ចាន់ សំអាត បង្ហាញ​ចំណុចខ្លាំង​របស់ខ្លួន​ក្រោយ​ហ្វឹកហាត់​ផ្នែក​កម្លាំង​ជាង​៣​ខែ​
ONE Championship
កីឡាជាតិ
ជាតិ
ចាន់ សំអាត បង្ហាញ​ចំណុចខ្លាំង​របស់ខ្លួន​ក្រោយ​ហ្វឹកហាត់​ផ្នែក​កម្លាំង​ជាង​៣​ខែ​
10, Jul 2019 , 9:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​កីឡាករ​គុន​ចម្រុះ និង គុន​ខ្មែរ ចាន់ សំអាត បានបង្ហាញ​អារម្មណ៍​ប្លែក និង មាន​កម្លាំង​ស៊ុ​ហ្វ​ល្អប្រសើរ​ជាង​មុន បន្ទាប់ពី​បាន​ហ្វឹកហាត់​ផ្នែក​កម្លាំង និង​កាយសម្បទា អស់​ពេល​ជាង​៣​ខែ ជាមួយ​គ្រូ​ជំនាញ Mark Chen និង​ឡាយ រស្មី នៅឯ​ក្លិប Cambodian Top Team​។​

 
​ចាន់ សំ​អាត់ ដែល​ចូល​ហ្វឹក​ហាត់គុន​ខ្មែរ​តាំងពី ឆ្នាំ ២០០៨ បាន​គូសបញ្ជាក់​បែបនេះ ៖« ពេល​ខ្ញុំ​ហាត់​ជាមួយ​គ្រូ Mark Chen និង ឡាយ រស្មី សុទ្ធតែ​ល្អ​ដូចគ្នា​។ គ្រូ Mark Chen គឺ​ហាត់​ផ្ដោត​បច្ចេកទេស​។ ប៉ុន្តែ ការហ្វឹកហាត់​នេះ​គឺ ធ្វើ​ឲ្យ​រហ័ស និង រក្សា​កម្លាំង​ស៊ុ​ហ្វ​ដូចគ្នា​។ ពេល​ហ្វឹកហាត់​ជាមួយ​ពួកគាត់ ខ្ញុំ​ដឹងខ្លួន​ថា​លឿន​ជាង​មុន រហ័ស និង កម្លាំង​ស៊ុ​ហ្វ​ល្អ​ជាង​មុន​ច្រើន​»​។ 
 
​ចាន់ សំអាត ដែល​ដើរ​តាម​រៀមច្បង ខុន ស៊ី​ចាន់ មកពី​ស្រុក​អន្លង់វែង​ដូចគ្នា បាន​រៀបរាប់​ទៀតថា ការហ្វឹកហាត់​ផ្នែក​កម្លាំង​ខាងលើ​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​អំណត់​ល្អ ហើយក៏​ជា​ផ្នែក​ជួយ​ជ្រោមជ្រែង​ដល់​បច្ចេកទេស​។ ការ​ដែលមាន​កម្លាំង បូក​នឹង​បច្ចេកទេស ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ជក់ចិត្ត​នៅលើ​សង្វៀន និង អាច​ទាញយក​ចំណាប់អារម្មណ៍​ច្រើន​។ ពេលខ្លះ បើ​មានតែ​បច្ចេកទេស ហើយ​អត់​កម្លាំង​ស៊ុ​ហ្វ​ទេ មើលទៅ​ទន់ និង ការប្រកួត​ក៏​អត់​ល្អមើល​ដែរ​។ 


 
​អតីត​កូន​ស្សិលោក គ្រូ ឡោ វុទ្ធី នៅ​ក្លិប កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ សង្កត់ធ្ងន់​បែបនេះ​៖«​ការហាត់​យក​កម្លាំង​នេះ វា​ហត់​ណាស់ ប៉ុន្តែ​ធ្វើ​ឲ្យ​យើង​ពូកែ​ទ្រាំ ព្រោះ​គ្រូបង្វឹក​ជា​អ្នកកំណត់​នាទី​ឲ្យ​។ ពីមុនមក ខ្ញុំ​មិនដែល​ធ្លាប់​ហាត់​បែបនេះ​ទេ​។ កន្លងទៅ​ធ្លាប់​ហ្វឹកហាត់ Gym ធម្មតា និង រត់​យក​កម្លាំង​ស៊ុ​ហ្វ​អីចឹង​»​។ 
 
​កីឡាករ​គុន​ចម្រុះ​វ័យ ២៦ ឆ្នាំ​រូបនេះ​ពិពណ៌នា​ពី​ការហ្វឹកហាត់​ប្រចាំថ្ងៃ​ថា មុនពេល​ហ្វឹកហាត់​កម្លាំង (Fitness) គេ​ងើប​រត់​ម៉ោង​៥ កន្លះ​ព្រឹក​ដើម្បី​រត់ និង កាច់​ក្បាលពោះ មុនពេល​ទទួល​ការបង្ហាត់​ពី​គ្រូបង្វឹក ឡាយ រស្មី ទៅតាម​កាលវិភាគ​ប្រចាំ​សប្ដាហ៍​។ គ្រូបង្វឹក ឡាយ រស្មី ក៏​បង្ហាត់​អំពី​ការរត់​ដែរ ប៉ុន្តែ តម្រូវ​ឲ្យ​ការរត់​នោះ​មាន​ភាពរហ័សរហួន និង​មានការ​កំណត់​ពេលវេលា​ត្រឹមត្រូវ​មួយ​។ បន្ទាប់ពី​ហ្វឹកហាត់ ផ្នែក​កម្លាំង ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​៣ ត្រូវ​បន្ត​ហ្វឹកហាត់​ជាប្រចាំ​លើ​បច្ចេកទេស​គុន​ខ្មែរ និង គុន​ចម្រុះ​ទៀត ក្នុង​គោលដៅ​ត្រៀម​ប្រកួត​ក្នុងស្រុក និង ឆាក​អន្តរជាតិ​សង្វៀន​ជាពិសេស​ស​ងៀ​ន ONE Championship​។ អ្នក​ប្រដាល់​មកពី​ស្រុក​អន្លង់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រូបនេះ​កំពុង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​។ នា​ចុង​សប្ដាហ៍​កន្លងទៅនេះ គេ​វាយ​កីឡាករ​ថៃ Phutphetnoi ឲ្យ​សន្លប់​ទឹក​ទី​៤ និង ទទួលបាន​កៅអី​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួចទៅហើយ​។ ការហ្វឹកហាត់​កម្លាំង​ដិតដល់​រួម ទាំង​បច្ចេកទេស​បានធ្វើ​ឲ្យ​គេ​ទទួល​ជ័យជម្នះ ៣ លើក​ក្នុងចំណោម​ប្រកួត ៤ លើក​នៃ​ការដណ្ដើម​ខ្សែក្រវាត់​នេះ​។ 
 
​ជាមួយគ្នា​នោះដែរ គ្រូបង្វឹក ឡាយ រស្មី ក៏បាន​បង្ហើប​ដែរ​ថា ៖«​ការហ្វឹកហាត់​គឺមាន​ការលំបាក​ច្រើន​ដែរ​សម្រាប់​កីឡាករ​មិន​ថា ចាន់ សំអាត ទេ​ប៉ុន្តែ​ទាំងអស់គ្នា ព្រោះ​ពីមុន​ពួកគាត់​មិនដែល​ជួប​លំ​ហាត់​លំបាកៗ​បែបនេះ​ឡើយ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ពួកគាត់ និង​សរសើរ ដោយសារ​ពួកគាត់​ព្យាយាម​ធ្វើ ហើយ​ទោះ​ធ្វើ​មិន​បានល្អ ក៏​គាត់​នៅតែ​ព្យាយាម​ធ្វើ​»​។ 
 
​កូនសិស្សលោក​ហ៊ុន ច័ន្ទ​រាជ្យ ត្រូវ​សង្វៀន  ONE Championship រៀបចំ​ឲ្យ​ចូលរួម​ប្រកួត​សាជាថ្មី​ដោយ​ជួប​កីឡា​ករមី​យ៉ាន់​ម៉ា Punnya Say នា​ដើមខែ សីហា ឆ្នាំ ២០១៩ ខាងមុខ​នៅ​ប្រទេស​សិង្ហ​បុរី​។ សំអាត ឡើង​ប្រកួត​លើក​នេះ​ក្នុង​ប្រភេទ​ទម្ងន់ ពី ៥៦ ទៅ ៦០ គីឡូក្រាម ខុសពី​ការប្រកួត​កន្លងទៅ​ក្នុង​ប្រភេទ​ទម្ងន់​ពី ៦០ ទៅ ៦៥ គីឡូក្រាម​។ ការប្រកួត​មុនៗ ត្រូវ​ដំឡើង​គីឡូ ដែល​រឿងនេះ​ត្រូវគេ​ចាត់ទុកថា ដូច​យក​គីឡូ​តូច​ទៅ​ប្រកួត​នឹង​គីឡូ​ធំ​អីចឹង​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com