លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំង បានជំរុញជាថ្មីឲ្យសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា តទល់ជាមួយលោក នៅតុលាការប្រទេសបារាំង មិនមែននៅតុលាការកម្ពុជានោះទេ។
លោក សម រង្ស៊ី បានចូលទៅសរសេរក្នុង Comment របស់លោកថា តុលាការកម្ពុជា នឹងឲ្យសម្តេច ស ខេង ឈ្នះ១០០។ លោក ស្នើបែបនេះថា៖«បើលោក ស ខេង ចង់មានភាពថ្លៃថ្នូរមែន គាត់មិនគួរទៅលេងសើចជាមួយតុលាការទីក្រុងភ្នំពេញសព្វថ្ងៃនេះទេ។ តុលាការនេះ ជាតុលាការអាយ៉ង ដែលចាំតែស្តាប់បញ្ជាពីអ្នកនយោបាយកាន់អំណាចសព្វថ្ងៃ»។
ការឆ្លើយតបរបស់លោក សម រង្ស៊ី គឺធ្វើឡើងក្រោយពីសម្តេច ស ខេង បង្ហោះសារលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ថា ការដែលសម្តេច សម្រេចចិត្តប្តឹងលោក សម រង្ស៊ី គឺដើម្បីដាស់តឿនដល់អ្នកនយោបាយ ឲ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មាន ក្នុងចេតនាទុច្ចរិត មួលបង្កាច់ និងបំបែកបំបាក់។
លោក សម រង្ស៊ី សរសេរទៀតថា សាលក្រមរបស់តុលាការកម្ពុជា គ្មានតម្លៃអ្វីទេ បើគិតពីគតិយុត្តិធម៌ ពីព្រោះអ្នកទន់ខ្សោយ ឬ អ្នកក្រ ដែលគ្មានសែស្រឡាយនយោបាយ គឺជាអ្នកចាញ់។ លោក បន្តថា បណ្តឹងរបស់សម្តេច ស ខេង ដែលប្តឹងលោកនាពេលនេះ គឺធ្វើតាមបញ្ជារបស់សម្តេច ហ៊ុន សែន។
កាលពីថ្ងៃទី១ ខែកក្កដា មេធាវីបីរូបរបស់សម្តេច ស ខេង បានធ្វើបណ្តឹងដាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក សម រង្ស៊ី ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ លោក សម រង្ស៊ី រងបទចោទនេះ បន្ទាប់ពីលោក បង្ហោះសំណេរលើបណ្តាញសង្គមថា លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ មានគម្រោងសងសឹកជូនឪពុក គឺលោក ហុក ឡុងឌី អគ្គស្នងការនគរបាលជាតិ ដែលបានស្លាប់ដោយសារគេបំផ្ទុះគ្រាប់បែកក្នុងឧទ្ធម្ភាគចក្រ កាលឆ្នាំ២០០៨។ លោក លើកឡើងទៀតថា សម្តេច ស ខេង បានគាំទ្រគម្រោងនេះ ហើយសម្តេច ហ៊ុន សែន បានដឹង និងកំពុងរៀបចំផែនការដកសម្តេច ស ខេង ចេញពីតំណែង។
ក្រុមមេធាវី ចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការប្រឌិតព័ត៌មាន ដើម្បីញុះញង់និងបំបែកបំបាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា។ ក្រុមមេធាវី ទារសំណងដល់ទៅ១លានដុល្លារពីលោក សម រង្ស៊ី ជូនទៅសម្តេច ស ខេង។
ដំបូង សម្តេច ហ៊ុន សែន និង សម្តេច ស ខេង បានប្រកាសរួមគ្នាថា នឹងប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំង។ តែទីបំផុត សម្តេច ស ខេង សម្រេចប្តឹងនៅតុលាការកម្ពុជា។ ចំណែកសម្តេច ហ៊ុន សែន មិនសម្រេចចិត្តនៅឡើយ។
ពេលឮថា សម្តេចទាំងពីរ ចង់ប្តឹងទៅតុលាការបារាំង លោក សម រង្ស៊ី មិនបានព្រួយបារម្ភទេ តែបែរជាបង្ហាញក្តីត្រេកអរទៅវិញ និងពន្យុះសម្តេចទាំងពីរ ជាពិសេសសម្តេច ហ៊ុន សែន ឲ្យឆាប់ប្តឹងលោក និងប្តឹងលើបទសល្មើសដទៃទៀត ដែលលោកចោទប្រកាន់ ដូចជាការបំផ្ទុះគ្រាប់បែកឆ្នាំ១៩៩៧ ឃាតកម្មលើអ្នកស្រី ពិសិដ្ឋ ពីលិកា និង ឃាតកម្មលើលោកបណ្ឌិត កែម ឡី ជាដើម។ លោក យល់ថា បើសម្តេច ហ៊ុន សែន ប្តឹងលោកទៅតុលាការបារាំងមែន នឹងដឹងសខ្មៅ។
លោក ឌី វិជ្ជា ក៏ប្រកាសប្តឹងលោក សម រង្ស៊ី ផងដែរ ប៉ុន្តែមកដល់ពេលនេះ បណ្តឹងរបស់លោក មិនទាន់កើតឡើងនោះទេ។ លោក ឌី វិជ្ជា ធ្លាប់បំភ្លឺថា ឪពុកលោក បានសម្លាប់ក្នុងឧបទ្ទវហេតុផ្ទុះឧទ្ធម្ភាគចក្រ ដោយបង្កឡើងដោយគ្រោះធម្មជាតិ មិនមែនគេដាក់គ្រាប់បែកបំផ្ទុះដូចការលើកឡើងរបស់លោក សម រង្ស៊ី ឡើយ៕