កីឡាអន្តរជាតិ
អន្តរជាតិ
Premier League និង​អ្នក​ឧបត្ថម្ភ ខាត​រាប់ពាន់​លាន​ដុល្លារ​ដោយសារ​ការ Live ខុសច្បាប់ ពិសេស​នៅ​ចិន​
10, Jul 2019 , 11:52 am        
រូបភាព
​ចិន​ត្រូវ​ចាត់​ចូលក្នុង​បញ្ជីខ្មៅ​ក្នុងចំណោម​ប្រទេស​ច្រើន​ទៀត​ដែលមាន​អ្នកទស្សនា​ការប្រកួត​ក្នុង​ក្របខណ្ឌ Premier League តាមរយៈ​ការ Live ខុសច្បាប់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ច្រើនជាងគេ ដែល​បង្ក​ឲ្យ​ក្លិប និង​អ្នក​ឧបត្ថម្ភ​ខាតបង់​ប្រាក់ចំណូល​រាប់ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំមកនេះ​។ កេ​ន​យ៉ា នី​ហ្សេ​រី​យ៉ា ឥណ្ឌា និង​វៀតណាម ក៏​ស្ថិតក្នុង​បញ្ជី​នោះដែរ​។​

 
​បើ​យោងតាម​ការសិក្សា​របស់​ក្រុមហ៊ុន​វាយតម្លៃ​អាមេរិក GumGum Sports និង​ក្រុម​អ្នកជំនាញ​ចោរកម្ម​ឌីជីថល MUSO ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៍ បង្ហាញថា​ការ Live ខុសច្បាប់​បានធ្វើ​ឲ្យ​ក្លិប​កីឡាបាល់ទាត់​នៃ​លី​គ​កំពូល​អង់គ្លេស ខាត​ប្រាក់​ប្រមាណ​ជា ១​លាន​ផោន (១,២៥​លាន​ដុល្លារ​អាមេរិក​) ក្នុង​មួយ​ប្រកួត​។​
 
​តាម​ការវាយតម្លៃ​ពី​ការ Live ខុសច្បាប់​ចំនួន​៨​ប្រកួត​ចុងក្រោយ​នៅ Premier League រដូវ​កាលពីមុន ក្រុមហ៊ុន​ខាងលើ​បានបង្ហាញ​ទៀតថា ក្នុង​មួយ​ប្រកួត​អាច​ទាក់ទាញ​អ្នកទស្សនា​ជា​មធ្យម​រហូតដល់ ៧,១ លាន​នាក់​ឯណោះ​។​


 
​ចិន​ក៏មាន​ចំនួន​អ្នកមើល​ខុសច្បាប់​ខ្ពស់បំផុត​រហូត​១​លាន​នាក់​ផងដែរ ខណៈ​នី​ហ្សេ​រី​យ៉ា ឥណ្ឌា និង​វៀតណាម​ក៏​ស្ថិតក្នុង​បញ្ជី​នោះ​ដូចគ្នា​។ ចំណែក​ចក្រភព​អង់គ្លេស​ឈរ​ចំណាត់ថ្នាក់​ទី​១១ ក្នុង​បញ្ជី​នៃ​បទល្មើស បទល្មើស​ឌីជីថល​នេះ​។​
 
​លោក Jeff Katz អនុប្រធាន​ផ្នែក​ទំនាក់ទំនង និង​យុទ្ធសាស្ត្រ​របស់ GumGum Sports បាន​ចេញមក​អះអាងថា​៖«​ក្លិប និង​អ្នក​ឧបត្ថម្ភ​មិន​ធ្លាប់បាន​កំណត់​ចំនួន​ការ Live តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ដោយ​គ្មាន​ការអនុញ្ញាត​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ទេ សម្រប​ពេល​ពួកគេ​ខាតបង់​អស់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​»​។​
 
​មានតែ​ក្រុមហ៊ុន​ទូរទស្សន៍ Sky Sports, BT Sport និង Amazon ប៉ុណ្ណោះ​ដែលបាន​ទិញ​សិទ្ធិ​ផ្សាយ​ការប្រកួត​នៅ Premier League ស្របច្បាប់​នៅ​ចក្រភព​អង់គ្លេស​។​
 
​បទល្មើស​ឌីជីថល (Digital piracy) បាន​គំរាមកំហែង​យ៉ាងខ្លាំង​ចំពោះ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស ខណៈដែល​លី​គ​កីឡាបាល់ទាត់​លំដាប់​ទី​១​ពិភពលោក​មួយ​នេះ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ចំណូល​ពី​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​ទូរទស្សន៍​ដែល​ទិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​៕

Tag:
 Premier League
  Live ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com