អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន នភាល័យ ធ្វើ​ពិធី​ក្រុង​ពាលី​សម្រាប់​ការប្រគំ​តន្ត្រី​«​សង្ឃឹម​ថ្ងៃមួយ​»​ដើម្បី​លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​
10, Jul 2019 , 4:33 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ក្រុមហ៊ុន នភាល័យ ធ្វើ​ពិធី​សំពះគ្រូ​របាំ គ្រូ​ល្ខោន និង​ពិធី​ក្រុង​ពាលី សម្រាប់​ការចាប់ផ្តើម នៃ​ការរៀបចំ​កម្មវិធី​សម្តែង​សិល្បៈ និង​ចម្រៀង «​សង្ឃឹម​ថ្ងៃមួយ​» ក្នុងន័យ​លើកកម្ពស់ និង​លើកស្ទួយ​វិស័យ​សិល្បៈ វប្បធម៌​ជាតិ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩  ក្នុង​បុរី​ជីប ម៉ុង​លែ​ន ។ ពិធី​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​កិត្តិយស លោក ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​សិល្បករ​ខ្មែរ​ទាំង​ជំនាន់​មុន​និង​ជំនាន់​ក្រោយ​។​
 
​កម្មវិធី​ក្រុង​ពាលី​សម្រាប់​កម្មវិធី​សម្តែង​សិល្បៈ និង​ចម្រៀង «​សង្ឃឹម​ថ្ងៃមួយ​» នេះ នឹង​ប្រារព្ធ​ធ្វើឡើង​ពីរលើក ដោយ​លើកទីមួយ គឺ​ការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​នេះ នៅ​គេហដ្ឋាន​របស់​ប្រធាន​ក្រុមហ៊ុន នភាល័យ ផ្ទាល់ និង​លើក​ទី​ពីរ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​ចតុមុខ​។​


 
​លោក សែ​ជូ សេរី​វ​ឌ្ឍ​នា ប្រធាន​ក្រុមហ៊ុន នភាល័យ បាន​ឲ្យ​ដឹងថា ទាំង​ការ​ប្រារព្ធ​កម្មវិធី​ក្រុង​ពាលី​ធំៗ ទាំង​ពីរលើក និង​កម្មវិធី​សម្តែង​សិល្បៈ និង​ចម្រៀង «​សង្ឃឹម​ថ្ងៃមួយ​» គឺជា​ការចូលរួមចំណែក ក្នុងសង្គម ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​វិស័យ​សិល្បៈ វប្បធម៌​ជាតិខ្មែរ ឲ្យ​មានជីវិត​រស់​រវើក តាមរយៈ​ការផ្តល់​ឱកាស​ដល់​សិល្បករ សិល្បការិនី ដែលជា​មរតក​មនុស្ស​រស់ ក៏ដូចជា​សិល្បករ​វ័យក្មេង​ឲ្យ​បាន​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត​។ លោក សេរី​វ​ឌ្ឍ​នា បន្តថា​៖«​ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បានអនុញ្ញាត​និង​លើកទឹកចិត្ត ចំពោះ​ការរៀបចំ​កម្មវិធី​ទាំងនេះ​ឡើង ពួកយើង​ជឿជាក់ថា កម្មវិធី​សម្តែង​សិល្បៈ និង​ចម្រៀង​ជា សាធារណៈ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ ខាងមុខ  នឹង​ជួយ​ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ ឲ្យ​បាន​គង់វង្ស និង​រក្សា​មរតក​ទាំងនោះ ទៅ​អ្នកជំនាន់ក្រោយ​។ ជាពិសេស អាច​ផ្សព្វផ្សាយ អប់រំ​សិល្បៈ​វប្បធម៌​ខ្មែរ ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន​»​។​
 
​កម្មវិធី​សម្តែង​សិល្បៈ និង​ចម្រៀង​ជា​សាធារណៈ «​សង្ឃឹម​ថ្ងៃមួយ​» នាពេលខាងមុខ នឹងមាន​ការចូលរួម​យ៉ាង​ផុសផុល ពី​សិល្បករ សិល្បការិនី ទាំង​ជំនាន់​មុន និង​ជំនាន់​ក្រោយ ដោយ​នឹងមាន​ការសម្តែង​សិល្បៈ​ជាច្រើន​មុខ ដូចជា​ចម្រៀង​មរតក​ជំនាន់​ដើម របាំ​ប្រពៃណីជាតិ ល្ខោនខោល និង​អា​យ៉ៃ​ជាដើម​។​


 
​គួរ​បញ្ជាក់ដែរថា ក្រុមហ៊ុន នភាល័យ គឺជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ទាំងបី  រួមមាន​ក្រុមហ៊ុន ឡាក់​វ៉ា ឌី​ហ្សា​ញ​, ព្រី​ន​ធី​ង អេ​ន អេ​ត​វើ​ថា​យ​ស៊ី​ង និង​ក្រុមហ៊ុន ពល​វ​: អ៊ី​ម​ផត អ៊ិ​ច​ផត ខូ​អិ​ល​ធី​ឌី ដែល​ត្រូវបាន​បង្កើតឡើង ដោយ​យុវជន​ខ្មែរ​បី​រូប រួមមាន លោក​សែ​ជូ សេរី​វ​ឌ្ឍ​នា លោក ជីវ៉ា និង​លោក ហេង ច័ន្ទ​ណា​រ៉េត ដើម្បី​សិក្សា និង​បង្ហាញ​ពី​រថយន្ត​គ្រប់​ប្រភេទ តាមរយៈ​វីដេអូ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com