កីឡាជាតិ
ជាតិ
ពានរង្វាន់​សម្តេច ហ៊ុន សែន​៖ បឹងកេត និង​អង្គ​រថា​យ​ហ្គឺ​រ​ឡើងទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ
10, Jul 2019 , 5:32 pm        
រូបភាព
តាំង សុភ័ក្ត្រ (លេខ១០) នាំជ័យជម្នះឲ្យអង្គរថាយហ្គឺរ ខណៈ ចាន់ វឌ្ឍនាកា រកបាន១គ្រាប់ទៀតនៅជើងទីពីរសម្រាប់បឹងកេត។ រូបថត CNCC និង Boeung Ket
តាំង សុភ័ក្ត្រ (លេខ១០) នាំជ័យជម្នះឲ្យអង្គរថាយហ្គឺរ ខណៈ ចាន់ វឌ្ឍនាកា រកបាន១គ្រាប់ទៀតនៅជើងទីពីរសម្រាប់បឹងកេត។ រូបថត CNCC និង Boeung Ket
ដោយ:
​បឹងកេត និង​អង្គ​រថា​យ​ហ្គឺ​រ​ជា​ក្រុម​ដំបូង​គេ ដែល​បានឈ្នះ​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤)​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ក្នុងនោះ បឹងកេត​បាន​យកឈ្នះ​ក្រុម​ខេត្តសៀមរាប​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៩-០ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-២​។

 
​សម្រាប់​ការប្រកួត​ជើង​ទី​២​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ គ្រាប់​បាល​ទី​១​បាន​កើតឡើង​ត្រឹម​៥​នាទី​ដំបូង បន្ទាប់ពី​ខ្សែប្រយុទ្ធ ម៉ុ​ន វ៉ាន់ដា រក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​បឹងកេត មុន​កីឡាករ ជា វេ​ស្លី បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​ទី​៧​។ ការប្រកួត​ដំណើរការបាន​៧​នាទី​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​រកបាន​៣​គ្រាប់​ក្នុងជំនួប​ជើង​ទី​១ បាន​បន្ថែម​១​គ្រាប់​ទៀត ដើម្បី​បង្កើន​ការនាំ​មុខ ៣-០ លើ​ក្រុម​ខេត្តសៀមរាប​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ តាមរយៈ​លទ្ធផល​នេះ រួមជាមួយ​ជ័យជម្នះ ៦-០ ក្នុង​ជើង​ទី​១​ជួយ​ឲ្យ​បឹងកេត​ឡើងទៅ​វគ្គ​១/៤ ជាមួយ​ជម្នះ​ទាំងពីរ​ជើង ៩-០​។  
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប កីឡាករ តាំង សុ​ភ័​ក្រ បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​នៅ​១៣​នាទី​ដំបូង​នៃ​តង់​ទី​១ បន្ទាប់មក​កីឡាករ សឹង ណា​រិ​ទ្ធ បន្ថែម​១​ទៀត​នៅ​៧​នាទី​បន្ទាប់ ដើម្បី​បង្កើន​ការនាំ​មុខ ២-០​។ គ្រាប់​បាល់​តាម​ពីក្រោយ ២-១ សម្រាប់​អគ្គិសនី​កម្ពុជា​ក៏បាន​កើតឡើង​នៅ​នាទី​ទី​៣៩ ដែល​រកបាន​ដោយ​កីឡាករ សៀន ពីសា មុន​កីឡាករ ឈឿង វិស្ណុ ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​តាម ២-២ ក្រុម​នេះ​នៅ​នាទី​ទី​៨​។ ពីរ​នាទី​មុន​បញ្ចប់​តង់​ទី​២ កីឡាករ តាំង សុ​ភ័​ក្រ បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន ដែលជា​គ្រាប់​ជ័យជម្នះ ៣-២ សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រដែ​ល​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​ជើង​ទី​១​ជាមួយ​អគ្គិសនី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​តែម្តង​៕    

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
  បឹងកេត អង្គ​រថា​យ​ហ្គឺ​រ
© រក្សាសិទ្ធិដោយ thmeythmey.com