ជាតិ
សង្គមជាតិ
មហាផ្ទៃ ប្រកាស​រើស​សិស្ស​-​និស្សិត​៣៧​នាក់ ធ្វើជា​ស្មៀនឃុំ​-​សង្កាត់
09, Jul 2019 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស ស្តីពី​ការប្រឡង​ជ្រើសរើស​ស្មៀនឃុំ​-​សង្កាត់​៣៧​នាក់​។ បេក្ខជន អាច​ទៅ​ដាក់ពាក្យ​ប្រឡង​នៅ​សាលា​រាជធានី​ភ្នំពេញ និង​សាលាខេត្ត​មួយចំនួនទៀត ដែលមាន​ជ្រើសរើស​ស្មៀនឃុំ​-​សង្កាត់​។ បេក្ខជន ត្រូវ​មក​ដាក់ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ហើយ​កាលបរិច្ឆេទ​ប្រឡង នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែកញ្ញា​។

 
​ប្រកាស បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ ផ្តល់ឱកាស​ឲ្យ​និស្សិត​៣៧​រូប ដាក់ពាក្យ​ធ្វើជា​ស្មៀនឃុំ​-​សង្កាត់​ទៅតាម​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល រដ្ឋបាល​ថា្នក់​ក្រោម​ជាតិ​ទាំង​២០​រាជធានី​-​ខេត្ត ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កណ្តាល សៀមរាប ព្រៃវែង បាត់ដំបង ពោធិ៍សាត់ កំពង់ធំ បន្ទាយមានជ័យ កំពង់ចាម ឧ​ត្ត​រ​មានជ័យ ស្ទឹងត្រែង កំពង់ស្ពឺ ត្បូងឃ្មុំ តាកែវ ស្វាយរៀង កំពត ក្រចេះ កំពង់ឆ្នាំង កែប​។ សម្រាប់​អ្នក​ដែល​ចង់​បម្រើ​ការងារ​ជា​ស្មៀនឃុំ​-​សង្កាត់​នៅ​ខេត្ត​កែប អាចដាក់​ពាក្យ​នៅ​សាលាខេត្ត​កំពត​។ 
 
​សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ប្រឡង បេក្ខជន​ត្រូវមាន​សញ្ញា​តិ​ខ្មែរ មាន​កាយសម្បទា​គ្រប់គ្រាន់​។ បើ​ករណី​មាន​ជនពិការ ក្រសួង​លើកទឹកចិត្ត​ឲ្យ​ចូល​ប្រឡង​បាន​។ បេក្ខជន​ត្រូវតែមាន​អាយុ​យ៉ាងតិច​១៩​ឆ្នាំ ហើយ​មិន​លើសពី​២៥​ឆ្នាំ ហើយ​ត្រូវមាន​សញ្ញាបត្រ​យ៉ាង​ទាប​បំផុត មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​សមមូល (​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ​)​។ 
​ចំពោះ​វិញ្ញាសា​ប្រឡង បេក្ខជន​នឹងត្រូវ​ប្រឡង​លើ​ចំណេះដឹង​ទូទៅ និង​ចំណេះដឹង​កិច្ចការរដ្ឋបាល​ឃុំ​-​សង្កាត់ រយៈពេល​១​ម៉ោង​កន្លះ និង​១​ម៉ោង​កន្លះ​ទៀត សម្រាប់​ប្រឡង​លើ​ការ​តែងសេចក្តី ឬ​សរសេរ​លិខិត​រដ្ឋបាល​៕ 
 

Tag:
 ស្មៀន​
  ឃុំ​-​សង្កាត់​
  ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com