះរាជ​សុន្ទរកថា ព្រះមហាក្សត្រ បាន​អំពាវនាវ​ដល់​ជនរួមជាតិ​នាំគ្នា​ដាំ​ដើមឈើ​គ្រប់​ប្រភេទ ក្នុងនោះ​មាន​ដើមត្នោត​ផងដែរ​នៅ​ទីវ​ត្ត​អារាម ទីសាធារណៈ រមណីយដ្ឋាន តាម​ដងផ្លូវ និង​ភូមិដ្ឋាន​នានា​។ ជាមួយគ្នានេះ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​លើកទឹកចិត្ត​គូស្រករ​ដែល​ទើប​រៀប​អាពាហ៍ពិពាហ៍​ដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍​នៅតាម​សួន​ក្រោម​ការរៀបចំ​របស់​រដ្ឋ​បាល​ព្រៃឈើ​។​

​សូម​ស្តាប់​ព្រះរាជ​ព្រះបន្ទូល​ព្រះករុណា ព្រះមហាក្សត្រ នា​ព្រះរាជ​ពិធីបុណ្យ​រុក្ខទិវា​នៅ​ខេត្តក្រចេះ​៖



បុណ្យ​«​រុក្ខទិវា​» ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​ការថែរក្សា​សម្បត្ដិ​ព្រៃឈើ ជាពិសេស​ដើម្បី​ថែរក្សា ការពារ និង​បណ្តុះ​គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​។​

​ព្រះមហាក្សត្រ តែងតែមាន​ព្រះរាជ​វត្តមាន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​រុក្ខទិវា ដោយ​កាលពី​ឆ្នាំមុន ព្រះអង្គ​បាន​យាង​ជា​រាជាធិបតីភាព​នា​ពិធី​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង​៥០​ហិកតា ស្ថិតក្នុង​ស្ថានីយ​ដាំ​កូនឈើ​ថ្ម​រូង ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​៕


Tag:
 រុក្ខទិវា
© រក្សាសិទ្ធិដោយ thmeythmey.com