អន្តរជាតិ
មិនទាន់ចប់! តួកគី តាមចាប់យោធាច្រើនជាង២០០នាក់ទាក់ទងរដ្ឋប្រហារឆ្នាំ២០១៦ យោធាតួកគីជាច្រើនរូប ត្រូវចាប់ខ្លួនក្រោយសង្ស័យថា ពាក់ព័ន្ធរដ្ឋប្រហារឆ្នាំ២០១៦ ។ រូបភាព AFP
× បីឆ្នាំកន្លងទៅ សុំណុំរឿងរដ្ឋប្រហារនៅតួកគី នៅតែមិនចប់។ ប៉ូលិសតួកគី នៅថ្ងៃទី៩ ខែកក្កដា បានបើកប្រតិបត្តិការតាមចាប់យោធាច្រើនជាងពីររយនាក់ដែលពាក់ព័ន្ធការធ្វើរដ្ឋប្រហារបរាជ័យមួយក្នុងខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ដោយសារតែរដ្ឋប្រហារនេះ មនុស្សរាប់ពាន់នាក់ហើយត្រូវបានចាប់ឃុំខ្លួន ឬកាត់ទោស ហើយភាគច្រើនត្រូវចោទថា មានទំនាក់ទំនងនឹងលោក Fetullah Gulen ដែលកំពុងស្នាក់នៅទឹកដីសហរដ្ឋអាមេរិក។
គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ នេះ រដ្ឋប្រហារនៅតួកគីមានអាយុបីឆ្នាំហើយ។ អំឡុងខែកក្កដា ឆ្នាំ២០១៦ យោធាតួកគីមួយក្រុមបានរៀបចំរដ្ឋប្រហារមួយ ប៉ុន្តែមិនបានសម្រេច។ រថក្រោះជាច្រើនគ្រឿង ត្រូវបានពង្រាយក្នុងទីក្រុងធំៗក្រោមលេសធ្វើសមយុទ្ធ ខណៈយន្តហោះបានវាយប្រហារអាគារសភាទៀតផង។ រដ្ឋាភិបាលប្រនាធាធិបតី តៃយីប អ៊ែរដូហ្កាន់ បានកាត់ទោសមនុស្សជាច្រើនដែលពាក់ព័ន្ធចលនារបស់លោក Fetullah Gulen ដែលត្រូវចោទថា នៅពីក្រោយគម្រោងនេះ។
បីឆ្នាំកន្លងទៅ យុទ្ធនាការបង្ក្រាបអ្នកពាក់ព័ន្ធនៅមិនទាន់បញ្ចប់នៅឡើយ។ រដ្ឋអាជ្ញាទីក្រុងអ៊ីស្តង់ប៊ុល ប្រកាសថា ខ្លួនបានចេញដីកាចាប់ខ្លួនមន្ត្រីយោធាសកម្មចំនួន១៧៦នាក់មកពីអង្គភាពនានារបស់កងទ័ពតួកគីជុំវិញការសង្ស័យថា មានជាប់ពាក់ព័ន្ធលោក Gulen ។ នៅតំបន់ Aegean វិញ រដ្ឋអាជ្ញាក៏ចេញដីកាចាប់ខ្លួនមនុស្ស៣៥នាក់ផងដែរ ខណៈនៅខេត្ត Kocaeli ជនសង្ស័យចំនួន១៧នាក់ ក៏ត្រូវតាមចាប់ដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ក្រោយព្រឹត្តិការណ៍ឆ្នាំ២០១៦ នេះ អាជ្ញាធរតួកគី ចាប់មនុស្សរាប់ពាន់នាក់ដែលសង្ស័យ ហើយគ្មានសញ្ញាបង្ហាញថា ប្រតិបត្តិការនេះ អាចថមថយវិញឡើយដោយគេឃើញមានព័ត៌មាននៃការចាប់ខ្លួនស្ទើររៀងរាល់ថ្ងៃទៅហើយ។ យោធា មិនមែនជាមុខសញ្ញាតែមួយក្នុងការចាប់ខ្លួនឡើយ ដោយមន្ត្រីស៊ីវិលច្រើនទៀតក៏ត្រូវចាប់ខ្លួនដែរ។ បើតាមប្រភពខ្លះ មន្ត្រីទាំងស៊ីវិល និងយោធាចំនួន១៥ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីការងារដោយសាររឿងផងដែរ។
យុទ្ធនាការបោសសម្អាតនេះ រងការរិះគន់ខ្លាំងសម្ព័ន្ធមិត្តលោកខាងលិចរបស់តួកគី ហើយក្រុមអ្នកការពារសិទ្ធិមនុស្ស។ ប៉ុន្តែក្រុងអង់ការ៉ា មិនបានស្ដាប់ការអំពាវនាវឡើយ មានតែបង្កើនការចាប់ខ្លួនទៀតថែមទៀត។
ក្រុមអ្នករិះគន់ ចាត់ទុកប្រតិបត្តិការរបស់រដ្ឋាភិបាលលោក អ៊ែរដូហ្កាន់ ថា ជាការបោសសម្អាតក្រុមប្រឆាំងរដ្ឋាភិបាលទៅវិញ។ យ៉ាងណាមិញ មន្ត្រីតួកគី នៅតែការពារចំណាត់នេះ ហើយថា វាជារឿងចាំបាច់ក្នុងការបោសសម្អាតឥទ្ធិពលលោក Gulen ឲ្យអស់ពីស្ថាប័នរដ្ឋ។ ពីទឹកដីអាមេរិក លោក Gulen វិញ បានទាត់ចោលការចោទប្រកាន់ទាំងនេះ៕
Tag:
តួកគី
Fetullah Gulen
© រក្សាសិទ្ធិដោយ thmeythmey.com