អន្តរជាតិ
ទោះលក់អាវុធឲ្យតៃវ៉ាន់ អាមេរិកថា នៅតែគោរពនយោបាយចិនតែមួយដដែល លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និងលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន។
× ទីក្រុងប៉េកាំង នៅថ្ងៃទី៩ ខែកក្កដា បានទាមទារឲ្យក្រុងវ៉ាស៊ីនតោនលុបចោលគម្រោងលក់អាវុធតម្លៃ២,២ពាន់លានដុល្លារឲ្យតៃវ៉ាន់ជាបន្ទាន់ ដ្បិតបានបំពាននយោបាយចិនតែមួយដែលអាមេរិកកំពុងប្រកាន់យក។ ប៉ុន្តែអាមេរិកវិញ ហាក់មិនអើពើនឹងការជំទាស់ខ្លាំងៗរបស់ចិន ហើយប្រាប់វិញថា ខ្លួននៅតែគោរពនយោបាយចិនតែមួយដដែល ហើយការលក់អាវុធនេះទៀតសោត គឺដើម្បីស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះ។
សហរដ្ឋអាមេរិក និងចិន បានឆ្លើយឆ្លងសម្ដីគ្នាជុំវិញការលក់អាវុធឲ្យតៃវ៉ាន់។ នៅថ្ងៃទី៨ ខែកក្កដា មន្ទីរបញ្ចកោណប្រកាសពីការបើកភ្លើងបៃតងដោយក្រសួងការបរទេសអាមេរិកក្នុងការលក់អាវុធមានរថក្រោះ និងមីស៊ីលទៅឲ្យកោះតៃវ៉ាន់ដែលមានតម្លៃដល់ទៅ២,២ពាន់ដុល្លារ ទាំងដឹងថា ចិនជំទាស់ដាច់ណាត់ទៅហើយនោះ។ ក្រសួងការពារជាតិអាមេរិកក៏អះអាងដែរថា ការលក់នេះមិនធ្វើឲ្យមានបម្រែបម្រួលតុល្យភាពយោធានៅក្នុងតំបន់ឡើយ។ និយាយមួយបែប គឺមិនប៉ះពាល់ចិនឡើយ។
ការប្រកាសរបស់មន្ទីរបញ្ចកោណនេះ ធ្វើឲ្យចិនមិនសប្បាយចិត្តឡើយ។ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ចិនប្រឆាំងដាច់ខាតការលក់អាវុធនេះ ហើយអាមេរិកត្រូវឈប់លក់អាវុធឲ្យតៃវ៉ាន់ ព្រមទាំងឈប់មានទំនាក់ទំនងយោធាជាមួយទឹកដីរបស់ខ្លួនផង។ នាសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែកក្កដា លោក Geng បន្ថែមថា សកម្មភាពរបស់អាមេរិក ជាការបំពាននយោបាយចិនតែមួយ និងលូកដៃចូលកិច្ចការផ្ទៃក្នុងចិនទៀតផង។
ពីរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ ក្រសួងការបរទេសអាមេរិកដែលមានសិទ្ធិអនុញ្ញាតឲ្យមានការលក់អាវុធឲ្យបរទេស បានតបវិញថា ការទិញលក់អាវុធនេះ មិនប៉ះពាល់អ្វីលើជំហររបស់អាមេរិកជុំវិញនយោបាយចិនតែមួយឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Morgan Ortagus ប្រាប់អ្នកសារព័ត៌មានថា ប្រយោជន៍អាមេរិកជាមួយតៃវ៉ាន់ទាក់ទងការលក់អាវុធនេះ គឺដើម្បីជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ដូចនេះ គ្មានការផ្លាស់ប្ដូរជំហរលើនយោបាយចិនតែមួយឡើយ។
កោះតៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយឯករាជ្យពីប៉េកាំងក្រោយសង្គ្រាមស៊ីវិលឆ្នាំ១៩៤៩ មក ប៉ុន្តែដីគោកមិនដែលបោះបង់ក្ដៅសង្ឃឹមក្នុងការដណ្ដើមកោះនេះមកវិញឡើយ ហើយបើចាំបាច់ ត្រូវប្រើកម្លាំងតែម្ដង។ ជាញឹកញយ យោធារំដោះប្រជាជនចិន បានធ្វើសមយុទ្ធនៅឆ្នេរទល់មុខតៃវ៉ាន់ ឬដែនទឹកក្បែរកោះមួយនេះ។ ដើម្បីការពារខ្លួនពីការគំរាមកំហែងរបស់ចិន រដ្ឋអំណាចក្រុងតៃប៉ិបានក្រសោបក្រុងវ៉ាស៊ីនតោនយ៉ាងណែន។
អាមេរិកដែលផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយទទួលស្គាល់ចិនជាផ្លូវការនៅឆ្នាំ១៩៧៩ នៅតែជាខ្នងបង្អែកដ៏សំខាន់របស់កោះមួយនេះ។ សភាអាមេរិកថែមទាំងអនុម័តច្បាប់មួយដែលតម្រូវឲ្យរដ្ឋាភិបាលជ្រោមជ្រែងតៃវ៉ាន់ និងលក់អាវុធឲ្យតៃវ៉ាន់ដើម្បីការពារខ្លួនទៀតផង។ បែបនេះហើយ បានជាចិនមិនសប្បាយចិត្តនឹងការសម្រេចចិត្តរបស់អាមេរិកដែលម្ខាងអនុវត្តនយោបាយចិនតែមួយ ហើយម្ខាងទៀតបន្តទំនាក់ទំនងជាមួយតៃវ៉ាន់នោះ៕
Tag:
អាមេរិក
ចិន
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com