កីឡាអន្តរជាតិ
អន្តរជាតិ
Herrera ថា Man Utd ធ្វើ​ព្រងើយ​ក្នុងការ​ចុះកិច្ចសន្យា​ថ្មី ទើប​ចេញទៅ PSG
09, Jul 2019 , 9:19 pm        
រូបភាព
Ander Herrera បាន​ទម្លាយ​ពី​ការសម្រេចចិត្ត​ក្នុងការ​ចាកចេញ​ពី Manchester United ទៅ​ចូលរួម​ជាមួយ Paris Saint-Germain ដោយសា​ក្លិប​នៅ​អង់គ្លេស​មួយ​នេះ​ប្រ​ងើយ​ក​ន្ទើ​យ​ក្នុង​ការចរចា​កិច្ចសន្យា​ថ្មី និង​យឺតយ៉ាវ​ឆ្លើយតប​ពី​តួនាទី​របស់គេ​ក្នុង​ក្រុម​សម្រាប់​រដូវ​កាល​ក្រោយ​។​


 
​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បានសម្រេច​ទៅ​ចូលរួម​ជាមួយ​ក្លិប​យក្ស​បារាំង PSG ដោយ​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ បន្ទាប់ពី​អស់​សុពលភាព​ជាមួយ​បិសាច​ក្រហម​ក្រោយ​បញ្ចប់​រដូវ​កាល​មុន​។​
 
​ក្រោយពី​ចំណាយពេល​៥​រដូវ​កាល​នៅ Old Trafford ចាប់តាំងពី​ចាកចេញ​ពី Athletic Bilbao កាលពី​ឆ្នាំ​២០១៤ ក្នុងតម្លៃ​ខ្លួន​៣៦​លាន​ដុល្លារ​អាមេរិក Herrera មិនបាន​យល់ព្រម​សំណើរ​បន្ត​កិច្ចសន្យា​ឲ្យ Man Utd ទៀត​នោះទេ ដោយសា​មិនត្រូវ​រូ​វ​គ្នា​ពី​តម្លៃ​ប្រាក់​ឈ្នួល និង​បញ្ហា​ផ្សេងៗ​ទៀត​។ 


 
Herrera បាន​ប្រាប់​កាសែត​អេ​ស្ប៉ា​ញ Marca ថា​៖«​ខ្ញុំ​មិន​ចូលចិត្ត​រៀបរាប់​ពី​អតីតកាល​ទេ​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ខ្ញុំ​អរគុណ​ដល់​ក្លិប​និង​អ្នកគាំទ្រ​សម្រាប់​គ្រប់យ៉ាង ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​លោក Solskjaer ផងដែរ​ដែល​គាត់​បានធ្វើ​អ្វីៗ​ជាច្រើន​សម្រាប់​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​ស្នាក់នៅ​បន្ត ប៉ុន្តែ​អ្វីៗ​មិនអាច​ទៅរួច​ទេ​ទេ​។ ក្លិប​មករក​ខ្ញុំ​យឺត​ពេក ហើយ​ខ្ញុំ​បានសម្រេច​រួចទៅហើយ​ដើម្បី​ផ្លាស់​ទៅលេង​នៅ​ក្រុងប៉ារីស​»​។​
 
​ការលើកឡើង​របស់ Herrera បែបនេះ​មានន័យថា អ្នកចាត់ការ​សញ្ជាតិ​ន័​វែ​ស​ពិតជា​ត្រូវការ​រូបគេ​បន្ត​លេង​ឲ្យ​ក្រុម​ទៅមុខទៀត ប៉ុន្តែ​ក្លិប​ទៅវិញ​ទេ​ដែល​អើពើ​។​
​រយៈពេល​៥​រដូវ​កាល Herrera បានបង្ហាញ​ខ្លួន ១៨៩​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ២០​គ្រាប់ សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ ព្រមទាំង​ឈ្នះ FA Cup, League Cup និង Europa League មួយ​លើក​ផងដែរ​៕

Tag:
 Ander Herrera
  Manchester United
  Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com