ជាតិ
សុខភាព
ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​ត្រូវបាន​តុលាការ​កោះហៅ​ពីបទ​«​ធ្វេសប្រហែស​ឲ្យ​កុមារ​ស្លាប់​»
10, Jul 2019 , 7:59 pm        
រូបភាព
កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។ (ធីតា វីន/VOA)
កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។ (ធីតា វីន/VOA)
ដោយ: VOA
​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​និង​វេជ្ជបណ្ឌិត​មួយរូប​ផ្សេងទៀត​ឲ្យ​ចូល​បំភ្លឺ​នៅ​សប្តាហ៍​ក្រោយ ទាក់ទិន​នឹង​ការស្លាប់​របស់​កុមារ​ម្នាក់​កាលពី​ខែមិថុនា​។​

 
​លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះអញ្ជើញ លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គារ​បុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​និង​លោក​វេជ្ជបណ្ឌិត សរ ច័ន្ទ​ចិ​ត្រា ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​តុលាការ​នៅ​ថ្ងៃទី​១៧ កក្កដា សប្តាហ៍​ក្រោយ​ក្រោម​បទ​សង្ស័យថា វេជ្ជបណ្ឌិត​ទាំង​ពីររូប​បង្ក​ការ​«​ធ្វេស​ប្រហែល​ធ្វើ​ឲ្យ​កុមារ​ស្លាប់​»​។​
 
​ដីកាកោះ​នេះ​ធ្វើឡើង​តាម​បណ្តឹង​របស់ លោក ហៃ ឡុង និង​អ្នកនាង ចោម ស្រី​ពៅ កាលពី​ពាក់កណ្តាល​ខែមិថុនា បន្ទាប់ពី​កូនប្រុស​របស់​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​ដែលមាន​អាយុ​១៦​ខែ បាន​ស្លាប់​ក្នុងពេល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។​
 
​ក្រោយពី​មានការ​ដាក់​បណ្តឹង​នោះ មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏បាន​ចេញ​លិខិត​ឆ្លើយបំភ្លឺ​ភ្លាមៗ​ផងដែរ​។ លិខិត​ឆ្លើយតប​នោះ បាន​សរសេរ​រ៉ាយរ៉ាប់​អំពី​សភាព​ជំងឺ​របស់​កុមារា​រងគ្រោះ​ដែល​រឹតរួត​ដោយ​ជំងឺ​ច្រើន​មុខ រួមមាន​ជំងឺគ្រុនឈាម ហើម​សួត និង ជំងឺ EV71​។ ជំងឺ​ច្រើន​មុខ​នេះហើយ​ដែល​បណ្តាល​ឲ្យ​កុមារ​រងគ្រោះ​ស្លាប់បាត់​បង់ជីវិត​។ នេះ​បើ​ផ្អែក​តាម​ការពន្យល់​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ​។​


លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ កំពុង​បំពេញ​ការងារ​នៅ​មន្ទីរពេទ្យកុមារជាតិ រាជធានី​ភ្នំពេញ។ (ធីតា វីន/VOA)
 
​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ​លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គារ​បុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ លើកឡើងថា កុមារ​រងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​មិនអាច​សង្គ្រោះបាន​។​
 
«​យើង​បាន​ប្រឹងប្រែង​ទៅតាម​អ្វី ដែល​យើង​អាចធ្វើ​បាន​ហើយ​ការស្លាប់​របស់គាត់​ជា​រឿង​របស់គាត់ ជា​រឿង​ជំងឺ​របស់គាត់​។ អ៊ីចឹង​មិនមែន​រាល់​តែ​ការស្លាប់ សុទ្ធតែ​យើង​ត្រូវ​ទាមទារ​ឲ្យ​មន្ទីរពេទ្យ​សង​មន្ទីរ​សង​របៀប​ម៉េច​បាទ​វា​អត់​ត្រូវ​»​។​
 
​ទោះជា​យ៉ាងណា​លោក​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​អះអាងថា លោក​នឹង​ចូលខ្លួន​បំភ្លឺ​តាម​ដីកាកោះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​។​
 
​វី​អូ​អេ មិនអាច​សុំ​ការអធិប្បាយ​ពី​លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឡើយ ដោយសារ​លោក​កំពុង​ប្រជុំ​។​ហើយ​លោកស្រី​ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ក៏​មិនអាច​ទាក់ទង​បាន​ផងដែរ​នៅថ្ងៃនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com