អន្តរជាតិ
ទោះ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ អាមេរិក​ថា នៅតែ​គោរព​នយោបាយ​ចិន​តែមួយ​ដដែល​
10, Jul 2019 , 9:51 am        
រូបភាព
លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និងលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន។
លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និងលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន។
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៩ ខែកក្កដា បានទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​លុបចោល​គម្រោង​លក់​អាវុធ​តម្លៃ​២,២​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់​ជាបន្ទាន់ ដ្បិត​បាន​បំពាន​នយោបាយ​ចិន​តែមួយ​ដែល​អាមេរិក​កំពុងប្រកាន់យក​។ ប៉ុន្តែ​អាមេរិក​វិញ ហាក់​មិន​អើពើ​នឹង​ការជំទាស់​ខ្លាំងៗ​របស់​ចិន ហើយ​ប្រាប់​វិញ​ថា ខ្លួន​នៅតែ​គោរព​នយោបាយ​ចិន​តែមួយ​ដដែល ហើយ​ការលក់​អាវុធ​នេះ​ទៀតសោត គឺ​ដើម្បី​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ប៉ុណ្ណោះ​។

 
​សហរដ្ឋអាមេរិក និង​ចិន បាន​ឆ្លើយឆ្លង​សម្ដី​គ្នា​ជុំវិញ​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ នៅ​ថ្ងៃទី​៨ ខែកក្កដា មន្ទីរ​បញ្ច​កោណ​ប្រកាស​ពី​ការបើក​ភ្លើង​បៃតង​ដោយ​ក្រសួងការបរទេស​អាមេរិក​ក្នុង​ការលក់​អាវុធ​មាន​រថក្រោះ និង​មី​ស៊ី​ល​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ដែលមាន​តម្លៃ​ដល់​ទៅ​២,២​ពាន់​ដុល្លារ ទាំង​ដឹងថា ចិន​ជំទាស់​ដាច់​ណាត់​ទៅហើយនោះ​។ ក្រសួងការពារជាតិ​អាមេរិក​ក៏​អះអាង​ដែរ​ថា ការលក់​នេះ​មិន​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​តុល្យភាព​យោធា​នៅក្នុង​តំបន់​ឡើយ​។ និយាយ​មួយបែប គឺ​មិន​ប៉ះពាល់​ចិន​ឡើយ​។​
 
​ការប្រកាស​របស់​មន្ទី​រ​បញ្ច​កោណ​នេះ ធ្វើ​ឲ្យ​ចិន​មិន​សប្បាយចិត្ត​ឡើយ​។ លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា ចិន​ប្រឆាំង​ដាច់ខាត​ការលក់​អាវុធ​នេះ ហើយ​អាមេរិក​ត្រូវ​ឈប់​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ ព្រមទាំង​ឈប់​មាន​ទំនាក់ទំនង​យោធា​ជាមួយ​ទឹកដី​របស់ខ្លួន​ផង​។ នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៩ ខែកក្កដា លោក Geng បន្ថែមថា សកម្មភាព​របស់​អាមេរិក ជាការ​បំពាន​នយោបាយ​ចិន​តែមួយ និង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ចិន​ទៀតផង​។​
 
​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ឯណោះ​វិញ ក្រសួងការបរទេស​អា​មេ​រិ​ក​ដែលមាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​មាន​ការលក់​អាវុធ​ឲ្យ​បរទេស បាន​តប​វិញ​ថា ការទិញ​លក់​អាវុធ​នេះ មិន​ប៉ះពាល់​អ្វី​លើ​ជំហរ​របស់​អាមេរិក​ជុំវិញ​នយោបាយ​ចិន​តែមួយ​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Morgan Ortagus ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រយោជន៍​អាមេរិក​ជាមួយ​តៃវ៉ាន់​ទាក់ទង​ការលក់​អាវុធ​នេះ គឺ​ដើម្បី​ជំរុញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ដូចនេះ គ្មាន​ការផ្លាស់ប្ដូរ​ជំហរ​លើ​នយោបាយ​ចិន​តែមួយ​ឡើយ​។​
 
​កោះ​តៃវ៉ាន់ ត្រូវបាន​គ្រប់គ្រង​ដោយ​ឯករាជ្យ​ពី​ប៉េកាំង​ក្រោយ​សង្គ្រាមស៊ីវិល​ឆ្នាំ​១៩៤៩ មក ប៉ុន្តែ​ដីគោក​មិនដែល​បោះបង់​ក្ដៅ​សង្ឃឹម​ក្នុងការ​ដណ្ដើម​កោះ​នេះ​មកវិញ​ឡើយ ហើយ​បើ​ចាំបាច់ ត្រូវ​ប្រើ​កម្លាំង​តែម្ដង​។ ជា​ញឹកញយ យោធា​រំដោះប្រជាជន​ចិន បានធ្វើ​សមយុទ្ធ​នៅ​ឆ្នេរ​ទល់មុខ​តៃវ៉ាន់ ឬ​ដែនទឹក​ក្បែរ​កោះ​មួយ​នេះ​។ ដើម្បី​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​របស់​ចិន រដ្ឋអំណាច​ក្រុង​តៃប៉ិ​បាន​ក្រសោប​ក្រុង​វ៉ាស៊ីនតោន​យ៉ាង​ណែន​។​
 
​អាមេរិក​ដែល​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ ហើយ​ទទួលស្គាល់​ចិន​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៧៩ នៅតែ​ជា​ខ្នងបង្អែក​ដ៏​សំខាន់​របស់​កោះ​មួយ​នេះ​។ សភា​អាមេរិក​ថែមទាំង​អនុម័ត​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ជ្រោមជ្រែង​តៃវ៉ាន់ និង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ដើម្បី​ការពារ​ខ្លួន​ទៀតផង​។ បែបនេះហើយ បានជា​ចិន​មិន​សប្បាយ​ចិត្តនឹង​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ដែល​ម្ខាង​អនុវត្ត​នយោបាយ​ចិន​តែមួយ ហើយ​ម្ខាង​ទៀត​បន្ត​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​នោះ​៕    

Tag:
 អាមេរិក​
  ចិន​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com