អន្តរជាតិ
ទីក្រុងហាណូយ គ្រោងចំណាយជាង៥លានដុល្លារ ដើម្បីកាត់បន្ថយភាពក្រីក្រ ប្រភពរូប៖ កាសែត Vietnam Plus
× អាជ្ញាធរទីក្រុងហាណូយ បានសម្រេចចិត្តចាយលុយចំនួន ៥,៣លានដុល្លារ ជារៀងរាល់ឆ្នាំ សម្រាប់ការលើកកម្ពស់គម្រោងកាត់បន្ថយភាពក្រីក្រ ប្រកបដោយចីរភាព និងធ្វើការឆ្ពោះទៅរកការគ្មានប្រជាជនក្រីក្រត្រឹមដំណាច់ឆ្នាំ ២០១៩នេះ។
សម្រាប់គម្រោងនេះ អាជ្ញាធរវៀតណាម បានដាក់ចេញគោលនយោបាយចម្បងៗចំនួន៤ ។ តាមការចុះផ្សាយរបស់កាសែតក្នុងស្រុក Vietnam Plus នៅថ្ងៃទី ៩ ខែកក្កដា ទីក្រុងហាណូយ នឹងផ្តល់លុយ ៦០ដុល្លារប្រចាំខែ សម្រាប់គាំទ្រមនុស្សចាស់ជរា ជនពិការ និងអ្នកកើតជំងឺធ្ងន់ធ្ងរ ដែលកំពុងរស់នៅក្នុងតំបន់ទីប្រជុំជនជាដើម ហើយលុយប្រមាណ ៤៧,២ដុល្លារ នឹងត្រូវប្រគល់ជាប្រចាំខែសម្រាប់ប្រជាជន ដែលកំពុងរស់នៅក្នុងតំបន់ជនបទ។
ម្យ៉ាងវិញទៀត បណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ នឹងត្រូវចែកឲ្យដល់ប្រជាជនក្រីក្រ និងអ្នកដែលមានជីវភាពខ្សត់ខ្សោយ ក្នុងរយៈពេល៣ឆ្នាំ។ លើសពីនេះ កុមារ ដែលកំពុងសិក្សាថ្នាក់មត្តេយ្យសាលា និងបឋមសិក្សា ដែលជាសមាជិកក្នុងគ្រួសារមានជីវភាពក្រីក្រ នឹងទទួលបានការចូលរៀនដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភសមរម្យប្រចាំខែសម្រាប់រយៈពេល ៣ ឆ្នាំថែមទៀតផង។
បន្ថែមពីនេះទៅទៀត ប្រជាជនចាស់ជរា ដែលគ្មានអ្នកទីពឹង និងកុមារកំព្រា រួមទាំងជនពិការ ដែលមានជីវភាពក្រីក្រ នឹងទទួលបានការថែទាំដោយយកចិត្តទុកដាក់ ក្នុងកម្មវិធីគាំទ្រសង្គមរបស់អាជ្ញាធរក្រុងហាណូយផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ ប្រជាជនវៀតណាមដែលរស់នៅក្នុងទីក្រុងហាណូយចំនួន ១២០០០គ្រួសារ បានរួចផុតពីភាពក្រីក្រ ដែលធ្វើឲ្យអត្រាអ្នកក្រីក្រក្នុងតំបន់ធ្លាក់ចុះមក ត្រឹម ១,៦ភាគរយ។ ចំណែក អត្រាអ្នកគ្មានការងារធ្វើក្នុងទីក្រុងនេះ បានធ្លាក់ចុះមកត្រឹម ១,៩១ភាគរយ ហើយចំនួនពលករដែលទទួលបានការហ្វឹកហាត់ត្រឹមត្រូវ ស្មើនឹងជាង ៦៣ភាគរយនៃកម្លាំងពលកម្មក្នុងតំបន់សរុប៕
© រក្សាសិទ្ធិដោយ thmeythmey.com