អាហារ​សម្បូរ​ជាតិ​ខ្លាញ់​តែ​ល្អ​ចំពោះ​សុខភាព​អ្នក​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អាហារ​សម្បូរ​ជាតិ​ខ្លាញ់​តែ​ល្អ​ចំពោះ​សុខភាព​អ្នក​
12, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្លាញ់​ធ្លាប់តែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាហារ​មិនល្អ​ចំពោះ​សុខភាព ហើយ​ក៏មាន​មនុស្ស​ជាច្រើន​តែងតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់​ដែរ​ដើម្បី​កុំ​ឲ្យ​មាន​ជំងឺ​ផងដែរ​។



ទោះបីជា​យ៉ាងនេះ​ក្តី វា​ក៏មាន​អាហារ​ជាច្រើន​ដែល​សម្បូរ​ខ្លាញ់ តែ​ល្អ​ចំពោះ​សុខភាព​យើង​ច្រើន​ដែរ ជាពិសេស​អាហារ​ដូចខាងក្រោម​នេះ​៖
 
​ត្រី​សម្បូរ​ខ្លាញ់​
 
​ត្រី​សម្បូរ​ខ្លាញ់​ប្រភេទ ត្រី​សាល​ម៉ុង ផ្ទុក​ទៅដោយ​ខ្លាញ់​ផ្តល់​សុខភាព​មួយ​ប្រភេទ​ឈ្មោះថា អូ​មេ​ហ្គា​បី ដែល​ល្អ​ចំពោះ​សុខភាព​ខួរក្បាល បេះដូង សន្លាក់ និង​ស្បែក​តែម្តង​។ យ៉ាងណាមិញ យក​ល្អ​គួរតែ​ញ៉ាំ​ត្រី​ប្រភេទ​នេះ​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​ប្រយោជន៍​របស់​វា​។ 
 
​ស៊ុត​
 
​យោងទៅតាម​ការសិក្សា​ថ្មី​បាន​ឲ្យ​ដឹងថា កូ​ឡេ​ស្តេ​រ៉ុល​ដែលមាន​ក្នុង​ស៊ុត​ផ្នែក​កណ្តាល​មិន​ត្រឹម​តែមាន​ឥទ្ធិពល​ទៅលើ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ទេ តែ​វា​ក៏​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​ឈាម​បាន​យ៉ាង​ល្អ​ដែរ​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា តើ​គួរ​ញ៉ាំ​ស៊ុត​ប៉ុន្មាន​គ្រាប់​ក្នុង​មួយថ្ងៃ​ទើប​ល្អ​ចំពោះ​សុខភាព​។ 
 
​ប្រេង​អូ​លីវ​
 
​វា​គ្មានអ្វី​ជា​អាថ៌កំបាំង​ឡើយ​ដែលថា ប្រេង​អូ​លីវ គឺជា​ផ្នែក​មួយ​នៃ​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ​បំផុត​នៅលើ​ផែនដី​យើង​នេះ ដោយសារតែ​វា​មាន​អង់​ទី​អុកស៊ីដ​ង់ ដែល​អាច​បន្ថយ​សម្ពាធ​អុកស៊ីតកម្ម និង​បន្ថយ​ការ​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​ថែមទៀត​។ 
 
​យ៉ា​អួរ​
 
​គ្រប់គ្នា​ដឹង​ហើយ​ថា យ៉ា​អួរ​មាន​ប្រូ​បាយ​អូ​ទិច ដែលជា​បាក់តេរី​ល្អ ហើយក៏​ចាំបាច់​សម្រាប់​សុខភាព​ពោះវៀន​។ ហេតុផល​មួយទៀត​គឺថា យ៉ា​អួរ​ក៏មាន​ខ្លាញ់​ល្អ​ផងដែរ ដែល​អាចជួយ​សម្រក​ទ​ម្ង​ន់​ថែម​ទៀតផង​។ 
 
​ផ្លែ​ប័​រ​
 
​មិនមែន​ផ្លែឈើ​ទាំងអស់​សុទ្ធ​តែមាន​ខ្លាញ់​ល្អ​ឡើយ​។ ប៉ុន្តែ​ផ្លែឈើ​ដែល​គេ​រកឃើញថា មាន​ខ្លាញ់​ល្អ និង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​នោះ​គឺ​គ្មានអ្វី​ក្រៅពី​ផ្លែ​ប័​រ​ឡើយ​។ អ្វី​ដែ​ល្អ​ចំពោះ​ផ្លែឈើ​មួយ​នេះ​គឺថា វា​មាន​ប៉ូ​តា​ស្យូ​ម​ច្រើនជាង​ផ្លែ​ចេក ដូច្នេះ​ល្អ​បំផុត​ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម​។ ទី​ពីរ វា​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ពី​ក្នុង​ចរន្តឈាម​ថែមទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com