ជាតិ
សង្គមជាតិ
ក្រសួង​ដែនដី សម្រេច​មិន​ដោះស្រាយ​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​១៩៧​គ្រួសារ និង​ឧកញ៉ា ហេង ហ៊ុយ
09, Jul 2019 , 7:19 pm        
រូបភាព
​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានសម្រេច​មិន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​១៩៧​គ្រួសារ និង ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខ័ល​ឈ័​រ​គ្រុប នោះទេ​។ ក្រសួង​បាន​អះអាងថា ទំនាស់​ដីធ្លី​ខាងលើ អាជ្ញាធរ​បាន​ដោះស្រាយ​រួចរាល់​ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​។

 
​ទំនាស់​ដីធ្លី​ខាងលើនេះ​កើតឡើង​នៅក្នុង ភូមិ​តានី ភូមិ​ជីខ ភូមិ​ឈូក ឃុំ​ជីខ​លើ និង​ភូមិ​ចំបក់ ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ក្រសួង​បានសរសេរថា តាម​ការពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​កន្លងមក​ឃើញថា នៅលើ​ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ ១៩៧​គ្រួសារ កំពុង​ទាមទារ​នោះ ជាទី​តាំង​ដី​ដែល​ធ្លាប់មាន​វិវាទ​រវាង​ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខ័ល​ឈ័​រ​គ្រុប ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​-​អ៊ិ​ស្លាម​ចំនួន​៦៩​គ្រួសារ​, ក្រុម​ប្រជាពលរដ្ឋ​២៦ គ្រួសារ​, ក្រុម​ប្រជាពលរដ្ឋ​១៥​គ្រួសារ​, ក្រុម​ប្រជាពលរដ្ឋ ៩​គ្រួសារ​, ក្រុម​ប្រជាពលរដ្ឋ ២​គ្រួសារ និង​ឈ្មោះ សុខ ហុង ហើយ​ត្រូវបាន​ដោះស្រាយ​រួចរាល់​ទាំងស្រុង ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​តុលាការ​គ្រប់​ថ្នាក់​។ ផ្អែកលើ​ការដោះស្រាយ​នេះ​នៅ​ឆ្នាំ​២០១១ ក្រុមហ៊ុន ហេង ហ៊ុយ អេ​ហ្គ្រី​ខ័ល​ឈ័​រ​គ្រុប បានទទួល​គ្រប់គ្រង​ដី​នេះ​ជា​កម្មសិទ្ធិ​ស្របច្បាប់​រហូតមក​។​
 
​ក្រសួង​ដែនដី​បានបញ្ជាក់​ជំហរ​ដូច្នេះ​ថា​៖«​មិន​ទទួលដោះស្រាយ​ការទាមទារ​របស់​ប្រជាពលរដ្ឋ ១៩៧ គ្រួសា​នោះទេ​»​។​
 
​ក្នុង​ញត្តិ​ដែល​ប្រជាពលរដ្ឋ​ទាំង​១៩៧​គ្រួសារ​បានដាក់​ទៅ​ក្រសួង​កាលពីដើម​ខែកក្កដា បាន​ឲ្យ​ដឹងថា ពួកគេ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អេ​គ្រី​ខាល់​ឈ័​រ​គ្រុប ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ ហើយ​បាន​ស្នើសុំ​ដី​ទំហំ​៤២១​ហិកតា ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​វិញ និង​សំណង​ចំនួន​៧​ពាន់​ដុល្លារ ក្នុង​មួយ​គ្រួសារ​។​
 
​លោក ហួរ អ៊ី​ន មន្ត្រី​នៃ​អង្គការ​លីកាដូ​ប្រចាំខេត្ត​កោះកុង បាន​និយាយថា ប្រជាពលរដ្ឋ​១៩៧ គ្រួសារ​ពិតជា​មាន​ជម្លោះ​ជាមួយនឹង​ឧកញ៉ា ហេង ហ៊ុយ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​យកទៅ​ដាំ និង​ផលិត​ស្ករអំពៅ​មែន​។ ហើយ​មកដល់ពេលនេះ​មិនទាន់​ទទួលបាន​សំណង​នោះទេ​។ លោក ស្នើ​ឲ្យ​រដ្ឋាភិបាល​ចុះ​ស៊ើបអង្កេត​ប​ន្តែ​ម​លើ​ករណីនេះ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន មុននឹង​ច្រានចោល​លើ​បណ្ដឹង​របស់​ពលរដ្ឋរ​ង​គ្រោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com