DNA អាច​បង្ហាញ​អំពី​វិធី​ព្យាបាល​ឱ្យ​ជា​ឬ​ទប់​ទល់នឹង​ជំងឺមហារីក​
សុខភាព
អន្តរជាតិ
DNA អាច​បង្ហាញ​អំពី​វិធី​ព្យាបាល​ឱ្យ​ជា​ឬ​ទប់​ទល់នឹង​ជំងឺមហារីក​
09, Jul 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ការ​ពិនិត្យ​រក​មើល​មហារីក​ដោះ និង ​ក នៅ​មណ្ឌល​សុខភាព​ NorthPoint ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ ការ​ពិនិត្យ​រក​មើល​មហារីក​ដោះ និង ​ក នៅ​មណ្ឌល​សុខភាព​ NorthPoint ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋ​អាមេរិក។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ការព្យាបាល​ជំងឺមហារីក​តាម​ប្រពៃណី​ជា​ញឹកញយ​មាន​រួមបញ្ចូល​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ឬ​ជាតិគីមី​ដែល​ភាសា​អង់គ្លេស​ហៅថា chemotherapy ការប្រើ​កាំរស្មី X ឬ​ដោយ​ប្រើ​វិធី​ទាំងពីរ​។ ក៏ប៉ុន្តែ chemo និង​ការប្រើ​កាំរស្មី X សម្លាប់​កោសិកា​មាន​សុខ​ភាពល្អ​និង​កោសិកា​មហារីក ហើយ​ផលវិបាក​នៃ​ការព្យាបាល​ទាំងនេះ​ក៏មាន​ច្រើន​ដែរ​។

 
​ជួនកាល​ការវះកាត់​ជា​ជម្រើស​ល្អ​បំផុត ក៏ប៉ុន្តែ​មនុស្ស​ភាគច្រើន​ក៏បាន​ទទួល​ការព្យាបាល​តាម​វិធី​ផ្សំគ្នា​រវាង chemo និង​ការប្រើ​កាំរស្មី X បន្ថែមទៀត​។​
 
​ជារួម ការព្យាបាល​ជំងឺមហារីក​តម្រង់​ទីដៅ​ច្រើនជាង​មុន​ទៅលើ​កោសិកា​ជំងឺ​នេះ​។ ជា​ឧទាហរណ៍ ស្ត្រី​ដែលមាន​ជំងឺមហារីក​ដោះ​នៅក្នុង​ដំណាក់កាល​ដំបូង​អាច​ទទួល​ការព្យាបាល​តាម​កាំរស្មី X ដោយ​តម្រង់​ទៅកាន់​កន្លែង​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅក្រោយ​ការវះកាត់​យក​ដុំ​សាច់​ពក​រួចហើយ​។​


រូបឯកសារ៖ ការ​ឆ្លុះ​កាំ​រស្មី​ X រក​មើល​ជំងឺ​មហា​រីក។
 
​ជាមួយនឹង​វិធី​ព្យាបាល​របៀបនេះ ការប្រើ​កាំរស្មី X ខ្សោយ​ដែល​បាញ់​តម្រង់​ពី​ជ្រុង​ផ្សេងៗ​គ្នា ត្រូវចំ​តែ​កន្លែង​ដែល​កោសិកា​មហារីក​នៅមាន​សេសសល់ ជាជាង​ការប្រើ​កាំរស្មី X ទៅលើ​ដោះ​ទាំងមូល​។ បន្ថែម​ពីនេះ​ស្ត្រី​មាន​ជំងឺ​នេះ​មិនត្រូវ​ការព្យាបាល​ច្រើន​ទេ​។​
 
​លោកស្រី​វេជ្ជបណ្ឌិត Julia White នៃ​មជ្ឈមណ្ឌល Comprehensive Cancer Center នៃ​សាកលវិទ្យាល័យ​រដ្ឋ Ohio ពិនិត្យមើល​អំពី​លទ្ធផល​នៃ​របៀប​ព្យាបាល​ទាំងពីរ​នេះ​។​
 
​​«​ការព្យាបាល​ខ្លី​ចំនួន​ប្រាំ​ថ្ងៃ​បាន​ផល​ល្អ​ដូច​ការព្យាបាល​ដោយ​ប្រើ​កាំរស្មី X ពី​៤​ទៅ​៦​សប្តាហ៍​ដែ​រ‍​»​។​
 
​ការព្យាបាល​មួយបែប​ទៀត​គឺ​ការប្រើ​ប្រព័ន្ធ​ការពារ​នឹង​ជំងឺ​ក្នុង​រាងកាយ​ផ្ទាល់​ដើម្បី​ប្រឆាំងនឹង​ជំងឺមហារីក​។ លោក​វេជ្ជបណ្ឌិត William Nelson នៃ​មជ្ឈមណ្ឌល Johns Hopkins Medicine មានប្រសាសន៍ថា វិធី​ព្យាបាល​ដោយ​ប្រើ​ភាពស៊ាំ​នឹង​ជំងឺ​ក្នុង​រាងកាយ​ផ្ទាល់​នឹង​ក្លាយទៅជា​ការព្យាបាល​មាន​ស្តង់ដារ​ជាង​មុន​។​
 
«​នៅពេលនេះ​មានការ​ច្បាស់លាស់​ថា ប្រព័ន្ធ​ការពារ​នឹង​ជំងឺ​ក្នុង​រាងកាយ​ឃើញ​កោសិកា​មហារីក​ថា​មិនធម្មតា​ហើយ​ប្រសិនបើ​យើង​បញ្ចេញ​កម្លាំង​នៃ​ប្រព័ន្ធ​ភាពស៊ាំ​នឹង​ជំងឺ​ក្នុង​រាងកាយ កម្លាំង​នេះ​អាច​វាយប្រហារ​និង​បំផ្លាញ​កោសិកា​មហារីក​ក្នុង​វិធី​ល្អប្រសើរ​បា​ន‍​»​។​
 
​នៅមាន​វិធី​ព្យាបាល​មួយទៀត​ទាក់ទិន​នឹង​ព័​ន្ធុ​នៃ​កោសិកា​មហារីក​ហើយ​ប្រើ​ឱសថ​ដែល​បាន​ត្រូវ​ផ្សំ​ឡើង​សម្រាប់តែ​សម្លាប់​កោសិកា​ទាំងនោះ​។ លោកស្រី​វេជ្ជបណ្ឌិត Marcia Brose នៅឯ​មជ្ឈមណ្ឌល Abramson Cancer នៃ​
 
​សាកលវិទ្យាល័យ Pennsylvania ជា​អ្នកជំនាញ​ក្នុង​របៀប​ព្យាបាល​នេះ​ដោយ​ចំ​ដែលមាន​ឈ្មោះថា​ការធ្វើ​តេស្ត​បែប genomic និង​ការប្រើ​ឱសថ​ឱ្យចំៗ​។​
 
«​យើង​និយាយ​អំពី​ការបំផ្លាញ​កោសិកា​ដែល​បានចាប់ផ្តើម​ឱ្យមាន​ជំងឺមហារីក​និង​នេះ​ជា​អ្វី​ដែលជា​វិធី​ព្យាបាល​ដោយ​ចំ​កោសិកា​ទាំង​នេះ​»​។​


រូបឯកសារ៖ អ្នក​ជំងឺ​មហា​រីក​ដោះ​ម្នាក់​ទទួល​ការ​ព្យបាល​បែប​ chemotherapy នៅ​មជ្ឈមណ្ឌល​ជំងឺ​មហារីក Antoine-Lacassagne ទីក្រុង​ Nice ប្រទេស​បារាំង។
 
​លោកស្រី Brose បាន​និយាយ​តាម Skype ថា​ជំងឺមហារីក​នៃ​អ្នកជំងឺ​ម្នាក់ៗ​ខុសៗ​គ្នា​ដូច DNA ពួកគេ​ដែរ​។ ការដឹង​អំពី​សមាសភាព​នៃ​ជំងឺមហារីក​ជួយ​ពួក​វេជ្ជបណ្ឌិត​កំណត់​អំពី​ឱសថ​អ្វីដែល​អាច​ប្រើ​ក្នុងការ​ព្យាបាល​ដោយបាន​ផល​ល្អ​បំផុត​។​លោកស្រី​វេជ្ជបណ្ឌិត Brose បាន​មានប្រសាសន៍ថា​ការព្យាបាល​នេះ​មិន​ប៉ះពាល់​កោសិកា​មាន​សុខភាព​ល្អ​ទេ​ហើយ​អ្នកជំងឺ​តិចតួច​ត្រូវ​ថ្នាំ​ធ្វើទុក្ខ​ក្នុងការ​ព្យាបាល​បែបនេះ​។​
 
«​ចំពោះ​អ្នកជំងឺ​ពីរ​បីនាក់​ដែល​ខ្ញុំ​ព្យាបាល ប្រសិនបើ​ខ្ញុំ​បន្ថយ​ឱសថ​មួយកម្រិត​រឿង​ថ្នាំ​ធ្វើទុក្ខ​បាត់ទៅ​វិញ​ហើយ​ការព្យាបាល​នេះ​នៅតែមាន​ប្រសិទ្ធ​ភា​ព‍​»​។​
 
​លោកស្រី Brose បាន​និយាយ​ឱ្យ​ប្រុងប្រយ័ត្ន​ថា​ការព្យាបាល​បែបនេះ​មិនមែន​សម្រាប់​អ្នកជំងឺ​មហារីក​គ្រប់គ្នា​ទេ​។​
 
«​នៅពេលនេះ ខ្ញុំ​យល់ថា​ផលប៉ះពាល់​ធំ​បំផុត​មាន​ដល់​ពួក​អ្នកជំងឺ​ដែល​ជំងឺមហារីក​មិនទាន់​ជា​ហើយ​វិលត្រឡប់​មក​ទទួល​ការព្យាបាល​ច្រើនដង​ទៀត​ដោយសារ​ជំងឺមហារីក​បាន​រាលដាល​ទៅដល់​ផ្នែក​ឯទៀតៗ​នៃ​រាង​កា​យ‍​»​។​
 
​លោកស្រី​វេជ្ជបណ្ឌិត Brose បាន​និយាយថា​អ្នកជំងឺ​របស់លោក​ស្រី​ច្រើន​នាក់​ដែលមាន​ជំងឺមហារីក​ដំណាក់កាល​ធ្ងន់ធ្ងរ​ខ្លាំង មិនមែន​គ្រាន់តែ​នៅរស់​ប៉ុណ្ណោះ​ទេ​ក៏ប៉ុន្តែ​ក៏មាន​សុខ​ភាពល្អ​នៅពេល​ច្រើន​ឆ្នាំក្រោយ​ការព្យាបាល​បែប​ន‍េះ​»​។​
 
«​ខ្ញុំ​មាន​អ្នកជំងឺ​ម្នាក់​ដែល​គេ​និយាយ​ប្រាប់ថា​លោក​អាច​នៅរស់​តែ​ប្រមាណ​បី​ខែ​ទៀត​ទេ​ហើយ​លោក​មាន​ជំងឺមហារីក​មួយបែប​ដែល​មិនអាច​ព្យាបាល​ជា​ទេ ទោះ​ណា​ព្យាបាល​ជាមួយ chemotherapy ក៏ដោយ ពួក​អ្នកជំងឺ​ទាំងនេះ​មាន​
 
​សុខភាព​មិនល្អ​ទេ​។​ហើយ​ខ្ញុំ​បាន​ជួប​ស្ត្រី​ម្នាក់​ដែលមាន​ជំងឺមហារីក​ជាលិកា​សន្ធាន​ដែល​ភាសា​អង់គ្លេស​ហៅថា​ជំងឺ sarcoma ដែល​ជិះ​រទេះរុញ​និង​មានប្រើ oxygen ដើម្បី​ជួយ​ដល់​ការដកដង្ហើម​ជាប្រចាំ​។​ខ្ញុំ​សង្កេត​ថា​អ្នកជំងឺ​នេះ​មិនអាចរ​ស់បាន​ហួស​ពីមួយ​ឆ្នាំ​ទេ​។​អ្នកស្រី​នៅរស់​បី​ឆ្នាំ​បន្ទាប់​មកហើយ​អ្នកស្រី​ដើរលេង​កាត់​ព្រៃភ្នំ​ជាមួយ​ពួក​កូន​អ្នកស្រី​ថែមទៀត​ផ​ង‍​»​។​
 
​ការព្យាបាល​នេះ​មិនមែន​សម្រាប់​អ្នកជំងឺ​មហារីក​គ្រប់គ្នា​ទេ ក៏ប៉ុន្តែ​ពួក​អ្នកជំនាញ​ខាង​ជំងឺមហារីក​យល់ថា​ការព្យាបាល​ដោយ​តម្រង់​ទៅកាន់​កោសិកា​មហារីក​ទោះណាជា​ការប្រើ​កាំរស្មី X ដោយ​ផ្នែក​, ការព្យាបាល​បែប immunotherapy ឬ​ការធ្វើ test បែប genomic និង​បន្ទាប់មក​មានការ​ព្យាបាល​បែប precision medicine ជា​អនាគត​នៃ​ការព្យាបាល​ជំងឺមហារីក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com