ជាតិ
រថយន្ត
សេដ្ឋកិច្ច
JICA បានបញ្ចប់ការសិក្សាគម្រោងរថភ្លើងលើអាកាសនៅភ្នំពេញ
× ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងយកលទ្ធផលសិក្សាគម្រោងរថភ្លើងចំនួន៣ ដែលសិក្សាដោយភាគីជប៉ុន និងភាគីចិន ដាក់ជូនប្រមុខរដ្ឋាភិបាលពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយ សម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ភ្នំពេញ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសានិងឧសភា នៅថ្ងៃទី៨ខែកក្កដា។
គម្រោងទាំងបីនេះ រួមមាន គម្រោងប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA), គម្រោងរថភ្លើងធុនស្រាលលើអាកាស Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដីដែលសិក្សាដោយចិន។
អ្នកនាំពាក្យក្រសួងសាធារណការ លោក វ៉ាស៊ឹម សុរិយា មិនអាចបញ្ជាក់បានថាពេលណាគម្រោងទាំងនេះនឹងទៅដល់ដៃរដ្ឋាភិបាលនោះទេ ព្រោះថា AGT ត្រូវបានបញ្ចប់ការសិក្សារួចហើយ តែគម្រោងប្រព័ន្ធរថភ្លើងពីរទៀតស្ថិតក្នុងដំណើការសិក្សារបស់ភាគីចិននៅឡើយ។ លោកឲ្យដឹងដូច្នេះថា៖«បញ្ចប់ការសិក្សាតែមួយគឺ AGT របស់ជប៉ុន រីឯគម្រោងពីរទៀតអត់ទាន់ចប់ទេ ដែលចិនកំពុងសិក្សា តែប្រហែលឆ្នាំក្រោយនឹងបញ្ចប់»។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១០ខែកក្កដា លោក វ៉ាស៊ឹម សុរិយា មិនទាន់អាចបញ្ជាក់លម្អិតពីរថភ្លើង AGT ដែលជប៉ុនទើបតែបានបញ្ចប់ការសិក្សានេះទេ ដោយលោកអះអាងថា JICA មិនទាន់ដាក់លទ្ធផលសិក្សានោះមកក្រសួងនៅឡើយ។ លោកគូសបញ្ជាក់ដូច្នេះ៖«បញ្ចប់ការសិក្សាហើយ តែក្រសួងមិនទាន់ទទួលបានរបាយការណ៍របស់គេទេ ហើយយើងត្រូវមានប្រជុំ ធ្វើសិក្ខាសាលា (បង្ហាញពីលទ្ធផលសិក្សា)»។
បើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល នាពេលកន្លងមក ប្រព័ន្ធរថភ្លើង AGT នេះ ត្រូវការថវិកា មិនតិចជាង ៨០០លានដុល្លារនោះទេ។ លោកបន្ថែមថា ផ្លូវរថភ្លើងលើអាកាសនេះ មានប្រវែង ១៨គីឡូម៉ែត្រ ដោយផ្ដើមចេញពីម្ដុំផ្សារធំថ្មី ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ចំពោះថវិកាសាងសង់ រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ ឲ្យដឹងថា រដ្ឋាភិបាលលនឹងស្វែងរកហិរញ្ញប្បទានពីជប៉ុន ក្នុងទម្រង់ជាប្រាក់កម្ចី និងជំនួយឥតសំណងខ្លះ៕
© រក្សាសិទ្ធិដោយ thmeythmey.com