ជាតិ
របកគំហើញ​ថ្មី​បញ្ជាក់​ច្បាស់​ថា ស​ម្ពុ​បុ​រៈ (​ស្រុក​សំបូរ ខេត្តក្រចេះ​សព្វថ្ងៃ​) ជា​ក្រុង​អ្នកប្រាជ្ញ​
10, Jul 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ការរកឃើញ​ថ្មី​នៃ​គ្រឹះ​ប្រាសាទ​ចំនួន​៤០​ប្រាសាទ ក្នុង​ទឹកដី​អតីត​ក្រុង​ស​ម្ពុ​បុ​រៈ បានបញ្ជាក់​ឱ្យ​កាន់តែច្បាស់​លើ​ឯកសារ​របស់​បារាំង ដែលថា​ក្រុង​ស​ម្ពុ​បុ​រៈ គឺជា​ទីក្រុង​អ្នកប្រាជ្ញ​។ ការស្រាវជ្រាវ​ថ្មី​នេះ ត្រូវបាន​បង្ហាញ​ក្នុង​បាឋកថា​ក្រោម​ប្រធានបទ «​របកគំហើញ​ភស្ដុតាង​ថ្មី​នៅ​ទីក្រុង​ស​ម្ពុ​បុ​រៈ​» ដែល​បកស្រាយ​ដោយ​លោក​ស្ត្រា​ចា​រ្យ​បណ្ឌិត ធុ​យ ចាន់​ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌​និង​វិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​


​ក្រុង​ស​ម្ពុ​បុ​រៈ​ដែលមាន​វត្ត​មាននៅ​សតវត្សរ៍​ទី​៣​នៃ​គ្រិស្ដសករាជ ហើយ​ចាប់ផ្ដើម​រលាយ​រូបរាង​នៅ​ដើម​សតវត្សរ៍​ទី​១៩ ដោយ​ក្លាយ​មកជា​ស្រុក​សំបូរ ស្ថិតក្នុង​ខេត្តក្រចេះ​សព្វថ្ងៃនេះ ត្រូវបាន​អ្នកស្រាវជ្រាវ​បារាំង​បានដាក់​ឈ្មោះថា​ជាទី​ក្រុង​អ្នកប្រាជ្ញ ដែលជា​ទីក្រុង​របស់​ចេនឡា ដ៏​ល្បីល្បាញ​ដោយមាន​អរិយធម៌​ដើម​។  


 
​នៅ​ដើមឆ្នាំ​២០១៩​រហូតដល់​ខែមិថុនា​ឆ្នាំ​ដដែល លោក​សាស្ត្រាចារ្យ ធុ​យ ចាន់​ធួន បាន​ចុះទៅ​ស្រាវជ្រាវ​នៅ​ស្រុក​សំបូរ និង​ស្រុក​ក្រចេះ ក្នុង​ខេត្តក្រចេះ ដោយបាន​រកឃើញ​គ្រឹះ​ប្រាសាទ​ចំនួន​៤០​ប្រាសាទ​។ អ្វីដែល​អាច​ទាញ​បាន​ថា​ទីក្រុង​ស​ម្ពុ​បុ​រៈ​ជាទី​ក្រុង​របស់​អ្នកប្រាជ្ញ គឺ​ដោយមាន​ភស្ដុតាង​លើ​រូបសំណាក​ព្រះ​សិវៈ ព្រះ​ពិស្ណុ ព្រះ​គណេស និង​មាន​ព្រះ​ជាច្រើន​ទៀត​ខាង​ព្រហ្មញ្ញសាសនា ដែល​តំណាងឱ្យ​អ្នកចេះដឹង ត្រូវបាន​កសាងឡើង​នៅតាម​ប្រាសាទ​នៅក្នុង​ក្រុង​ស​ម្ពុ​បុ​រៈ​នោះ​។ 
 
​ក្នុង​ដំណើរ​នៃ​ការរុករក​ស្រាវជ្រាវ​នេះ លោក ធុ​យ ចាន់​ធួន ក៏បាន​សង្កេតឃើញថា​អ្នកស្រុក​មួយចំនួន​ក្នុង​មូលដ្ឋាន បាន​ជីក​គាស់កកាយ គ្រឹះ​ប្រាសាទ​ដើម្បី​ស្វែងរក​វត្ថុ​មានតម្លៃ ដែល​ពួកគេ​ថា​ជា​កំណប់​នោះ​។ ក្នុងនាម​ជា​អ្នកស្រាវជ្រាវ​លោក ធុ​យ ចាន់​ធួន ស្នើ​ដល់​ក្រសួង​និង​អាជ្ញាធរ​ដែនដី សូម​ចុះទៅ​ស្រាវជ្រាវ​ដល់ទី​តាំង​ផ្ទាល់ រួមទាំង​ផ្សព្វផ្សាយ​ពី​បេតិកភណ្ឌ​ជាតិ​ឱ្យបាន​ទូលំទូលាយ ដើម្បី​រារាំង​ការ​ជី​គាស់​គ្រឹះ​ប្រាសាទ​បន្តទៀត​។​
 
​លោក​បញ្ជាក់បន្ថែម​ទាំង​ហួសចិត្ត​៖« មកដល់​សម័យ​នេះហើយ ពួកគាត់​(​អ្នកស្រុក​) នៅតែ​ជីក​គាស់កកាយ​គ្រឹះ​ប្រាសាទ​ទៀត​។ ទាំងនេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ពួកគាត់​នៅតែ​មិន​យល់​»​។​
 
​លោក ធុ​យ ចាន់​ធួន  នឹង​ចងក្រង​ឯកសារ​ដែល​បាន​ស្រាវជ្រាវ​ថ្មីៗ​ពី​ទីក្រុង​ស​ម្ពុ​បុ​រៈ ជា​សៀវភៅ​ដើម្បី​ជា​មរតក​សម្រាប់​ក្មេងជំនាន់ក្រោយ​សិក្សា​ស្រាវជ្រាវ​។ តែ​ទោះជា​យ៉ាងណា​អ្នកស្រាវជ្រាវ​រូបនេះ​នៅតែមាន​កង្វល់ ព្រោះ​ឧបសគ្គ​ធំ​បំផុត​នៃ​ការសិក្សា​ស្រាវជ្រាវ​គឺ​បញ្ហា​ថវិកា ដែល​លោក​កំពុងតែ​ស្វះ​ស្វែងរក​អ្នក​ជួយ​ឧ​ត្ថ​ម្ភ​គាំទ្រ​។ 
 
​ក្នុង​ហេតុផល​យ៉ាងណាក៏ដោយ កន្លងមក​លោក ធុ​យ ចាន់​ធួន សង្កេតឃើញថា​កូន​ខ្មែរ​មិនសូវ​បាន​ចាប់អារម្មណ៍​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ឡើយ ដែល​នេះ​ជា​កម្សោយ​នៃ​ការធ្វើឱ្យ​ខ្លួន​មាន​មោទកភាព​ជាតិ​។ 
 
​លោក​សង្កត់ធ្ងន់ថា ៖«​តើ​មានកូន​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​បាន​ទៅ​មើល​ប្រាសាទអង្គរវត្ត​? ចុះ​ប្រាសាទ​ផ្សេងៗ​ទៀត​? ចុះ​ទីតាំង​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត​ដែល​មាននៅ​ទូទាំងប្រទេស​កម្ពុជា​? តើ​ពួកគាត់​បាន​ស្គាល់​ប៉ុន្មាន​ហើយ​? យើង​ត្រូវ​ទៅ​សិក្សា​ស្រាវជ្រាវ​ឱ្យឃើញ​ច្បាស់ ហើយ​ឈប់​ប្រើពាក្យ ឮ​គេ​ថា​ទៀត​»៕
 

Tag:
 បុរាណវិទ្យា​
  ក្រុង​ស​ម្ពុ​បុ​រៈ​
  អ្នកប្រាជ្ញ​
  ប្រវត្តិសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com