ជាតិ
សង្គមជាតិ
ស្នងការភ្នំពេញបកស្រាយថា ប៉ូលិស ជួយធ្វើបណ្តឹងដល់បន្ទប់គេង ព្រោះកញ្ញា ថៃ ស្រីនាង របួសធ្ងន់
09, Jul 2019 , 1:18 pm        
រូបភាព
រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីបកស្រាយពីការសើចចំអករបស់មជ្ឈដ្ឋានមួយចំនួន ចំពោះនគរបាលម្នាក់នៅប៉ុស្តិ៍បឹងកក់១ ទៅធ្វើពាក្យបណ្តឹងជូនកញ្ញា ថៃ ស្រីនាង ដល់បន្ទប់គេង ដើម្បីប្តឹងសង្សារ ដែលបានវាយដំនាងយ៉ាងទ្រុឌទ្រោម។



ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរសេរដូច្នេះថា៖«ករណីមន្រ្តីប៉ុស្តិ៍បឹងកក់១ ទៅធ្វើពាក្យបណ្តឹងដល់ផ្ទះរបស់ជនរងគ្រោះ គឺដោយសារជនរងគ្រោះ មានស្ថានភាពរងរបួសធ្ងន់ និងមានសំណូមពរពីជនរងគ្រោះ»។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរលបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការធ្វើពាក្យបណ្តឹងដល់ផ្ទះជនរងគ្រោះ មិនមែនជាការខុសឆ្គងនោះទេ ក្នុងករណីមានសំណូមពរពីជនរងគ្រោះ។ លោក បន្តថា មានពេលខ្លះ សមត្ថកិច្ច ទៅធ្វើពាក្យបណ្តឹងជូនជរងគ្រោះដល់មន្ទីរពេទ្យទៀតផង។

អ្នកនាំពាក្យរូបនេះ លើកឡើងដូច្នេះថា៖«វា ជាការបម្រើសេវាជូនប្រជាពលរដ្ឋ។ គ្នា មិនបម្រើ ថាមិនបម្រើ ដល់គ្នាបម្រើថាគ្នាខុសទៅវិញ។ មានច្បាប់ណា ដែលហាមមិនឲ្យទៅធ្វើពាក្យបណ្តឹងដល់ផ្ទះជនរងគ្រោះ»។

មជ្ឈដ្ឋានខ្លះ រិះគន់ថា ការដែលប៉ូលិសរូបនោះ ទៅធ្វើពាក្យបណ្តឹងជូនជនរងគ្រោះដល់បន្ទប់គេងបែបនេះ ហាក់ដូចជាហួសហេតុ និងរៀងជ្រុលបន្តិច ហើយបាននិយាយបែបឌឺដងថា បើសមត្ថកិច្ច ធ្វើបែបនេះចំពោះប្រជាពលរដ្ឋទូទៅ គឺប្រសើរណាស់។ តែពួកគេ យល់ថា សមត្ថកិច្ច ប្រហែលជាមិនធ្វើល្អថ្នាក់នេះ ជាមួយប្រជាពលរដ្ឋនោះទេ ហើយថែមទាំងរិះគន់ទៀតថា មានសមត្ថកិច្ចតាមប៉ុស្តិ៍ខ្លះ មិនទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក៏មាន។

យ៉ាងណា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា មួយរយ:ចុងក្រោយនេះ គឺគ្មានករណីដែលប្រជាពលរដ្ឋទៅប្តឹងដល់ប៉ុស្តិ៍ ហើយសមត្ថកិច្ច មិនទទួលពាក្យបណ្តឹងនោះទេ។ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់ណែនាំឲ្យប្រជាពលរដ្ឋ ផ្ញើសារតាមទំព័រហ្វេសប៊ុករបស់លោក ឬទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើមានប៉ុស្តិ៍ណាមិនទទួពាក្យបណ្តឹង៕

Tag:
 សមត្ថកិច្ច
  បទល្មើស
  បណ្តឹង
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com