ភ្នំពេញ៖ ឡុង ម៉ាឡែន គឺជាមនុស្សស្រីម្នាក់ ដែលស្រលាញ់ភេទដូចគ្នា (ក្រុម LGBTs)។ សេចក្តីស្រលាញ់ដែលផ្ទុយពីផ្នត់គំនិតសង្គមនេះ ម៉ាឡែន ត្រូវរងសម្ពាធពីគ្រួសារ និងការរើសអើងពីមជ្ឈដ្ឋានជុំវិញខ្លួន។ ដ្បិតជួបបញ្ហាប្រឈមបែបនេះក្តី ប៉ុន្តែ ម៉ាឡែន នៅតែជឿជាក់ថា ខ្លួននឹងយកឈ្នះឧបសគ្គនានា តាមរយៈចំណេះដឹង ភាពរឹងប៉ឹង និងឯករាជ្យភាព។
«បើកើតមកពិការអញស្រលាញ់លើសដើម តែនេះកើតមកជាស្រីបែរជាស្រលាញ់ស្រីដូចគ្នា អញទទួលយកមិនបានទេ»។ នេះជាការរៀបរាប់របស់ ឡុង ម៉ាឡែន ពីសម្តីរបស់ម្ដាយដែលមិនពេញចិត្តចំពោះទង្វើរខុសធម្មជាតិខ្លួន ប្រាប់សារព័ត៌មានថ្មីៗ។
ស្ថិតនៅក្នុងសម្លៀកបំពាក់ខោជើងវែង អាវដៃវែង មានរាងស្ដើង និងសក់ឡុងសុង ម៉ាឡែន ធ្លាប់ត្រូវបានឪពុកម្ដាយ និងគ្រួសារបណ្ដេញចេញពីផ្ទះ កាលពីអំឡុងឆ្នាំ២០១៦ នៅពេលដែលដឹងថា នាងស្រលាញ់មនុស្សស្រីដូចគ្នា។ វាជាសម្ពាធផ្លូវចិត្ត និងការរើសអើងមួយពីសំណាក់គ្រួសារមកលើ ម៉ាឡែន ។ ប៉ុន្តែវាមិនបានធ្វើឲ្យ ម៉ាឡែន ផ្លាស់ប្ដូរអត្តចរិកឡើយ ហើយវារឹតតែជំរុញចិត្ត ម៉ាឡែន ថែមទៀត ក្នុងការយកឈ្នះចិត្តគ្រួសារ ឲ្យបញ្ឈប់ការរើសអើងលើមនុស្សស្រលាញ់ភេទដូចគ្នា។
«មានតែចំណេះដឹង ភាពរឹងប៉ឹង និងឯករាជ្យទេ ទើបអាចជម្នះការរើសអើង»
«បរាជ័យមានអ្វីគួរឲ្យខ្លាច អ្វីដែលគួរឲ្យខ្លាចនោះ គឺចិត្តបរាជ័យ»។ នេះគឺជាទ្រឹស្តីមួយ នៅក្នុងរឿង«សាមកុក» របស់ចិន ដែលបង្ហាញពីការជំរុញ និងលើកទឹកចិត្តខ្លួនឯង ក្នុងការពុះពារជម្នះឧបសគ្គនានា ដូចនឹងអ្វីដែល ឡុង ម៉ាឡែន កំពុងអនុវត្តសព្វថ្ងៃនេះអ៊ីចឹង។ ធ្លាប់រងការប្រមាថ ជេស្តីពីគ្រួសារ និងរស់នៅក្រៅផ្ទះអស់រយៈពេល៦ខែ ទាំងខ្វះខាតផ្នែកហិរញ្ញវត្ថុ រួមទាំងការបង្ខំឲ្យរៀបការជាមួយមនុស្សប្រុស តាមរយៈសម្ពាធគ្រប់បែបយ៉ាងពីម្ដាយឪពុក ដែលចង់កែប្រែអត្តចរិកស្រលាញ់ភេទដូចគ្នារបស់ ម៉ាឡែន នោះ គឺសុទ្ធតែជារឿងរ៉ាវជីវិត ដែល ម៉ាឡែន ធ្លាប់បានឆ្លងកាត់។ ប៉ុន្តែ ម៉ាឡែន មិនដែលចុះញមនឹងសម្ពាធគ្រួសារឡើយ បើទោះជាបច្ចុប្បន្នគ្រួសារនៅតែមិនទទួលស្គាល់ការពិតរបស់ ម៉ាឡែន ក្តី ។ ម៉ាឡែន នៅតែមានសង្ឃឹមថា គ្រួសារនឹងទទួលយកការពិតរបស់ខ្លួននាពេលអនាគត តាមរយៈចំណេះដឹង ភាពរឹងប៉ឹង និងឯករាជ្យភាព ដែលអាចជម្នះការរើសអើងពីសំណាក់គ្រួសារ និងសង្គមជាតិ។
និស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្ររូបនេះ បាននិយាយដូច្នេះថា៖«មូលហេតុដែលឪពុកម្ដាយខ្ញុំ អត់ទទួលយកហ្នឹង គឺទី១ គាត់តែងតែនិយាយពាក្យថាខ្មាស់គេ ព្រោះគាត់ប្រើជីវិតគាត់រស់នៅជាមួយមាត់អ្នកដទៃច្រើន គាត់មានផ្នត់គំនិតបែបហ្នឹង។ ហើយមួយទៀត គាត់អត់ទុកចិត្តថា ខ្ញុំអាចមានគ្រួសារមួយ ដែលអាចមើលថែគ្នាដល់ចាស់បាន។ ហើយអ្វីដែលពួកខ្ញុំ(ម៉ាឡែន និងដៃគូ)អាចធ្វើបាន គឺយើងលើកទឹកចិត្តគ្នា ប្រឹងប្រែងធ្វើការសន្សំលុយ។ ហើយនៅពេលដែលយើងរឹងប៉ឹង យើងនៅតែមើលថែរក្សាពួកគាត់(ម្ដាយឪពុក) រហូតគាត់មើលឃើញថា យើងអាចមានគ្រួសារសាមញ្ញ និងការងារល្អ រកស៊ីដោយថ្លៃថ្នូរ»។
មែនទែនទៅ យុវវ័យស្រលាញ់ភេទដូចគ្នា វ័យ២៩ឆ្នាំរូបនេះ ធ្លាប់បាននាំដៃគូខ្លួន ទៅជួបឪពុកម្ដាយម្ដងរួចមកហើយ ប៉ុន្តែត្រូវបានគ្រួសារបដិសេធ និងមិនទទួលស្គាល់អ្នកទាំងពីរឡើយ។ ផ្ទុយពីការគិតបែបអវិជ្ជមានរបស់គ្រួសារខ្លួននេះ ម៉ាឡែន ក៏ប្រមូលយកសម្ពាធទាំងនោះ មកធ្វើជាកម្លាំងចិត្ត ដោយជំរុញឲ្យ ម៉ាឡែន ហ៊ានចេញមុខកាន់តែខ្លាំង នៅក្នុងសកម្មភាពគាំទ្រ និងលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ជាមួយនឹងអង្គការសង្គមស៊ីវិលនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
គ្មានអ្នកណាម្នាក់ចង់កើតមក ឲ្យគេមាក់ងាយទេ! ដូច្នេះខ្ញុំនឹងតស៊ូឲ្យមានការទទួលស្គាល់ការពិត…
«អ្វីដែលខ្ញុំចង់បាន គឺការគោរពសិទ្ធិគ្នាក្នុងនាមជាមនុស្សដូចគ្នា ហើយខ្ញុំក៏មិនចង់បានអ្វីពិសេសលើសគេដែរ ក្រៅពីភាពស្មើគ្នា»។ នេះជាការលើកឡើងរបស់ ឡុង ម៉ាឡែន ដែលមិនចង់ឃើញការរើសអើងមកលើអ្នកស្រលាញ់ភេទដូចគ្នា នៅក្នុងសង្គមឡើយ។ ស្ថិតនៅក្នុងចំណោមមនុស្សដែលមានទំនោលស្នេហាទៅលើភេទដូចគ្នានោះ ម៉ាឡែន តែងតែចូលរួមសកម្មភាពទាមទារ ផ្សព្វផ្សាយនិងអប់រំពីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ដើម្បីបញ្ចៀសការប្រមាថមាក់ងាយ មកលើពួកគេ ហើយផ្ដល់ជំនួសមកវិញនូវការលើកទឹកចិត្ត និងការទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នា។
នៅពេលសួរថា តើ ម៉ាឡែន តូចចិត្តទេ ដែលកើតមកជាមនុស្សស្រលាញ់ភេទដូចគ្នាបែបនេះ? យុវវ័យស្រលាញ់ភេទដូចគ្នារូបនេះ បាននិយាយពីអារម្មណ៍ខ្លួនថា «តូចចិត្ត»! ប៉ុន្តែក្រៅពីការតូចចិត្ត គឺមានតែការតស៊ូទេ ទើបអាចជម្នះការរើសអើង និងមាក់ងាយ។
ជាបុគ្គលិកនៅអង្គការមួយ ហើយក៏ធ្វើការជាមួយក្រុមអ្នកស្រលាញ់ភេទដូចគ្នាដែរនោះ កូនពៅអ្នកក្រុងភ្នំពេញរូបនេះ បាននិយាយដូច្នេះថា៖«ការពិតពួកយើងអាចតូចចិត្ត ព្រោះថា គ្មានអ្នកណាមួយចង់កើតមក ត្រូវបានគេរើសអើង មាក់ងាយទេ ដែលមិនខុសអ្វីពីជនពិការ ដែលកើតមកពិការមក(ពីកំណើត)ហើយ។ អ៊ីចឹងគឺយើងអត់ចង់បានអ៊ីចឹងទេ ប៉ុន្តែដោយសារធម្មជាតិ ហើយកំណើតបង្កើតមកបែបនេះហើយ។ ដូច្នេះអ្វីដែលយើងអាចធ្វើបានក្រៅពីការតូចចិត្ត គឺការតស៊ូនៅក្នុងជីវិតរបស់យើង»។
សម្រាប់យុវវ័យរាងស្ដើង និងមានម៉ូតសក់ឡុងសុងរូបនេះ ការលុបបំបាត់ការរើសអើងលើអ្នកស្រលាញ់ភេទដូចគ្នានោះ គឺត្រូវផ្ដើមចេញពីក្រុម LGBTs ខ្លួនឯង ដែលត្រូវរៀបចំខ្លួនឲ្យមានសេចក្តីថ្លៃថ្នូរ មានចំណេះដឹង ភាពរឹងប៉ឹង ជាពិសេសធ្វើខ្លួនជាពលរដ្ឋល្អ ដោយមិនផ្ដល់ផលអាក្រក់ដល់សង្គមជាតិ។ «ជីវិតរបស់យើង(អ្នកស្រលាញ់ភេទដូចគ្នា) គឺមានតម្លៃស្មើគេដែរ គ្រាន់តែយើងត្រូវឆ្លងកាត់ឧបសគ្គច្រើនជាងគេបន្តិច ហើយបើយើងឆ្លងកាត់ឧបសគ្គបាន យើងក៏នឹងរឹងមាំជាងគេដែរ ហើយជីវិតយើងក៏មានតម្លៃជាងគេរដែរ»។ នេះជាការលើកឡើងរបស់កូនពៅនៃគ្រួសារអ្នករស់នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
«បើគ្រាប់ពូជមួយ បានដុះនៅលើដីហើយ សង្គមជាតិគួរតែថែរក្សាគ្រាប់ពូជនោះឲ្យបានល្អ »
នៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០១២ មានសហគមន៍មួយឈ្មោះថា សហគមន៍ឥន្ធនូ បានយកប្រធានបទពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ប្រារព្ធនៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ។ មួយថ្ងៃក្រោយនៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសឲ្យមន្ត្រី និងអាជ្ញាធរទាំងអស់ ផ្ដល់តម្លៃទៅលើអ្នកស្រលាញ់ភេទដូចគ្នា និងកុំរើសអើងពួកគេ។
បីឆ្នាំក្រោយពីមានការបើកទំលំទូលាយនៃការស្រលាញ់ភេទដូចគ្នា ពោលគឺនៅចុងឆ្នាំ២០១៥ យុវវ័យ ឡុង ម៉ាឡែន ដែលលាក់ទុកធាតុពិតនៃចរិតរបស់ខ្លួនជាយូរឆ្នាំមកនោះ ក៏បានចេញមុខបន្តិចម្ដងៗ បង្ហាញជាសាធារណៈថា ខ្លួនក៏ជាមនុស្សស្រីម្នាក់ ដែលស្រលាញ់ស្រីដូចគ្នាដែរ។ ដ្បិតមានការបើកចំហរទូលំទូលាយក្តី ប៉ុន្តែអ្នកស្រលាញ់ភេទដូចគ្នានៅតែទទួលរងការរើសអើង ដោយ ម៉ាឡែន ត្រូវបានគ្រួសារជេរស្តី និងរងការប្រមាថពីមិត្តភក្តិនៅក្នុងថ្នាក់រៀន និងសង្គមខាងក្រៅ។
ដោយសារឆ្លងកាត់បញ្ហាប្រឈមនៅជុំវិញខ្លួន ដែលកើតចេញពីសេចក្តីស្រលាញ់ភេទដូចគ្នាខុសបែបបទធម្មជាតិនេះហើយ ទើប ម៉ាឡែន លើកជាគំនិតបែបពិចារណាថា មនុស្សម្នាក់ៗតែងតែចង់បានការស្រលាញ់ ការគោរព និងឲ្យតម្លៃស្មើគ្នា ដូច្នេះក្រុមអ្នកស្រលាញ់ភេទដូចគ្នាក៏ចង់បានបែបនោះដែរ។ ក្នុងន័យនេះ ម៉ាឡែន បាននិយាយថា បើគ្រាប់ពូជមួយ បានដុះនៅលើដីហើយ សង្គមជាតិគួរតែថែរក្សាគ្រាប់ពូជនោះឲ្យបានល្អដែរ។
«ចំពោះសង្គមជាតិវិញ ខ្ញុំសង្ឃឹមថា នៅពេលគ្រាប់ពូជកើតឡើងនៅលើផែនដីហើយ ដូច្នេះសង្គមជាតិប្រៀបបានដូចជា បរិយាកាស ដី ទឹក សម្រាប់ពួកយើងដែរ។ បើសង្គមជាតិជ្រើសរើសថែរក្សាគ្រាប់ពូជហ្នឹង គ្រាប់ពូជនេះ តិចឬច្រើន ប្រាកដជាដុះមកហើយផ្ដល់ផលវិញដ៏ល្អ ដល់សង្គមជាតិវិញដូចគ្នា។ ប៉ុន្តែបើសង្គមជាតិផ្ដល់បរិយាកាសមិនល្អ ដោយការរើសអើង និងការស្អប់ខ្ពើម ដូច្នេះលទ្ធផលពិតណាស់ គ្រាប់ពូជនោះ ស្អុយរលួយ ហើយនឹងអាចបំផ្លាញដល់សង្គមជាតិវិញទៀត»។ នេះជាការលើកឡើងរបស់សកម្មជនអ្នកស្រលាញ់ភេទដូចគ្នាខាងលើ ដែលផ្ដាំឲ្យក្រុម LGBTs ទាំងអស់ ប្រឹងជម្នះឧបសគ្គនៅចំពោះមុខ ដើម្បីបញ្ចប់ការរើសអើងមកលើអ្នកស្រលាញ់ភេទដូចគ្នា៕