កីឡាអន្តរជាតិ
អន្តរជាតិ
Leicester ទិញ Tielemans ពី Monaco តម្លៃ ៥០​លាន​ដុល្លារ ក្រោយ​ខ្ចី​ជើង​កន្លះ​រដូវ​កាល​
10, Jul 2019 , 8:59 am        
រូបភាព
Leicester City បានសម្រេច​ទិញយក​ខ្សែបម្រើ Youi Tielemans ដាច់​តែម្តង​ពី AS Monaco ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ៤០​លាន​ផោន (៥០​លាន​ដុល្លារ​អាមេរិក​) ដោយ​ចុះកិច្ចសន្យា​រយៈពេល ៤​ឆ្នាំ​។


 
Tielemans ដែល Leicester កាល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Claude Puel ខ្ចី​ជើង​ពី​ក្រុម​នៃ​លី​គ​កំពូល​បារាំង Monaco កាលពី​ខែមករា​កន្លងទៅ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​ចំនួន ៤​លើក​សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុង​ក្របខណ្ឌ Premier League ចំនួន ១៣​ប្រកួត​រដូវ​កាល​មុន​។​
 
​លោក Puel ក៏ត្រូវ​បានបញ្ចប់​តំណែង​នៅ​ខែ​បន្ទាប់ និង​ជំនួស​ដោយ​គ្រូបង្វឹក Celtic លោក Brendan Rodgers រហូត​បច្ចុប្បន្ន​។ អតីត​អ្នកចាត់ការ Liverpool រូបនេះ បាន​យល់ព្រម​ទិញ​រូបគេ​ដាច់​ក្នុងតម្លៃ​ខ្ពស់​ជា​កំណត់ត្រា​ក្លិប​តែម្តង​។​


 
«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល Tielemans ជ្រើស​រើសយក Leicester City ។ នេះ​ជា​ពេលវេលា​ដ៏​រំភើប​សម្រាប់​ក្លិប​មួយ​នេះ និង​ដើម្បី​នាំ​កីឡាករ​ដែលមាន​ទេពកោសល្យ និង​គុណភាព​ដូច Tielemans បង្ហាញ​ពី​ភាព​ស្រែក​ឃ្លាន​ជោគជ័យ​នៅទីនេះ​»​។ Rodgers រៀបរាប់​ពី​អតីត​ប្រធាន​ក្រុម Anderlecht ដូច្នេះ​។​
 
​ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក វ័យ​២២​ឆ្នាំ​រូបនេះ​ជា​កីឡា​ករទី​៣​ហើយ​ដែល​ក្លិប​រហស្ស​នាំ​កញ្ជ្រោង​ទិញ​ចូលមក​រដូវ​កាល​នេះ​បន្ទាប់ពី​យកបាន​ខ្សែប្រយុទ្ធ Ayoze Perez ពី Newcastle United និង James Justin ពី Luton ក្លិប​នៃ​លី​គ​លំដាប់​ទី​២​អង់គ្លេស​។​
 
«​ខ្ញុំ​ពិតជា​មិនអាច​រង់ចាំ​ដើម្បី​ចាប់ផ្តើម​ជាថ្មី​ជាមួយ Leicester បានទេ​។ ខ្ញុំ​ជឿជាក់ថា​ក្រុម​យើង​ពិត​ជាមាន​ទេពកោសល្យ​ដើម្បី​ប្រជែង​ពាន​រដូវ​កាល​ក្រោយ និង​ទទួលបាន​លទ្ធផល​ពិសេស​ផ្សេងទៀត​»​។ Tielemans អះអាង​បែបនេះ​៕

Tag:
 បាល់ទាត់​
  Leicester City
  Youi Tielemans
© រក្សាសិទ្ធិដោយ thmeythmey.com