អន្តរជាតិ
ប្រមុខ​រដ្ឋាភិបាល​ហុង​កុង​៖ សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ស្លាប់បាត់​ហើយ
09, Jul 2019 , 2:17 pm        
រូបភាព
ប្រធានប្រតិបត្តិការតំបន់រដ្ឋបាលពិសេសងហុងកុង Carrie Lam ក្នុងសន្និសីទសារព័ត៌មាន។ រូបភាព AFP
ប្រធានប្រតិបត្តិការតំបន់រដ្ឋបាលពិសេសងហុងកុង Carrie Lam ក្នុងសន្និសីទសារព័ត៌មាន។ រូបភាព AFP
​ប្រមុខ​ដឹកនាំ​ហុងកុង Carrie Lam នៅ​ថ្ងៃទី​៩ ខែកក្កដា​នេះ បានប្រកាសថា សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​បរទេស​ដែល​រាប់បញ្ចូល​ចិន​ផង​នោះ បាន​ស្លាប់​ហើយ​។ ទោះជា​យ៉ាងណា មេដឹកនាំ​ហុងកុង​រូបនេះ​មិន​បញ្ជាក់​ទេ​ថា សេចក្ដីព្រាងច្បាប់​ចម្រូងចម្រាស​នេះ ត្រូវ​គ្រវែង​ចោល​ឬ​យ៉ាងណា​ឡើយ​។ អំឡុង​ពេលធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​បញ្ចេញ​មុខ​ដ៏​កម្រ​នេះ លោកស្រី Lam ទទួលស្គាល់ថា ហុងកុង​កំពុង​ប្រឈមមុខ​ការផ្លាស់ប្ដូរ​មិន​ធ្លាប់មាន ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​។

 
«​នៅតែមាន​ការសង្ស័យ​ពី​ភាពស្មោះត្រង់​របស់​រដ្ឋាភិបាល ឬ​ការបារម្ភ​ថា រដ្ឋាភិបាល​អាច​ចាប់ផ្ដើម​នីតិវិធី​របស់​សំណើ​ធ្វើ​បត្យាប័ន​ជាថ្មី​។ ដូច្នេះ​ខ្ញុំ​បញ្ជាក់ថា គ្មាន​គម្រោង​បែបនេះ​ឡើយ ហើយ​សំណើ​ច្បាប់​នោះ ក៏​ស្លាប់បាត់​ដែរ​។​» នេះ​ជាការ​ប្រកាស​របស់​ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​លោកស្រី Carrie Lam នៅ​ថ្ងៃទី​៩ ខែកក្កដា ជុំវិញ​សំណើ​ច្បាប់​ដ៏​ចម្រូងចម្រាស​ដែល​នាំទៅដល់​ការធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​នោះ​។ 
 
​បាតុកម្ម​ចុងក្រោយ​កើតឡើង​នៅ​ថ្ងៃទី​៧ ខែកក្កដា ដោយ​ក្រុមបាតុករ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គ្រវែង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ចោល ទោះជា​លោកស្រី Lam ធ្លាប់បាន​បញ្ជាក់​ហើយ​ថា សេចក្ដីព្រាងច្បាប់​នេះ ត្រូវ​ព្យួរ​ដោយ​គ្មាន​ការកំណត់​ក្ដី​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៩ ខែកក្កដា លោកស្រី Lam សារភាពថា ការប្រឹងប្រែង​របស់រ​ដ្ឋា​ភិ​បាល​លោកស្រី​ក្នុងការ​ជំរុញ​សេចក្ដីព្រាងច្បាប់​មួយ​នេះ បាន​បរាជ័យ​ទៅហើយ​។  
 
​ប្រមុខ​ដឹកនាំ​រដ្ឋបាល​ពិសេស​រូបនេះ លើកឡើងថា ហុងកុង​បាន​ជួប​បញ្ហា​ដែល​ធ្លាប់មាន​ពីមុន​ដែល​អាចជា​បញ្ហា​សេដ្ឋកិច្ច ជីវភាព​របស់​ប្រជាជន និង​ការបែកបាក់​ក្នុងសង្គម​ជាដើម​។ ដូចនេះ រឿង​ទីមួយ​ដែល​ត្រូវធ្វើ គឺកំណត់​បញ្ហា ដើម្បី​រក​ដំណោះស្រាយ​បន្ត​ទៅមុខទៀត​។ យ៉ាងណាមិញ លោកស្រី Lam មិនបាន​និយាយ​ឲ្យ​ច្បាស់​ថា សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ដែល​លោកស្រី​ថា បាន​ស្លាប់​ហើយ​នេះ នឹងត្រូវ​បោះចោល​តាម​ការទាមទារ​ឬ​យ៉ាងណាទេ​។​
 
​រលក​នៃ​ការធ្វើ​បាតុកម្ម បានកើត​ឡើងជា​បន្តបន្ទាប់​តាំងពី​ខែមិថុនា​មក​។ ពេលខ្លះ​បាតុករ​អហិង្សា ក៏​ប្រែ​ទៅជា​ហិង្សា​រហូត​មានការ​ប៉ះទង្គិច​រវាង​បាតុករ​វ័យក្មេង និង​ប៉ូលិស​ហុងកុង​ទៀតផង​។ ក្រុមបាតុករ​បានស្នើ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ថ្នាក់ខ្ពស់​មួយ​ដើម្បី​ស្វែងរក​ការពិត ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​លោកស្រី Lam មិន​ពិចារណា​ឡើយ​។ មេដឹកនាំ​ហុងកុង​រូបនេះ បាន​ទុក​ឲ្យ​ក្រុម​ស៊ើបអង្កេត​ប៉ូលិស​ចាត់ចែង​ការងារ​របស់ខ្លួន​។ 
 
​ក្នុង​ការធ្វើ​បាតុក​ម្មចុ​ង​ក្រោយ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់ ខណៈ​បាតុកម្ម​បាន​តម្រង់ទិស​ដាក់​ប្រជាជន​ចិន​វិញ​ម្ដង​។ ក្រុមបាតុករ ទំនង​ចង់​ផ្ញើ​សារទុក្ខ​លំបាក​របស់​ពួកគេ​ឲ្យ​ប្រជាជន​ដីគោក​ដឹងឮ និង​ស្វែងយល់​ពី​ការរស់នៅ​របស់​ពួកគេ​ផងដែរ​។ ដូច​ដឹង​ស្រាប់ ហុងកុង​ជា​ទឹកដី​ចិន​តែមួយគត់​ដែល​បាតុកម្ម​អាចធ្វើ​ឡើង​ដោយសារ​សេរី ប៉ុន្តែ​សិទ្ធិ​មូលដ្ឋាន​នេះ ហាក់​ថមថយ​នាពេល​ចុងក្រោយ ខណៈ​ប៉េកាំង​ហាក់​លូកដៃ​ចូល​ខ្លាំង​ក្នុង​កិច្ចការ​ទីក្រុង​ស្វយ័ត​នេះ​ទៀត​៕  

Tag:
 ចិន​
  ហុងកុង​
  Carrie Lam
© រក្សាសិទ្ធិដោយ thmeythmey.com