អន្តរជាតិ
អភិបាលក្រុងសេអ៊ូល សន្យាពង្រីកគម្រោងលំនៅឋានសាធារណៈសម្រាប់អ្នករៀបការថ្មីថ្មោង និងយុវជន ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង (ប្រភពរូប៖ Bloomberg)
× ក្នុងគោលដៅដោះស្រាយវិបត្តិផ្ទះសំបែង លោក Park Won-soon អភិបាលក្រុង សេអ៊ូល សន្យាផ្តោតសំខាន់លើការពង្រីកគម្រោងលំនៅឋានសាធារណៈ អំឡុងពេលដែលនៅសេសសល់របស់លោកចំនួន៣ឆ្នាំក្នុងតំណែង។ សម្រាប់គម្រោងនេះ លោក ចង់ជួយដល់អ្នករៀបការថ្មីថ្មោង និងយុវជនដែលទើបបញ្ចប់ការសិក្សា ប៉ុន្តែគ្មានប្រាក់ទិញផ្ទះ ឬជួលផ្ទះក្នុងទីក្រុង។
ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី ៤ កក្កដា លោក Park បញ្ជាក់ថា លោក នឹងយកចិត្តទុកដាក់លើគោលនយោបាយនានា ដែលពង្រឹងជីវភាពរបស់ប្រជាជនដោយផ្ទាល់ ដូចជា សេវាកម្មថែទាំសុខភាព និងលំនៅឋានជាដើម។
«ជាមួយសេដ្ឋកិច្ចកូរ៉េខាងត្បូងកំពុងថមថយកម្លាំង រដ្ឋបាលក្រុង សេអ៊ូល នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហា ដែលពាក់ព័ន្ធនឹងសុខមាលភាពរបស់ប្រជាជន ។ អ្វីដែលសំខាន់នោះគឺ យើង នឹងពង្រីកគម្រោងលំនៅឋានសាធារណៈ»។ នេះជាការបកស្រាយរបស់លោកអភិបាលក្រុង Park ដែលកាន់តំណែងនេះចំនួនបីលើកមកហើយនោះ។
តាមការចុះផ្សាយរបស់កាសែត Korea Times គម្រោងបឋម នឹងផ្តល់លំនៅឋានសាធារណៈថ្មីចំនួន ២៥០០០ខ្នង ជារៀងរាល់ឆ្នាំ ជាពិសេសសម្រាប់គូស្វាមីភរិយាថ្មីថ្មោង និងយុវជនដែលទើបតែបញ្ចប់ការសិក្សា តែគ្មានលទ្ធភាពជួលផ្ទះសំបែងសម្រាប់ស្នាក់នៅក្នុងទីក្រុង។
ដោយលើកពីគំរូរបស់ទីក្រុងសិង្ហបុរី និងទីក្រុងវីយែន លោកអភិបាល Park សង្កត់ធ្ងន់ថា គម្រោងលំនៅឋានបែបនេះ នឹងគ្របដណ្តប់ទាំងប្រជាជនមានដែលប្រាក់ចំណូលទាប និងមធ្យមផងដែរនាពេលអនាគត។
គិតត្រឹមខែឧសភា ឆ្នាំ២០១៩ ចំនួនលំនៅឋានសាធារណៈក្នុងទីក្រុងសេអ៊ូល មានចំនួន ៣០៦ ២៨៥ខ្នង ដែលកើនឡើង ៧០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១១ ពោលគឺនៅពេលលោក Park ត្រូវបានជ្រើសរើសជាអភិបាលក្រុងសេអ៊ូលជាលើកដំបូង។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីក្រុងសេអ៊ូល មានគោលនយោបាយផ្ទះសំបែងចំនួនពីរប្រភេទសម្រាប់យុវជន និងដៃគូទើបរៀបការថ្មីថ្មោងជនជាតិកូរ៉េ។ គោលនយោបាយទីមួយ សំដៅលើការផ្តល់ឲ្យនូវលំនៅឋានសង្គមតាមប្រភេទ ដែលមានតម្លៃទាបជាងអត្រាទីផ្សារ ហើយចំណែកទីពីរ សំដៅលើការផ្តល់កម្ជីដែលមានអត្រាការប្រាក់ទាប សម្រាប់អ្នកដែលត្រូវការជួលផ្ទះ៕
Tag:
កូរ៉េខាងត្បូង
សេអ៊ូល
គម្រោងលំនៅឋាន
© រក្សាសិទ្ធិដោយ thmeythmey.com