សហគមន៍​នៅ​អាមេរិក​ខ្វល់ខ្វាយ ដោយសារ​លោក​ត្រាំ​គំរាម​ឲ្យ​ប៉ូលិសអន្តោប្រវេសន៍​វាយឆ្មក់​
អន្តរជាតិ
សហគមន៍​នៅ​អាមេរិក​ខ្វល់ខ្វាយ ដោយសារ​លោក​ត្រាំ​គំរាម​ឲ្យ​ប៉ូលិសអន្តោប្រវេសន៍​វាយឆ្មក់​
11, Jul 2019 , 8:19 am        
រូបភាព
រូបឯកសារ៖ មន្រ្តីគយ និងអន្តោប្រវេសន៍អាមេរិកដើរល្បាតនៅក្រុង Allen រដ្ឋ California កាលពីខែមេសាកន្លងទៅនេះ។
រូបឯកសារ៖ មន្រ្តីគយ និងអន្តោប្រវេសន៍អាមេរិកដើរល្បាតនៅក្រុង Allen រដ្ឋ California កាលពីខែមេសាកន្លងទៅនេះ។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ កាលពី​ពីរ​សប្តាហ៍​មុន ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​បំពេញ​ចន្លោះប្រហោង​នៅក្នុង​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន​របស់​អាមេរិក បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​សហព័ន្ធ​នឹង​ចាប់បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​រាប់លាន​នាក់​តាមរយៈ​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​នានា​។ ចាប់តាំងពី​ពេលនោះ​មក សហគមន៍​ជនអន្តោប្រវេសន៍​នៅ​ទូទាំង​សហរដ្ឋអាមេរិក​បានរៀបចំ​ការតវ៉ា​ប្រឆាំងនឹង​ការគំរាមកំហែង​នេះ ប៉ុន្តែ​ពលរដ្ឋ​អាមេរិកាំង​មួយចំនួន​គិតថា ការចាប់​បញ្ជូន​ខ្លួន​គួរតែ​ត្រូវបានធ្វើ​ឡើងជា​យូរ​មកហើយ​។​

 
​នៅ​ខាងក្រៅ​ការិយាល័យ​ពលរដ្ឋ​និង​ជនអន្តោប្រវេសន៍​អាមេរិក​ក្នុង​សង្កាត់ Fairfax រដ្ឋ Virginia ដែល​ស្ថិតនៅ​ជាយ​រដ្ឋធានី វ៉ាស៊ីនតោន អ្នក​តវ៉ា​សិទ្ធិ​ជនអន្តោប្រវេសន៍​ទាមទារ​ឲ្យ​បញ្ឈប់​ការ​វាយឆ្មក់​របស់​ប៉ូលិសអន្តោប្រវេសន៍ ICE នៅតាម​សហគមន៍​របស់​ពួកគេ​។​
 
​អ្នក​តវ៉ា​នាំគ្នា​ស្រែកថា «​គ្មាន​ឯកសារ​! គ្មាន​ការភ័យខ្លាច​!​​» ពួកគេ​គឺ​ស្ថិតក្នុង​ចំណោម​ក្រុម​សកម្មជន ជនអន្តោប្រវេសន៍ និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នានា​នៅ​ទូទាំងប្រទេស ដែល​ចេញមក​តវ៉ា បន្ទាប់ពី​លោក​ប្រធានាធិបតី ត្រាំ បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃទី ១៧ ខែ មិថុនា គំរាម​ចាប់បញ្ជូន​បុគ្គល​គ្មាន​ឯកសារ​រាប់លាន​នាក់​ទៅ​ប្រទេស​ពួកគេ​វិញ ប្រសិនបើ​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មិន​ព្រម​បំពេញ​ចន្លោះ​ខ្វះខាត​ទៅលើ​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន​របស់​អាមេរិក​ទេនោះ​។ លោក ត្រាំ បាន​ទុកពេល​ឲ្យ​ពួកគេ​ចំនួន​ពីរ​សប្ដាហ៍​។ 
 
​អ្នកស្រី Sarah Pierce នៃ​វិទ្យាស្ថាន​គោលនយោបាយ​អន្តោប្រវេសន៍​បាន​ថ្លែងថា​៖
 
«​ជនអន្តោប្រវេសន៍​ភាគ​ច្រើន​ដែល​ត្រូវបាន​ឃុំឃាំង​នៅ​ព្រំដែន​ប៉ែក​ខាងត្បូង មិន​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចូលមកក្នុង​សហរដ្ឋអាមេរិក​នោះទេ​។ ពួកគេ​អាច​នឹង​ត្រូវបាន​ចាប់បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ​ភា្ល​មៗ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ជ្រកកោន ដំណើរការ​ដាក់ពាក្យរ​បស់​ពួកគេ​ត្រូវការ​ពេលវេលា​យូរ​។ ពួកគេ​ភាគច្រើន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលមកក្នុង​សហរដ្ឋអាមេរិក ខណៈដែល​ពួកគេ​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​។ ដូច្នេះ​លោក​ប្រធានាធិបតី​គិតថា នោះ​គឺជា​ចន្លោះប្រហោង​នៅក្នុង​ប្រព័ន្ធ​សន្ដិសុខ​របស់​យើង ដោយសារតែ​ច្បាប់​ដែល​យើង​មាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលមកក្នុង​សហរដ្ឋអាមេរិក​បា​ន‍​»​។​
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​គំរាម​ចាប់បញ្ជូន​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ​។ ភា្ល​មៗ​បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​តំណែង​កាលពី​ខែ មករា ឆ្នាំ ២០១៧ លោក ត្រាំ បាន​និយាយថា លោក​នឹង​ចាប់បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​ចំនួន​បី​លាន​នាក់​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​។ ប៉ុន្តែ​លោក​មិនដែល​បានធ្វើ​ដូចដែល​លោក​បានលើកឡើង​ឡើយ​។​
 
​អ្នកស្រី Andrea Molina ដែលជា​អ្នក​តវ៉ា​ម្នាក់​បាន​និយាយថា​៖ «​វា​គឺជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ណាស់​។ វា​គឺជា​រឿង​ដែល​យើង​ជា​ជនអន្តោប្រវេសន៍ ដឹង​យ៉ាងច្បាស់​។ រាល់ពេល​ដែល​យើង​ឃើញ​ព័ត៌មាន យើង​ដឹងថា គោលនយោបាយ​និង​នយោបាយ​ទាំងនេះ​គឺ​សំដៅ​ចាត់វិធានការ​មកលើ​ពួកយើង​។ នេះ​គឺជា​សង្គម​ប្រកាន់​ស្បែ​កស​និយម និង​ជា​រដ្ឋាភិបាល​រើសអើង​ពណ៌​សម្បុរ ដូច្នេះ​ពួកគេ​យក​យើង​ជា​គោលដៅ មិនមែន​ត្រឹមតែ​ជនជាតិ អ៊ែ​ល​សាវ៉ា​ឌ័​រ នោះទេ ប៉ុន្តែ​គឺ​មនុស្ស​គ្រប់​ជាតិ​សាសន៍ រួមទាំង​ពួក​ស្បែក​ខ្ម‍ៅ​ផងដែរ​»​។​
 
​ពលរដ្ឋ​អាមេរិកាំង​មួយចំនួន​ដូចជា​លោក William Greene ដែលជា​ប្រធាន​សមាគម​ពលរដ្ឋ​អាមេរិកាំង​សម្រាប់​ជនអន្តោប្រវេសន៍​ស្របច្បាប់ នៅតែ​គិតថា ការចាប់​បញ្ជូន​ខ្លួន​គួរតែ​ត្រូវបាន​ធ្វើឡើង​តាំងពី​យូរណាស់​មកហើយ​។ លោក​ថ្លែងថា ច្បាប់​អន្តោប្រវេសន៍​ដែលមាន​នេះ​តម្រូវ​ឲ្យ​ប្រធានាធិបតី​ចាប់បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ប៉ុន្តែ​លោក​ប្រធានាធិបតី​មិនបាន​ធ្វើ​អញ្ចឹង​នោះទេ​។​
 
«​យើង​មិនត្រូវ​បានការ​ពារ​ពី​ការឈ្លានពាន​នោះទេ​។ ខ្ញុំ​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​រំពឹងថា ច្បាប់​ដែល​អាមេរិក​មាន​ស្រាប់​នេះ ដែល​តម្រូវ​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងអស់​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ គួរ​ត្រូវបាន​អនុវត្ត​។ ប៉ុន្តែ​វា​មិនបាន​កើតឡើង​នោះទេ​។ ខ្ញុំ​មាន​សិទ្ធិ​ក្នុងការ​រំពឹងថា ច្បាប់​ដែល​រារាំង​និយោជក​មិន​ឲ្យ​ជួល​ជនអន្តោប្រវេសន៍​ខុសច្បាប់​ធ្វើជា​បុគ្គលិក​គួរតែ​អនុវត្ត​។ តែ​វា​មិនកើត​ឡើង​នោះ​ទ‍េ​»​។​
 
​ទីភ្នាក់ងារ​អន្តោប្រវេសន៍​និង​គយ​របស់​អាមេរិក​បាន​បដិសេធ​មិន​ព្រម​ផ្ដល់ព័ត៌មាន​លម្អិត​អំពី​ការ​វាយឆ្មក់​ឬ​ប្រតិបត្តិការ​ណាមួយ​ដែល​នឹង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​នេះ​ទេ ហើយ​ពួកគេ​ក៏​មិន​ព្រម​បញ្ចេញ​មុខ​លើ​កញ្ចក់​កាមេរ៉ា​នោះដែរ ប៉ុន្តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​មួយ អ្នកស្រី Carol Danko អ្នកនាំពាក្យ​ប៉ូលិសអន្ដោប្រវេសន៍ ICE និយាយថា គ្មាន​ពលរដ្ឋ​អាមេរិកាំង​ណា​ម្នាក់​ដែល​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ឬ​បំពាន​ដីកា​តុលាការ​បានទេ ហើយ​ជនបរទេស​ខុសច្បាប់​ក៏​ដូចគ្នា​ដែរ​។ 
 
​ខណៈដែល​សភា​បានអនុម័ត​លើ​កញ្ចប់​ជំនួយ​មនុស្សធម៌​មួយ​ដែលមាន​ទឹកប្រាក់​៤​ពាន់​៦​រយ​លាន​ដុល្លារ មុនពេល​សម្រាក​វិស្សម​កាលនោះ សភា​អាមេរិក​មិនបាន​ផ្ដោត​យកចិត្តទុកដាក់​លើ​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន​នោះទេ​។ 
 
​នៅពេលដែល​កាលបរិច្ឆេទ​ពីរ​សប្តាហ៍​របស់លោក ត្រាំ ជិត​ផុតកំណត់ ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​នៅតែ​គ្មាន​ភាពប្រាកដប្រជា​។ 
 
​លោក Miguel Carpizo ដែលជា​អ្នក​តវ៉ា​ម្នាក់ទៀត​បានលើកឡើង​ថា​៖
 
«​ខ្ញុំ​គិតថា មនុស្ស​ភាគច្រើន​ស៊ាំ​ត្រចៀក​ទៅនឹង​សម្ដី​គំរាមកំហែង ដោយសារតែ​ពួកគេ​រស់នៅក្នុង​ជីវិត​បែប​ហ្នឹង ប៉ុន្តែ​ពិតណាស់ នៅពេលដែល​មានការ​ប្រកាស​ណាមួយ ពួកគេ​ប្រុងប្រយ័ត្ន​ជាងគេ ព្រោះថា​យើង​ចាប់ផ្ដើម​ទទួលបាន​ដំណឹង​ជាមុន ដូច​ជាមាន​រថយន្ដ​វ៉ែន​១០​គ្រឿង​នៅ​ស្ថានីយ៍​ចាក់​ប្រេង ប៉ុន្តែ​ពេល​យើង​ទៅដល់​កន្លែង​នោះ គ្មាន​រថយន្ត​វ៉ែន​នោះទេ​។ ហេតុការណ៍​ដូច្នេះ​ធ្វើ​ឲ្យ​ពួកគេ​មានការ​ភ័យខ្លាច​។ ដូច្នេះ​ពួកគេ​ព្យាយាម​សម្ងំ​លាក់ខ្លួន​នៅតែ​ក្នុងផ្ទះ​មិន​ចេញ​ទៅណា​»​។​
 
​ស្រប​ពេលដែល​ពលរដ្ឋ​អាម​រិ​កាំ​ង​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​របស់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុននេះ សហគមន៍​ជនអន្ដោប្រវេសន៍​បន្ត​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​ដោយ​សេរី​របស់​ពួកគេ​។​
 
​អ្នកស្រី Nayeli Lopez ដែលជា​អ្នក​តវ៉ា​មួយរូប​បាន​និយាយថា​៖
 
«​យើង​ត្រូវ​ឲ្យ​ប៉ូលិសអន្តោប្រវេសន៍ ICE ដឹងថា នៅក្នុង​សហគមន៍​មួយ យើង​អាច​រួបរួមគ្នា​មក​ទីនេះ ដើម្បី​ឲ្យ​ពួកគេ​ដឹងថា យើង​មិន​ខ្លាច​ការចូល​ឆ្មក់​ដូចដែល​ពួកគេ​បានធ្វើ​ដាក់​សហគមន៍​របស់​យើង​នោះទេ​។ ហើយ​យើង​ក៏​ចង់​ឲ្យ​ពួកគេ​ដឹងថា យើង​នឹង​គាំទ្រ​អ្នក​រាល់គ្នា ក្រុមគ្រួសារ​របស់​យើង សហគមន៍​របស់​យើង និង​ខ្លួន​យើង ព្រោះថា បើទោះជា​យើង​គ្មាន​ឯកសារ ក៏​យើង​មិន​ខ្លាច​នោះដែរ​»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com