កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ប្រាប់ Juventus ឲ្យទិញ Lukaku ពី Man Utd
× Cristiano Ronaldo បង្ហាញអារម្មណ៍ចង់បានខ្សែប្រយុទ្ធ Romelu Lukaku មករួមក្រុមជាមួយខ្លួន ដោយស្នើឲ្យ Juventus ទិញកីឡាកររូបនេះពី Manchester United នារដូវកាលថ្មីខាងមុខ។
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ វ័យ៣៤ឆ្នាំរូបនេះ បានផ្លាស់ទៅចូលរួមជាមួយក្រុមរហស្សនាមសេះបង្កង់ ពី Real Madrid រដូវកាលមុន ប៉ុន្តែមិនអាចជួយក្លិបយក្សអ៊ីតាលី ជោគជ័យជាមួយពាន Champions League ឡើយ។ ការដែលមិនអាចលើពានអឺរ៉ុបបាន Juventus មើលឃើញថាពួកគេខ្វះកីឡាករមានគុណភាពនៅតំបន់ប្រយុទ្ធ។
ដោយសារហេតុនេះហើយ ទើបម្ចាស់ជើងឯក Serie A បានកំណត់ការចំណាយដ៏ធំដើម្បីចែចូវយកខ្សែប្រយុទ្ធ Lukaku ពីបិសាចក្រហម ស្របពេលក្រុមនៅអង់គ្លេសមួយនេះក៏ចង់បញ្ចេញសមាជិកក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះផងដែរ។ Lukaku ដែលមិនស្ថិតក្នុងជម្រើសរបស់លោក Ole Gunnar Solskjaer ក៏មិនចង់បន្តនៅ Old Trafford ដូចគ្នា។
ដោយសារ Man Utd ទើបបន្តកិច្ចសន្យាថ្មីជាមួយ Marcus Rashford ហើយ អ្នកចាត់ការសញ្ជាតិន័រវែសពេញចិត្តពេញថ្លើនឹងទម្រង់លេងរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ២១ឆ្នាំ ដូច្នេះ Lukaku ទំនងជាត្រូវលក់ចេញមិនខាន។
បើតាម The Sun ចុះផ្សាយ Ronaldo បានផ្តល់គំនិតដល់ Juventus ឲ្យព្យាយាមទិញយកអតីតខ្សែប្រយុទ្ធ Chelsea និង Everton ដើម្បីជួយក្រុមនៅរដូវកាលថ្មីនេះ។ យ៉ាងណាក៏ដោយ អ្នកចាត់ការថ្មីលោក Maurizio Sarri នៅមិនទាន់ឆ្លើយនឹងសំណើររបស់ Ronaldo នោះទេ។
Inter Milan ក៏ដាក់គោលដៅក្នុងការនាំយក Lukaku ទៅរួមក្រុមផងដែរ។ តាមពិតទៅខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក វ័យ២៦ឆ្នាំរូបនេះ ធ្លាប់ត្រូវបានលោក Antonio Conte ដែលទើបក្លាយជាអ្នកចាត់ការ Inter ថ្មី មានបំណងនាំទៅរួមក្រុម Chelsea កាលលោកនៅដឹកនាំម្លេះ ប៉ុន្តែមិនអាចប្រជែងឈ្នះ Man Utd៕
Tag:
Cristiano Ronaldo
Romelu Lukaku
Manchester United
Juventus
© រក្សាសិទ្ធិដោយ thmeythmey.com