ទីក្រុងហាណូយ គ្រោង​ចំណាយ​ជាង​៥​លាន​ដុល្លារ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​
អន្តរជាតិ
ទីក្រុងហាណូយ គ្រោង​ចំណាយ​ជាង​៥​លាន​ដុល្លារ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​
10, Jul 2019 , 8:19 pm        
រូបភាព
ប្រភពរូប៖ កាសែត Vietnam Plus
ប្រភពរូប៖ កាសែត Vietnam Plus
​អាជ្ញាធរ​ទីក្រុងហាណូយ បានសម្រេច​ចិត្ត​ចាយលុយ​ចំនួន ៥,៣​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ សម្រាប់​ការលើកកម្ពស់​គម្រោងកា​ត់​បន្ថយ​ភាពក្រីក្រ ប្រកបដោយ​ចីរភាព និង​ធ្វើការ​ឆ្ពោះទៅរកការ​គ្មាន​ប្រជាជន​ក្រីក្រត្រឹម​ដំណាច់ឆ្នាំ ២០១៩​នេះ​។

 
​សម្រាប់​គម្រោង​នេះ អាជ្ញាធរ​វៀតណាម បានដាក់​ចេញ​គោលនយោបាយ​ចម្បងៗ​ចំនួន​៤ ។ តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក Vietnam Plus នៅ​ថ្ងៃទី ៩ ខែកក្កដា ទីក្រុងហាណូយ នឹង​ផ្តល់​លុយ ៦០​ដុល្លារ​ប្រចាំខែ សម្រាប់​គាំទ្រ​មនុស្ស​ចាស់ជរា ជនពិការ និង​អ្នក​កើត​ជំងឺ​ធ្ងន់ធ្ងរ ដែល​កំពុង​រស់នៅក្នុង​តំបន់​ទីប្រជុំជន​ជាដើម ហើយ​លុយ​ប្រមាណ ៤៧,២​ដុល្លារ នឹងត្រូវ​ប្រគល់​ជាប្រចាំ​ខែ​សម្រាប់​ប្រជាជន ដែល​កំពុង​រស់នៅក្នុង​តំបន់​ជនបទ​។ 
 
​ម្យ៉ាងវិញទៀត បណ្ណ​ធានារ៉ាប់រង​សុខភាព​ដោយ​ឥតគិតថ្លៃ នឹងត្រូវ​ចែក​ឲ្យ​ដល់​ប្រជាជន​ក្រីក្រ និង​អ្នក​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ ក្នុង​រយៈពេល​៣​ឆ្នាំ​។ លើស​ពី​នេះ កុមារ ដែល​កំពុង​សិក្សា​ថ្នាក់​មត្តេយ្យសាលា និង​បឋមសិក្សា ដែលជា​សមាជិក​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ នឹង​ទទួល​បានការ​ចូលរៀន​ដោយ​ឥតគិតថ្លៃ និង​ប្រាក់ឧបត្ថម្ភ​សមរម្យ​ប្រចាំខែ​សម្រាប់​រយៈពេល ៣ ឆ្នាំ​ថែម​ទៀតផង​។ 
 
​បន្ថែម​ពីនេះ​ទៅទៀត ប្រជាជន​ចាស់ជរា ដែល​គ្មាន​អ្នក​ទីពឹង និង​កុមារកំព្រា រួមទាំង​ជនពិការ ដែលមាន​ជីវភាព​ក្រីក្រ នឹង​ទទួលបាន​ការថែទាំ​ដោយ​យកចិត្តទុកដាក់ ក្នុង​កម្មវិធី​គាំទ្រ​សង្គម​របស់​អាជ្ញាធរ​ក្រុង​ហាណូយ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ប្រជាជន​វៀតណាម​ដែល​រស់នៅក្នុង​ទីក្រុង​ហាណូយ​ចំនួន ១២០០០​គ្រួសារ បាន​រួច​ផុតពី​ភាពក្រីក្រ ដែល​ធ្វើ​ឲ្យ​អត្រា​អ្នកក្រីក្រ​ក្នុង​តំបន់​ធ្លាក់​ចុះមក ត្រឹម ១,៦​ភាគរយ​។ ចំណែក អត្រា​អ្នកគ្មានការងារ​ធ្វើ​ក្នុង​ទីក្រុង​នេះ បាន​ធ្លាក់​ចុះមក​ត្រឹម ១,៩១​ភាគរយ ហើយ​ចំនួន​ពលករ​ដែល​ទទួល​បានការ​ហ្វឹកហាត់​ត្រឹមត្រូវ ស្មើនឹង​ជាង ៦៣​ភាគរយ​នៃ​កម្លាំង​ពលកម្ម​ក្នុង​តំបន់​សរុប​៕

Tag:
 វៀតណាម​
  ហាណូយ​
© រក្សាសិទ្ធិដោយ thmeythmey.com