កីឡាជាតិ
ជាតិ
ព្រែកប្រា​កីឡា​ដែល​សមាជិក​ជា​យុវជន​ក្នុងភូមិ បាន​លើក​ពាន​ស្មា​ត​លី​គ U20 របស់​ភ្នំពេញ​ក្រោ​ន​
09, Jul 2019 , 5:22 pm        
រូបភាព
ដោយ:
​ក្រុមយុវជន​បាល់ទាត់​អាយុ​ក្រោម​២០​ឆ្នាំ​ព្រែកប្រា ដែល​សមាជិក​ភាគច្រើន​ជា​យុវជន​លេង​បាល់ទាត់​ប្រចាំ​ភូមិ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ស្មា​ត​លី​គ​អាយុ​ក្រោម​២០​ឆ្នាំ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​។ ទម្រាំ​ទទួលបាន​លទ្ធផល​ល្អ​បែបនេះ​ព្រែកប្រា​កីឡា​បាន​ចំណាយពេល​២​ខែ​ក្នុងការ​ប្រមូលផ្តុំ​ហ្វឹកហាត់ និង​៣​ឆ្នាំ​ក្នុងការ​ចូលរួមពានរ​ង្វាន់​នេះ​។ ជ័យជម្នះ​នេះ វា​ជា​ជំហាន​មួយ ដើម្បី​ឈានទៅ​ប្រជែង​ក្នុង​ពានរង្វាន់​ពាក់កណ្តាល​អាជីព KMH នាពេលខាងមុខ​។​

 
​លោក សារី អា​ស្នា​វី ជំនួយការ​គ្រូបង្វឹក​ក្រុម​ព្រែកប្រា​កីឡា​បាន​និយាយថា ការលេង​សហការ​ជា​ក្រុម និង​ការប្រើ​ឆន្ទៈ​លេង​ដោយ​តម្កល់​ផលប្រយោជន៍​ក្រុម​ជាធំ បាន​ជួយ​ឲ្យ​ក្រុម​ព្រែកប្រា ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ស្មា​ត​លី​គ​អាយុ​ក្រោម​២០​ឆ្នាំ របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​។ ជំនួយការ​គ្រូបង្វឹក​រូបនេះ​បាន​អះអាងថា កីឡាករ​ព្រែកប្រា​ភាគច្រើន គឺជា​យុវជន ដែល​ជ្រើសរើស​នៅក្នុង​ភូមិ ហើយ​ពួកគេ​គ្រាន់តែ​ជា​អ្នក​ចូលចិត្ត​លេង​បាល់​ធម្មតា មិនមែនជា​កីឡាករ​លេង​ឲ្យ​ក្លិប​អាជីព​ណាមួយ​នោះឡើយ​។ 


ក្រុមព្រែកប្រាកីឡាពេលលើកពានស្មាតលីគអាយុក្រោម២០ឆ្នាំ កាលពីពេលកន្លងទៅ
 
«​ក្រុម​ខ្ញុំ​មិនមែនជា​ក្រុម​អាជីព​នោះទេ គ្រាន់តែ​ថា កីឡាករ​ភាគច្រើន​ប្រើ​ឆន្ទៈ​លេង​ដើម្បី​ទាំងអស់គ្នា​មិនមែន​ដើម្បី​តែឯង​។ ពួកគេ​លេង​ទាំងអស់គ្នា គឺ​ប្រើ​ទឹកចិត្ត​លេង សហការគ្នា​ជា​ក្រុម ទើប​ជួយ​ឲ្យ​យើង​អាច​យកឈ្នះ​គូប្រកួត និង​ទទួលបាន​ជោគជ័យ​នៅពេលនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សារី អា​ស្នា​វី ក្នុង​ពិធី​ទទួល​ពានរង្វាន់​កាលពី​ថ្ងៃទី​៧ កក្កដា កន្លងទៅ​។ 
 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​ចំពោះ​ជ័យជម្នះ លោក អា​ស្នា​វី បាន​បន្ថែមថា ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​ក្រុម​ព្រែកប្រា​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់​មុន​ពីរ​ខែ ដោយ​មួយ​សប្តាហ៍​ហ្វឹកហាត់​៥​ថ្ងៃ ១​ថ្ងៃ​ពីរ​ម៉ោង​។ ក្រុម​នេះ​ធ្លាប់​ចូលរួម​ប្រកួត​ពានរង្វាន់​នេះ​បាន​ពីរលើក​រួចមកហើយ ដោយ​លើក​ទី​១​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​ទី​២​បាន​លេខ​២​។ 
 
​ថ្នាក់ដឹកនាំ​រូបនេះ​បានចាត់ទុក​ជ័យជម្នះ​ខាងលើ ជា​ជំហាន​មួយ​ដ៏​ល្អ​សម្រាប់​ព្រែកប្រា​កីឡា​ក្នុងការ​ឈានទៅ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​ពាក់កណ្តាល​អាជីព KMH Championship League​។ ក្រុម​ព្រែកប្រា​កីឡា​នឹង​ចាប់ផ្តើម​ប្រមូល​ហ្វឹកហាត់​សាជាថ្មី​នៅ​ខែក្រោយ ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ពាន់រង្វាន់​នេះ​។  
 
​ក្រុម​ជើងឯក​ព្រែកប្រា​កីឡា​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​២​លាន​រៀល រីឯ​ក្រុម​លេខ​២​យុវជន U18 ភ្នំពេញ​ក្រោ​ន​ទទួលបាន​១​លាន​រៀល និង​ក្រុម​៣ PSE បាន​៥០​ម៉ឺន​រៀល​។ ក្រៅពី​ពានរង្វាន់​កម្រិត​អាយុ​ក្រោម​២០​ឆ្នាំ ក៏មាន​ពានរង្វាន់​៣​ផ្សេងទៀត​ផងដែរ​។ ក្នុងនោះ​ម្ចាស់​ជើងឯក​ពានរង្វាន់ U17 បាន​ទៅ​យុវជន​អគ្គិសនី រីឯ​លេខ​២​បាន​ទៅ​យុវជន U16 ភ្នំពេញ​ក្រោ​ន និង​លេខ​៣​បាន​ទៅ​ក្រុម Transformer​។        
 
​ក្រុម Two Lion FC គ្រង​ជើងឯក​ស្មា​ត​លី​គ​អាយុ​ក្រោម​១៤​ឆ្នាំ​, លេខ​២ U14 Academy និង​លេខ​៣ U13 Community ភ្នំពេញ​ក្រោ​ន​។ ចំណែក​ក្រុម​គរ​រាជ​គ្រង​ជើងឯក​ស្មា​ត​លី​គ​អាយុ​ក្រោម​១២​ឆ្នាំ រីឯ​ក្រុម Prak Football Academy បាន​លេខ​២ និង​លេខ​៣ បាន​ទៅ​ក្រុម U12 Community ភ្នំពេញ​ក្រោ​ន​។ 
 
​លោក កែវ សុខ​ង៉​ន អ្នកចាត់ការ​ក្រុម​ភ្នំពេញ​ក្រោ​ន​បានចាត់ទុក​ពានរង្វាន់​នេះ ជាការ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង​តាម​សាលា និង​សហគមន៍​បាន​ចូលរួម​ប្រកួតប្រជែង និង​បង្ហាញ​សមត្ថភាព​។ លោក​សង្ឃឹមថា កីឡាករ​ទាំងអស់​នឹង​បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​ឈានទៅ​ក្លាយជា​កីឡាករ​អាជីព​នាពេល​អនាគត​៕ 


​លោក​ សារី​ អាស្នាវី (កណ្តាល)ជំនួយ​ការ​គ្រូ​បង្វឹកក្រុមព្រែកប្រាកីឡាពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Smart Youth League
© រក្សាសិទ្ធិដោយ thmeythmey.com