ជាតិ
ឧបករណ៍​នេសាទ​៖ មង​អន្លង់​ទឹក​ជ្រៅ​
10, Jul 2019 , 7:19 pm        
រូបភាព
​ប្រជា​នេសាទ​ក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី នៅតាម​បណ្តោយ​ដង​ទន្លេស្រែពក ឈរ​ថត​ជាមួយ​មង​សម្រាប់​ដាក់​ក្នុង​អន្លង់​ទឹក​ជ្រៅៗ​របស់​ពួកគាត់​។ រូបភាព​៖ ឈុត ឈា​ណា​
​ប្រជា​នេសាទ​ក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី នៅតាម​បណ្តោយ​ដង​ទន្លេស្រែពក ឈរ​ថត​ជាមួយ​មង​សម្រាប់​ដាក់​ក្នុង​អន្លង់​ទឹក​ជ្រៅៗ​របស់​ពួកគាត់​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ឧបករណ៍​នេសាទ ជា​លក្ខណៈ​គ្រួសារ​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​បាន​ប្រើប្រាស់​ជា​យូរណាស់​មកហើយ​។ ជាពិសេស អ្នករស់នៅ​តាម​ដង​ទន្លេសេកុង សេ​សាន ស្រែ​ពក និង​ទន្លេមេគង្គ​លើ​ក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង និង​រតនគិរី ដែលមាន​តំបន់​អន្លង់​ទឹក​ជ្រៅ​។ 

 
​មង​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា ដូចជា​៖ មង​កាំ​ង​-​មង​រាយ មង​អន្លង់ មង​រាយ​ស្រែ មង​ត្រី​អណ្តាតឆ្កែ មង​ត្រី​រៀល មង​បណ្តែត មង​ត្រី​ព្រួល មង​ត្រី​ចង្វា មង​ហ៊ុំ​-​មង​ក្រឡុក មង​អូស​ដៃ​។​ល​។ មង​ទាំងអស់​ត្រូវបាន​គេ​ផលិត​ពី​សរសៃ​នីឡុង​។ សរសៃអំបោះ​នីឡុង ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​បំផុត​។ សម្ភារៈ​សម្រាប់​ផលិត​មង​ទាំងអស់ មាន​លក់​នៅលើ​ទីផ្សារ​។ ប្រជា​នេសាទ រៀបចំ​ប្រមុំ​មង ឲ្យ​អាច​យកទៅ​នេសាទ​ត្រី​បាន​ដោយ​ខ្លួនឯង​។​
 
​មង​សម្រាប់​ដាក់​តាម​អន្លង់​ទឹក​ជ្រៅ​។ មង​ប្រភេទ​នេះ ត្រូវបាន​កំណត់ដោយ​ទំហំ​ក្រឡា​ធំៗ ប្រមាណ ៣៥០ មី​លី​ម៉ែត្រ មាន​ប្រវែង​បណ្តោយ ៨០​ម៉ែត្រ និង​ជម្រៅ ៧​ម៉ែត្រ​។ វា​ត្រូវបាន​ចងភ្ជាប់​ដោយ​ដប​ជ័រ ឬ​ដោយ​ឬ​ស្សី​ប្រវែង ៤​ម៉ែត្រ បណ្តាក់​គ្នា​ធ្វើជា​កំសួល​ដើម្បី​បណ្តែតមង​។ ប្រជា​នេសាទ ដាក់មង​ប្រភេទ​នេះ តាម​អន្លង់​ទឹក​ជ្រៅ នៅក្នុង​ទន្លេសេកុង សេ​សាន ស្រែ​ពក និង​ទន្លេមេគង្គ​លើ នា​អំឡុងពេល​ទឹក​នៅក្នុង​ទន្លេ​ទាំងនោះ​ស្រក​ចុះ ចាប់ពី​ខែវិច្ឆិកា ដល់ ខែឧសភា​។ ក្នុង​រយៈពេល​នេះ ត្រី​មេ​ពូជ ដែលជា​ប្រភេទ​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទៅនោះ​។ នៅ​ដើមរដូវ​វស្សា ការបន្ត​ពូជ និង​ពង​-​កូន របស់​ត្រី​មេ​ពូជ បានកើត​នៅតាម​អន្លុង​ជ្រៅៗ ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។ 
 

​ប្រជា​នេសាទ​ក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី នៅតាម​បណ្តោយ​ដង​ទន្លេស្រែពក ឈរ​ថត​ជាមួយ​មង​សម្រាប់​ដាក់​ក្នុង​អន្លង់​ទឹក​ជ្រៅៗ​របស់​ពួកគាត់​។ រូបភាព​៖ ឈុត ឈា​ណា​
 
​មង​ប្រភេទ​នេះ គេ​អាច​នេសាទ​ត្រី​ចម្រុះ​ប្រភេទ ដូចជា​៖ ត្រី​ប្រា (Pangasianondon hypophthalmus); ត្រី​គល់រាំង (Catlocarpio siamensis); ត្រី​ក្របី (Bagarius bagarius); ត្រី​សណ្តាយ (Wallago attu); ត្រី​បង​ឡាវ (Pangasius krempfi); ត្រី​គ្រុំ (Osteochilus melanopleura); ត្រី​ក្អែក (Labeo chrysophekadion); ត្រី​ប៉ា​វ៉ា (Labeo pierrel); ត្រី​ត្រសក់ (Probarbus jullieni); ត្រីមុខ​ពីរ (Bangana behri); ត្រី​ព្រួល (Cirrhinus micropeltes); ត្រី​ឆ្កោក (Cyclocheilos enoplos)​។ 
 
​ប្រភេទ​ត្រី​ដូច​បាន​រៀបរាប់​ខាងលើនេះ ជាទូទៅ ពួកវា​ប្រើប្រាស់​អន្លង់​ទឹក​ជ្រៅ​សម្រាប់​ជា​ជម្រក​លាក់ខ្លួន​នៅ​រដូវប្រាំង និង​ជា​ជម្រក​ពង​-​កូន​ក្នុង​រដូវវស្សា​។ ការនេសាទ​ត្រី​ប្រភេទ​ទាំងនេះ ក្នុងកំឡុងពេល​ដែល​ពួកវា​ពង​-​កូន នោះ​មានន័យថា យើង​កំពុង​នាំគ្នា​បំផ្លាញ​ធនធាន​ជលផល​របស់​ប្រទេស​យើង​។​

© រក្សាសិទ្ធិដោយ thmeythmey.com