ជាតិ
សង្គមជាតិ
អ្នកផលិត​បទ​ចម្រៀង​ខកចិត្ត ព្រោះ​មាន​អ្នកលួចយក​ស្នាដៃ​ទៅ​បង្ហោះ Youtube ហើយ​ចុះ​កម្មសិទ្ធិបញ្ញា​
09, Jul 2019 , 4:28 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ បាន​បញ្ចេញ​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​ទាក់ទង​នឹង​ការ​លួច​យក​ស្នាដៃ​ទៅ​បង្ហោះ Youtube ខណៈ​ខ្លួន​មិនទាន់​ផ្សព្វផ្សាយ​ជា​ផ្លូវការ​។ ម្ចាស់​បទ​ចម្រៀង​«​ឆ្ងាយ​» រូបនេះ ចង់​ឲ្យ​មានការ​គោរព​ស្នាដៃ​ខ្លួន បើ​មិន​ដូច្នោះ​ទេ សកម្មភាព​លួច​ចម្លង​ពិតជា​បង្អាក់ដំណើរ​ស្នាដៃ​បង្កើត​ថ្មី​របស់ខ្លួន​។​

 
«​វីដេអូ​ចម្រៀង បទ "​ឆ្ងាយ​" មិនអាច​បញ្ចេញ​ជា​ផ្លូវការ​បាន​ដោយសារ​ព្រោះ​តែមាន​អ្នកយក​បទ​ចម្រៀង​នេះ​ទៅ​ចែកចាយ​នៅលើ​"YouTube" មុន​ខ្ញុំ ហើយ​ពួកគាត់​កំពុងតែ​មានឈ្មោះ​ជា​ម្ចាស់​លើ​បទ​ចម្រៀង​នេះ​ទៀតផង​(Own the YouTube content ID)»​។  នេះ​ជាការ​ត្អូញត្អែ​របស់​យុវជន ម៉ម ពេ​ជ្ជ​រិ​ទ្ធ នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​


រូបពី​លោក មំម ពេជ្ជ​រិទ្ធ 

​ជាមួយនឹង​អារម្មណ៍​អស់សង្ឃឹម តារាចម្រៀង​វ័យក្មេង​រូបនេះ បាន​សរសេរ​បន្ថែមថា​៖ «​ខ្ញុំ​ប្រហែលជា​ត្រូវ​បោះចោល វី​ឌី​អូ Music Video បទ «​ឆ្ងាយ​» ដែល​បាន​ថត​នៅ​សហរដ្ឋអាមេរិក​នេះ​ទៅ​ក្រោម​គ្រែ​ហើយ​»​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​បានឡើយ​ពី​លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ ប៉ុន្តែ​លោក​បាន​អះអាង​យ៉ាងខ្លី​ថា ធ្លាប់បាន​ទាក់ទង​អ្នក​ដែល​លួច​វីដេអូ​ទៅ​បង្ហោះ​រួចហើយ ប៉ុន្តែ​គ្មាន​ការឆ្លើយតប​ណាមួយ​ឡើយ​។ «​ខ្ញុំ​បាន​ផ្ញើរ​សារ​ទៅ​បង​អ្នក​យកទៅ​ផុស​មុន​ហ្នឹង ដើម្បី​ជួប​មុខ​និយាយ​គ្នា​អំពី​រឿងនេះ តែ​ផ្ទុយទៅវិញ មិន​តប មិន​និយាយ​ជាមួយ ហើយ​គ្រាន់តែ​លុប​បទ ឆ្ងាយ​ចេញពី channel គាត់​។ តើ​អ្នក​ណាមួយ នឹងចូលរួម​ជាមួយ​ខ្ញុំ និង​ក្រុម ដើម្បី​ចាត់ការ​ទៅលើ​រឿង​កម្ម​សិទ្ធ​បញ្ញា​លើ YouTube នេះ​»​។ 
 
​ទាក់ទង​នឹង​បញ្ហា​នេះ កញ្ញា រិទ្ធី លំអរ​ពេជ្រ ស្ថាបនិក​រៀបចំ​កម្មវិធី​បុណ្យ​ភូមិ និង​ជា​អ្នកគ្រប់គ្រង​សមាជិក Small World Small Band បាន​ឆ្លើយតប​ជំនួស​លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ ថា ក្រុម​របស់​កញ្ញា​ពិតជា​មានការ​ខកចិត្ត​ជា​យូរ​មកហើយ​ចំពោះ​ជន​ដែល​យក​បទ​ចម្រៀង​ខ្លួន​បង្ហោះ​ក្នុង Youtube channel ដែល​គ្មាន​សុំ​ការអនុញ្ញាត​ជាមុន​។  
 
​កញ្ញា រិទ្ធី លំអរ​ពេជ្រ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​អ្នក​ដែល​លួច​យក​បទ​ចម្រៀង​របស់​ក្រុម​របស់ខ្ញុំ​ទៅ​បង្ហោះ​ក្នុង Youtube របស់ខ្លួន​នោះ វា​កើតឡើង​តាំងពី​ក្រុម​ពួកយើង​ចាប់ផ្តើម​និពន្ធ​បទ​ចម្រៀង​មកម្ល៉េះ ដោយ​ពួកគេ​មិនបាន​ជជែក​ជាមួយ​យើង​ជាមុន​ទេ​។ ក្រុម​របស់​យើង​ធ្លាប់បាន​រក​អ្នក​ដែល​ជួយ​ដោះស្រាយ​រឿង​ហ្នឹង​ដែរ ប៉ុន្តែ​យើង​មិនដឹងថា​គួរតែ​រក​អ្នកពាក់ព័ន្ធ​ណា​ជួយ​ដោះស្រាយ​បញ្ហា​ហ្នឹង​ឡើយ​។ យើង​ស្ទើរតែ​បាត់បង់​ម្ចាស់ Youtube Channel ខ្លួនឯង​ទាំងស្រុង​ទៅហើយ​។ យើង​ក៏​កំពុង​ទូងស្គរ​ដង្ហោយ​ហៅរក​អ្នកជំនាញ​ដើម្បី​ជួយ​ទាញយក Own the youtube content ID មកវិញ ទើប​អាច​បញ្ចេញ​បទ​ចម្រៀង​«​ឆ្ងាយ​»​ជា​ផ្លូវការ​បាន ក្រោយពី​យើង​បានបញ្ចប់​ការថត​បទ​ចម្រៀង​នេះ​»​។ 
 
​កញ្ញា រិទ្ធី លំអរ​ពេជ្រ និង​សមាជិក​ក្រុម Small world Small band ច្រើន​រូប​ផ្សេងទៀត មិនបាន​បោះបង់​ការ​តែង​និពន្ធ​បទ​ចម្រៀង​សម្រាប់​បម្រើ​ដល់​មហាជន​នោះទេ ក្រោយពី​ជួប​បញ្ហា​នេះ​។ មូលហេតុ​ដែល​មិន​ធ្វើ​ឲ្យ​ក្រុម​កញ្ញា​មិន​បោះបង់​ការ​តែង​និពន្ធ​នេះ ដោយសារតែ​កញ្ញា​ពឹង​ទៅលើ​កម្លាំងចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​តែងតែ​គាំទ្រ​រាល់​ស្នាដៃ​និពន្ធ​។ ការគាំទ្រ​របស់​ទស្សនិកជន ពិតជា​ផ្នែក​មួយ​ដែល​អាច​កែប្រែ​ស្ថាន​ការ​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់​កញ្ញា រិទ្ធី លំអរ​ពេជ្រ​។  
 
​យ៉ាងណា​កញ្ញា​ចង់​ឲ្យ​ពលរដ្ឋ​គាំទ្រ​តែ​លើ​ស្នាដៃ​ណា​ដែលមាន​នៅក្នុង Youtube Channel ឬ​ក្នុង​ទំព័រ​ផ្លូវការ​របស់​ម្ចាស់​ដើម ដើម្បី​ជៀសវាង​គាំទ្រ​អ្នក​ដែល​លួច​យក​បទ​ចម្រៀង​ធ្វើជា​អាជីវកម្ម​ដែល​បំផ្លាញ​ទឹកចិត្ត​អ្នកនិពន្ធ​៕     

Tag:
 ​បទ​ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com