ONE Championship
កីឡាជាតិ
ជាតិ
ពេលណា​ទើប​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​អាច​រៀបចំ​ការប្រកួត​ឡើងវិញ​?
10, Jul 2019 , 9:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ឬ ហៅថា CMMAF ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នា​ខែ តុលា ឆ្នាំ ២០១៨ កន្លងទៅ​។ ការបង្កើត​សហព័ន្ធ​នេះ​ឡើង​ត្រូវបាន​ថ្នាក់ដឹកនាំ​បង្ហើប​អំពី​ការជំរុញ​កីឡា​គុន​ចម្រុះ​ឲ្យ​កាន់តែ​ផុសផុល​ទាំង​ក្នុងស្រុក និង អន្តរជាតិ រួមទាំង​ការ​ខ្នះខ្នែង​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ក្នុងស្រុក​ឲ្យ​បាន​ឆាប់​និង​ញឹកញាប់​តាមតែ​អាចធ្វើ​ទៅបាន​។

 
​យ៉ាងណាក្ដី លោក កែ ប៊ិន​សូរ​ស្មី អុ​នុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា បាន​ឆ្លើយតប​ទៅ​សំណួរ​ខាងលើ​បែបនេះ ៖«​ឥឡូវនេះ​យើង​មិនអាច​សន្យា​បានទេ​ថា​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត MMA ពេលណា​នោះទេ​។ ប៉ុន្តែ​ជាដំបូង គម្រោង​របស់​យើង​គឺ​រៀប​ចំការ​បង្វឹក​ដល់​កីឡាករ សិក្សា​អំពី​របប​អាហារ បណ្ដុះបណ្ដាល​គ្រូបង្វឹក អាជ្ញាកណ្ដាល និង ចៅក្រម​ជាមុនសិន​។ វា​ជា​ជំនាញ​បច្ចេកទេស​ចាំបាច់​មុននឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ឡើងវិញ​។ យើង​ចង់​ឲ្យ​កីឡាករ គ្រូបង្វឹក និង ចៅក្រម​របស់​យើង​កាន់​តែមាន​អាជីព​ច្បាស់លាស់​។ យើង​កំពុង​លៃលក​ស្នើសុំ​ជួល​គ្រូ​មកពី​បរទេស​ដើម្បី​ធ្វើ​រឿងនេះ និង​ចែករំលែក​បទពិសោធន៍​ពី​គ្រូ​អន្តរជាតិ​ក្រោម​ស្លាក​សហព័ន្ធ​»​។​


 
​មាន​មនុស្ស​ជាច្រើន​បាន​សួរនាំ​អំពី​ការរៀបចំ​ការប្រកួត​កីឡា​គុន​ចម្រុះ​ក្នុងស្រុក ប៉ុន្តែ សហព័ន្ធ​ត្រូវការ​ក្បួនច្បាប់ ឬ គោលការណ៍​ច្បាស់លាស់​ជា​មូលដ្ឋានគ្រឹះ ហើយ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​កីឡាករ​គ្រប់គ្រាន់​ដើម្បី​ការប្រកួត ក៏ដូចជា​គ្រូបង្វឹក​, អាជ្ញាកណ្ដាល និង ចៅក្រម​ផងដែរ​។ រឿងនេះ​អ្នកគាំទ្រ ក៏ដូចជា​អ្នក​ស្រលាញ់​កីឡា​គុន​ចម្រុះ​កម្ពុជា​ត្រូវ​អត់ធ្មត់ ព្រោះ​សហព័ន្ធ​កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់​លើ​រឿងនេះ​។  ក្រៅពី​ដំណើរការ​រៀបចំ​ការងា​រ​ខាងលើ សហព័ន្ធ​ក៏មាន​ក្រុមប្រឹក្សា​យោបល់​ដែល​អាច​ជួយផ្ដល់​ដំបូន្មាន​ទាក់ទង​នឹង​របប​អាហារ​សម្រាប់​កីឡាករ និង ទំនាក់ទំនង​សាធារណៈ​សម្រាប់​ក្លិប​នីមួយៗ​ផងដែរ​តាមរយៈ​ការធ្វើសិក្ខាសាលា និង រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​។ 
 
​លោក​គូស​បញ្ជាក់ទៀតថា ៖«​ពេល​យើង​រៀបចំ​គោលការណ៍​បានល្អ និង មាន​ស្ដង់ដារ​មួយ វា​នឹង​ក្លាយជា​រឿង​ងាយស្រួល​ក្នុងការ​ជ្រើសរើស​គ្រូបង្វឹក និង អាជ្ញាកណ្ដាល​។ យើង​ច្បាស់​ក្នុង​ចិត្ត​ថា ការរៀបចំ​របស់​យើង​នឹង​ដើរ​ដោយ​រលូន​»​។ 
 
​បច្ចុប្បន្ននេះ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បាន​កៀរគរ​ក្លិប​ទាំង​នៅក្នុង​ស្រុក និង នៅក្រៅ​ប្រទេស​ដើម្បី​ចុះឈ្មោះ​ជា​សមាជិក​របស់​សហព័ន្ធ​ក្នុង​គោលដៅ​ពង្រីក​វិសាលភាព​របស់ខ្លួន​ក្នុងស្រុក​និង​ទៅកាន់​ឆាក​អន្តរជាតិ​។ បច្ចុប្បន្ន​មាន ២២ ក្លិប​/​សមាគម ហើយ​ដែល​ចុះឈ្មោះ​ជា​សមាជិក​ផ្លូវការ​របស់ CMMAF និង កីឡាករ​ចុះឈ្មោះ​បាន​រហូតដល់ ៤៧ នាក់​រួមបញ្ចូល​ទាំង​កីឡាករ​មានឈ្មោះ​បោះ​សំឡេង​នៅក្រៅ​ប្រទេស​ផងដែរ​។ ក្នុងចំណោម ២២  ក្លិប​ដែល​ចុះឈ្មោះ មាន ៤ ក្លិប​នៅក្រៅ​ប្រទេស​មកពី​ប្រទេស បារាំង​, កាណាដា , អូស្ត្រាលី និង សហរដ្ឋអាមេរិក​។ ចំណែក​ក្លិប​នៅក្នុង​ស្រុក​មកពី ភ្នំពេញ បាត់ដំបង​, សៀមរាប និង កំពង់ឆ្នាំង​។ នេះ​ជា​ជំហាន​ដ៏​ជោគជ័យ​មួយទៀត​សម្រាប់ CMMAF ហើយ គេ​រំពឹងថា​មាន​ក្លិប​មួយចំនួនទៀត​នឹង​ចុះឈ្មោះ​បន្ត​។​
 
​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​មិន​ត្រឹមតែ​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្លិប​នៅក្នុង​ស្រុក ប៉ុន្តែ ក៏​បង្កើត​បណ្ដាញ​បាន​នៅក្រៅ​ស្រុក ដែល​មានកូន​ខ្មែរ​រស់នៅ​និង​ហាត់​ក្បាច់គុន​នៅ​ទីនោះ​។ មិនយូរប៉ុន្មាន​កីឡាករ ឬ គ្រូបង្វឹក​ដែលមាន​មូលដ្ឋាន​នៅ បារាំង​, កាណាដា​, អូស្ត្រាលី និង សហរដ្ឋអាមេរិក អាច​នឹង​មក​ចែករំលែក​បទពិសោធន៍​នៅ​កម្ពុជា និង ផ្លាស់ប្ដូរ​កម្មវិធី​ហ្វឹកហាត់​ជាមួយគ្នា​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​។ 
 
​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បាន​កំពុង​ផ្ដោត​យកចិត្តទុកដាក់​ទាំង​កីឡាករ​ក្នុងស្រុក ជួយ​ជ្រោមជ្រែង​ដល់​ក្លិប​នៅក្នុង​ស្រុក និង បង្កើន​ទំនាក់ទំនង​ទៅកាន់​ក្លិប​នៅក្រៅ​ប្រទេស ដើម្បី​ផលិត​បាន​ធនធាន​កីឡាករ​មាន​សមត្ថភាព​ក្នុង​គោលដៅ​ទទួលបាន​លទ្ធផល​ល្អ​ពេល​ចេញទៅ​ប្រកួត​លើស​ង្វៀន​លំដាប់​អន្តរជាតិ ONE Championship, សង្វៀន​នៅ​ថៃ​, សង្វៀន​នៅ​មី​យ៉ាន់​ម៉ា និង សង្វៀន​អន្តរជាតិ​ជាច្រើន​ទៀត​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com