កីឡាអន្តរជាតិ
អន្តរជាតិ
Herrera ថា Man Utd ធ្វើព្រងើយក្នុងការចុះកិច្ចសន្យាថ្មី ទើបចេញទៅ PSG
× Ander Herrera បានទម្លាយពីការសម្រេចចិត្តក្នុងការចាកចេញពី Manchester United ទៅចូលរួមជាមួយ Paris Saint-Germain ដោយសាក្លិបនៅអង់គ្លេសមួយនេះប្រងើយកន្ទើយក្នុងការចរចាកិច្ចសន្យាថ្មី និងយឺតយ៉ាវឆ្លើយតបពីតួនាទីរបស់គេក្នុងក្រុមសម្រាប់រដូវកាលក្រោយ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានសម្រេចទៅចូលរួមជាមួយក្លិបយក្សបារាំង PSG ដោយយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ បន្ទាប់ពីអស់សុពលភាពជាមួយបិសាចក្រហមក្រោយបញ្ចប់រដូវកាលមុន។
ក្រោយពីចំណាយពេល៥រដូវកាលនៅ Old Trafford ចាប់តាំងពីចាកចេញពី Athletic Bilbao កាលពីឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន៣៦លានដុល្លារអាមេរិក Herrera មិនបានយល់ព្រមសំណើរបន្តកិច្ចសន្យាឲ្យ Man Utd ទៀតនោះទេ ដោយសាមិនត្រូវរូវគ្នាពីតម្លៃប្រាក់ឈ្នួល និងបញ្ហាផ្សេងៗទៀត។
Herrera បានប្រាប់កាសែតអេស្ប៉ាញ Marca ថា៖«ខ្ញុំមិនចូលចិត្តរៀបរាប់ពីអតីតកាលទេ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ខ្ញុំអរគុណដល់ក្លិបនិងអ្នកគាំទ្រសម្រាប់គ្រប់យ៉ាង ហើយខ្ញុំក៏សូមអរគុណដល់លោក Solskjaer ផងដែរដែលគាត់បានធ្វើអ្វីៗជាច្រើនសម្រាប់ខ្ញុំដើម្បីឲ្យខ្ញុំស្នាក់នៅបន្ត ប៉ុន្តែអ្វីៗមិនអាចទៅរួចទេទេ។ ក្លិបមករកខ្ញុំយឺតពេក ហើយខ្ញុំបានសម្រេចរួចទៅហើយដើម្បីផ្លាស់ទៅលេងនៅក្រុងប៉ារីស»។
ការលើកឡើងរបស់ Herrera បែបនេះមានន័យថា អ្នកចាត់ការសញ្ជាតិន័វែសពិតជាត្រូវការរូបគេបន្តលេងឲ្យក្រុមទៅមុខទៀត ប៉ុន្តែក្លិបទៅវិញទេដែលអើពើ។
រយៈពេល៥រដូវកាល Herrera បានបង្ហាញខ្លួន ១៨៩ប្រកួត និងស៊ុតបញ្ចូលទីបាន ២០គ្រាប់ សម្រាប់ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ ព្រមទាំងឈ្នះ FA Cup, League Cup និង Europa League មួយលើកផងដែរ៕
Tag:
Ander Herrera
Manchester United
Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com