ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
លោកស្រី ទុង រដ្ឋា​វី​៖UNFPA បានរួម​ចំណែក​យ៉ាងច្រើន ក្នុងការ​កាត់បន្ថយ​អត្រា​មរណភាព​មាតា​
11, Jul 2019 , 10:02 am        
រូបភាព
លោកស្រី ទុង រដ្ឋាវី ប្រធានមណ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្នុងពេល​ផ្តល់សម្ភាសដល់សារព័ត៌មានថ្មីៗ នៅថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៩
លោកស្រី ទុង រដ្ឋាវី ប្រធានមណ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្នុងពេល​ផ្តល់សម្ភាសដល់សារព័ត៌មានថ្មីៗ នៅថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៩
​ភ្នំពេញ​៖ អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​(UNFPA) នឹង​រៀបចំ​កម្មវិធី​ចំនួន​៤ ទាក់ទង​នឹង​គោលនយោបាយ​នៃ​សុខភាព​បន្ត​ពូជ និង​សមភាព​យេនឌ័រ នៅ​ថ្ងៃទី​១១ កក្កដា​នេះ​។ ក្នុងចំណោម​ព្រឹត្តិការណ៍​ទាំង​៤​នេះ ក៏មាន​ខួប​២៥​ឆ្នាំ នៃ​បេសកកម្ម​របស់​UNFPA នៅ​កម្ពុជា​។ លោកស្រី ទុង រដ្ឋា​វី ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​គូស​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រយៈពេល​២៥​ឆ្នាំ​មកនេះ​រាជរដ្ឋាភិបាល​កម្ពុជា និង UNFPA បានធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ធានា​សិទ្ធិ​នៃ​សុខភាព​បន្ត​ពូជ និង​សមភាព​យេនឌ័រ​។  បើតាម​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក កម្ពុជា​សម្រេចបាន​ជោគជ័យ​យ៉ាងច្រើន​នៅក្នុង​ភាពជា​ដៃគូ​នេះ រួមមាន​ការកើនឡើង​នៃ​ការពន្យារ​កំណើត​,​ការ​សម្រាលកូន​នៅតាម​មជ្ឈមណ្ឌល​សុខាភិបាល​, ចំណេះដឹង​ប្រជាពលរដ្ឋ ជាពិសេស ការកាត់បន្ថយ​អត្រា​មរណៈភាព​មាតា​។   នៅ​ឆ្នាំ​១៩៩០ អត្រា​មរណភាព​មាតា មាន​ប្រមាណ ១,០២០ នាក់ លើ​កំណើត​កូន​រស់ ១០ ម៉ឺន​នាក់ បាន​ថយ​ចុះមក​នៅត្រឹម ១៧០ នាក់​នៅ​ឆ្នាំ​២០១៤​។ ហើយ​នៅ​ឆ្នាំ ២០៣០ កម្ពុជា​គ្រោង​កាត់បន្ថយ​ឲ្យ​បាន​អត្រា​មរណភាព​មាតា មក​នៅត្រឹម​៧០​នាក់ លើ​កំណើត​កូន​រស់ ១០​ម៉ឺន​នាក់​។  សម្រាប់​អ្នកស្រី ទុង រដ្ឋា​វី  ការសម្រេច​គោលដៅ​នេះ មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ឡើយ ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល អនុវត្ត​ផែនការ សកម្មភាព​ជាតិ ក៏ដូចជា​យុទ្ធសាស្ត្រ​ទាំងឡាយ​ដោយ​ប្រយ័ត្នប្រយែង និង​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​អាន​កិច្ច​សម្ភាស រវាង កញ្ញា ខន ចំប៉ា នៃ​សារ​ព័ត​៌មាន​ថ្មីៗ និង​លោកស្រី​សាស្ត្រាចារ្យ ទុង រដ្ឋា​វី ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ខាងក្រោម​នេះ​៖
 
​ខន ចំប៉ា​៖ រយៈពេល​២៥​ឆ្នាំ​មកនេះ លោកស្រី​បានធ្វើ​ការងារ​នេះ​ផ្ទាល់​ជាមួយ UNFPA  តើ​លោកស្រី អាច​ជម្រាប​បានទេ​ថា មាន​កត្តា​អ្វីខ្លះ ដែល​ជំរុញ​ឲ្យ​លោកស្រី ក៏ដូចជា​រាជរដ្ឋាភិបាល បង្កើតឱ្យមាន​គោលនយោបាយ​គម្លាត​កំណើត​នៅនឹងកន្លែង​?
 
​លោកស្រី ទុង រដ្ឋា​វី​៖ គោលនយោបាយ​នេះ ត្រូវបាន​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​១៩៩៥ ក្នុង​គោលដៅ​ធ្វើយ៉ាងណា កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ដែល​បណ្តាលមកពី​ការ​មានកូន​ញឹក​, មាតា​មាន​សុខភាព​ខ្សោយ និង​ទារក​ទើបនឹង​កើត ជាពិសេស​ជួយ​ឲ្យ​សុខភាព​ប្រជាជនមាន​ភាពប្រសើរឡើង​។ គោលនយោបាយ​នេះ បង្កើតឡើង​ដោយយោង​លើស​ភាព​ការ​មួយចំនួន​។  យើង​ដឹង​ហើយ​ថា នៅ​អំឡុង​ឆ្នាំ​១៩៩០ ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍន៍​តិចតួច ជាពិសេស​ក្រោយ​សង្គ្រាមរ៉ាំរ៉ៃ កម្ពុជា បាន​បាត់បង់​ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក​សុខាភិបាល ក៏ដូចជា​ទីតាំង​ផ្តល់​សេវា​សុខភាព​មាន​តិចតួច ហើយ​យើង​ក៏​ទទួលបាន​ព័ត៌មាន​មិន​ពេញលេញ​ដែរ​។ អ្វីដែល​សំខាន់​នោះ គឺ​ជីវភាព​ប្រជាពលរដ្ឋ​ក៏មាន​លំបាក​។ អត្រា​មរណភាព​មាតា មាន​កម្រិត​ខ្ពស់​។ បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​នី​សេ​ហ្វ ដែល​ធ្វើការ​នៅ​កម្ពុជា នៅពេលនោះ គឺមាន​ប្រមាណ ១,០២០ នាក់ លើ​កំណើត​កូន​រស់ ១០ ម៉ឺន​នាក់​នៅ​ឆ្នាំ​១៩៩០​។ នៅ​ឆ្នាំ​១៩៩៥ នៅក្រោយ​ពេលដែល​គោលនយោបាយ​របស់​យើង​ត្រូវ​បានអនុម័ត​នោះ ក៏​អត្រា​មរណភាព​មាតា​នៅ​ខ្ពស់​ដែរ គឺ​ប្រហែល​៨៦០ នាក់ កំណើត​កូន​រស់ ១០ ម៉ឺន​នាក់​។ មូលហេតុ​ចម្បង គឺ​ដោយសារ​ស្ត្រី​ទាំងអស់នោះ មាន​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​,​ស្លេកស្លាំង​,​លើសឈាម​,​ឆ្លង​រោគ ហើយ​ជាពិសេស គឺ​ស្ត្រី​មានកូន​ញឹក​ពេក​។ ស្ត្រី ចង់​ពន្យារកំណើត ប៉ុន្តែ​ពួកគាត់​មិនដឹង​ធ្វើ​យ៉ាងម៉េច​។ ម្យ៉ាងទៀត​កម្មវិធី​ពន្យា​រ​កំណើត​យើង ក៏មាន​តិចតួច​។ តម្រូវការ​ទាំងអស់នេះ​ហើយ ដែល​ជំរុញ​ឲ្យ​មានការ​បង្កើត​គោលនយោបាយ​ពន្យារកំណើត​នេះ​ឡើង​។​
 
​ខន ចំប៉ា​៖ បន្ទាប់ពី​ការប្តេជ្ញាចិត្ត ដែល​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ប្រជាជន និង​ការអភិវឌ្ឍន៍​ក្នុង​ឆ្នាំ ១៩៩៤ នៅ​ទីក្រុង​គែរ តើ​អ្វី​ជាការ​ផ្លាស់ប្តូរ​ដែល​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​កម្មវិធី​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​ផ្លូវភេទ​នៅក្នុង​ប្រទេស​កម្ពុជា​? ហេតុអ្វី​?
 
​លោកស្រី ទុង រដ្ឋា​វី​៖ ក្រោយពី​បាន​ចូលរួម​សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​គែរ ឆ្នាំ​១៩៩៤​នោះមក រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រសួងសុខាភិបាល បង្កើត​គោលនយោបាយ ក៏ដូចជា​យុទ្ធសាស្ត្រ​ជាតិ​ជាច្រើន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ស្ត្រី ជាពិសេស​គឺ​លើ​សិទ្ធិ​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ ដែល​ស្របតាម​ស្មារតី​នៃ​សន្និសីទ​ទីក្រុង​គែរ​។ យើង​ឃើញថា កម្មវិធី​ជាតិ​ពន្យារកំណើត ក៏បាន​អនុវត្តបាន​ពេញលេញ និង​ពង្រីក​ជា​បណ្តើរៗ ខណៈដែល​ពីដំបូង​មានតែ​រាជធានី​ភ្នំពេញ​ទេ និង​ខេត្តកណ្តាល រហូត​ពង្រីក​បាន​ទូទាំងប្រទេស នៅក្នុង​ឆ្នាំ​២០០០​។ ខ្ញុំ​សូម​បញ្ជាក់ដែរថា ការពង្រីក​នេះ គឺ​ពីដំបូង​ត្រឹមតែ​កម្មវិធី​ជាតិ​ពន្យារកំណើត​ទេ តែ​ដល់​ឆ្នាំ​១៩៩៨ យើង​បាន​ពង្រីក​ទៅដល់​កម្មវិធី​ជាតិ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​។ យើង​ធ្វើបាន​ច្រើន គ្រប់​សមាសធាតុ​ទាំងអស់ ដើម្បី​ឆ្លើយតប​ទៅនឹង​សិទ្ធិ​បន្ត​ពូជ និង​សិទ្ធិ​ផ្លូវភេទ​នៅ​កម្ពុជា​។ ហើយ​ឥឡូវនេះ យើង​ឃើញថា​អត្រា​នៃ​ការប្រើប្រាស់​មធ្យោបាយ​ពន្យារ​ទំនើប​បាន​កើនឡើង​ពី ៧% ដល់ ៣៩%​នៅក្នុង​ឆ្នាំ​២០១៤​។ បើ​បូក​ទាំង​វិធី​បុរាណ​ផង​នោះ យើង​មាន​ដល់​ជាង​៥០%​។ 
 
​ខន ចំប៉ា​៖ តើ​ការរួមចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​អង្គការ មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​(UNFPA) នាំមក​នូវ​ការផ្លាស់ប្តូរ​ផ្នែក​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​ផ្លូវភេទ​ដោយ​របៀប​ណា​?
 
​លោកស្រី ទុង រដ្ឋា​វី​៖ បើ​និយាយ​ពី​ការរួមចំណែក យើង​ឃើញថា បើ​គ្មាន​ដៃគូ រាជរដ្ឋាភិបាល ក៏​ពិបាក​នឹង​សម្រេច​សមិទ្ធផល​ជាច្រើន​បែបនេះ​ដែរ​។ រាជរដ្ឋាភិបាល​មានការ​ប្តេជ្ញាចិត្ត​ហើយ មាន​គោលជំហរ​ច្បាស់លាស់​ហើយ ក្នុងការ​ធ្វើយ៉ាងណា​នាំ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន និង​អភិវឌ្ឍន៍​ល្អ​។ ប៉ុន្តែ​នៅពេល​ដែលមាន​កង្វះខាត​ទាំង​បច្ចេកទេស ទាំង​ថវិកា យើង​ត្រូវ​ការរក​ដៃគូ​ឲ្យ​មកជួយ ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​ឆន្ទៈ​របស់​យើង អាច​សម្រេចបាន​។ នៅពេលនោះ​ខ្ញុំ​ឃើញថា អង្គការ UNFPA បាន​ឆ្លើយតប​ទាន់ពេលវេលា នូវ​អ្វីដែល​រាជរដ្ឋាភិបាល​ចង់បាន​។ ខ្ញុំ​ស្គាល់​អង្គការ UNFPA រយៈពេល​២៥​ឆ្នាំ​ហើយ ហើយ​យើង​ធ្វើការ​ជា​ដៃគូ មាន​ភាពជិតស្និទ្ធ​ណាស់​។ UNFPA តែងតែ​ជួយ​ទាំង​បង្កើត​គោលនយោបាយ​ជាតិ បង្កើន​សមត្ថភាព​បុគ្គ​លិ​ក ដើម្បី​ឲ្យ​ពួកគាត់​អាចដឹកនាំ​កម្មវិធី​,​បណ្តុះបណ្តាល ក៏ដូចជា​ការផ្តល់សេវា​ជូន​ស្ត្រី​ផ្ទាល់​។ អ៊ីចឹង​ហើយ បានជា​យើង​ទទួលបាន​លទ្ធផល​ជាច្រើន​។  ការពិនិត្យ​ផ្ទៃពោះ​មានការ​កើនឡើង ពោល​ឥឡូវនេះ ស្ត្រី​ដែលមាន​ផ្ទៃពោះ​ទាំងអស់ សុទ្ធតែ​បាន​ទៅពិនិត្យ​ផ្ទៃពោះ ខុសពី​កាលពីមុន​ដែលមាន​មិន​ដល់​៥០%​ផង​។ ការ​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល ក៏​កើនឡើង​។ កាលពី​ឆ្នាំ​២០០០ យើង​មានតែ ១០%​ទេ ដែល​សម្រាលកូន​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​។ ក្រៅពីនេះ គឺ​គាត់​សម្រាលកូន​នៅផ្ទះ ឬ​នៅ​កន្លែង​ដែល​មិន​សមរម្យ ប៉ុន្តែ​ឥឡូវនេះ ស្ទើរតែ​ទាំងអស់​។ ការពន្យារ​កំណើតរ​ក៏​កើនឡើង​, ការបង្កើន​ចំណេះដឹង​ក្នុងការ​ថែទាំ​មាតា និង​ទារក​ក្រោយ​សម្រាល​ក៏មាន​ភាពល្អប្រសើរ ហើយ​នេះ​ជា​ចំណែក​មួយ​របស់​ដៃគូ​យើង​។ ឥឡូវនេះ អត្រា​មរណភាព​មាតា​បាន​ថយចុះ​យ៉ាងច្រើន គឺ​ពី​ប្រមាណ ១,០២០​នាក់ លើ​កំណើត​កូន​រស់ ១០​ម៉ឺន​នាក់ នៅ​ឆ្នាំ​១៩៩០ មក​ត្រឹម ១៧០​នាក់ លើ​កំណើត​កូន​រស់ ១០ ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៤​។ 
 
​ខន ចំប៉ា​៖ តើ​សកម្មភាព​អ្វីដែល​រដ្ឋាភិបាល​គ្រោង​បង្កើតឡើង ដើម្បី​កាត់បន្ថយ​ឧបសគ្គ​ដែល​កំពុង​កើតឡើង ក្នុង​គោលដៅ​ព​ន្លឿ​ន​ការអនុវត្ត​កម្មវិធី​សកម្មភាព​របស់ ICPD ដែលមាន​សារៈសំខាន់ ក្នុងការ​សម្រេចបាន គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព របស់​អង្គការសហប្រជាជាតិ (SDGs) នៅ​ឆ្នាំ​២០៣០?
 
​លោកស្រី ទុង រដ្ឋា​វី​៖ ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន​១០ ក្នុង​សកលលោក ដែល​សម្រេចបាន​វ​គោលដៅ​សហសវត្ស​ឆ្នាំ​២០១៥ មុន​កាល​កំណ​ត ហើយ​ជោគជ័យ​នេះ ក៏មាន​ការរួមចំណែក​ពី​អង្គការ  UNFPA ដែរ​។ ប៉ុន្តែ​ការបោះ​ជំ​ហ៊ាន​ទៅមុខទៀត ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅក្នុង​ឆ្នាំ​២០៣០ គឺជា​ការងារ​មួយ​មិន​ងាយស្រួល​ប៉ុន្មាន​ទេ បើទោះជា​យើង មាន​ពិសោធន៍​ជោគជ័យ​ពីមុន​ក៏ដោយ​។ ឧបសគ្គ គឺមាន​គ្រប់ពេល​។ យើង​បានផ្តល់​ការបណ្តុះបណ្តាល​ដល់​បុគ្គលិក​យើង ប៉ុន្តែ​ពួកគាត់​មិនមែន​នៅ​ជាមួយ​យើង​រហូត​ដែរ​។ អ្នក​ដែលមាន​វ័យ​ចំណាស់ ក៏​គាត់​ចូលនិវត្តន៍ ហើយ​ក្មេងៗ​ដែល​ទើប​ចូល​បំពេញការងារ​ក៏មាន​ច្រើន​។ អ៊ីចឹង​ការបណ្តុះបណ្តាល​នៅមាន​ជា​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការផ្តល់សេវា​របស់​យើង កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព​។ ការណ៍​ដែល​ចំនួន​ប្រជាពលរដ្ឋ​កើនឡើង​ច្រើន ក៏មាន​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ទីតាំង​, ឧបករណ៍​បច្ចេកទេស ក៏​កើនឡើង ដែល​ឲ្យ​យើង​ជម្នះ​ឲ្យ​បាន​ទៅតាម​តម្រូវការ​។ ថ្វីដ្បិតតែ​ឧបសគ្គ​ទាំងនោះ មើលទៅ​មិនធំ​ដុំ ប៉ុន្តែ​បើ​យើង​គ្មាន​ធនធាន ក៏​មិនអាច​ដែរ​។ អ៊ីចឹង​ពីនេះ​ទៅមុខ កម្ពុ​ជាមាន​ហើយ​គោលដៅ​ដែល​ត្រូវ​ទៅ​, យើង​មាន​យុទ្ធសាស្ត្រ​, ក៏ដូចជា​ផែនការ​ជាតិ​ជាច្រើន​ទៀត អ្វីដែល​យើង​ត្រូវធ្វើ​បន្ត គឺ​ធ្វើ​យ៉ាងម៉េច ជំរុញ​សកម្មភាព​របស់​យើង​ឲ្យ​ត្រឹមត្រូវ ហើយ​ទៅដល់​គោលដៅ​ទាន់ពេលវេលា​។ អ៊ីចឹង​យើង​មានតែ​ខិតខំ​អនុវត្ត​សកម្មភាព​របស់​យើង ទៅតាម​គោលដៅ តាម​ការណែនាំ និង​យុទ្ធសាស្ត្រ​របស់​យើង​ឲ្យ​ពេញលេញ ដើម្បី​សម្រេច​ផែនការ និង​គោលដៅ​ដែល​យើង​បានកំណត់​ទុក​។ យើង​ក៏ត្រូវ​ធានាថា អ្នក​អនុវត្តន៍​ការងារ​ទទួល​បានការ​លើកទឹកចិត្ត​ដែរ ព្រោះ​បើ​គ្មាន​ការលើកទឹកចិត្ត អ្នកអនុវត្ត​ក៏​ពិបាក​ដែរ​។ អ៊ីចឹង​យើង​ត្រូវ​លើកទឹកចិត្ត និង​ចូលរួម​ជាមួយគ្នា​បន្ថែម​ទៀត ដើម្បី​ឲ្យ​ការងារ​របស់​យើង​សម្រេចបាន​តាម​គោលដៅ​ដែល​យើង​ចង់បាន គឺ​នៅក្នុង​ឆ្នាំ​២០៣០ យើង​គ្រោង​កាត់បន្ថយ​អត្រា​មរណភាព​មាតា ឲ្យ​នៅត្រឹម​៧០​នាក់ លើ​កំណើត​កូន​រស់ ១០​ម៉ឺន​នាក់​។ ពី​១៧០​នាក់ នៅ​ឆ្នាំ​២០១៤ មក​នៅត្រឹម ៧០​នាក់​នេះ គឺជា​ផ្លូវ​ដ៏​វែងឆ្ងាយ ដែល​យើង​ត្រូវ​ដើរ​៕



រូបពីហ្វេសប៊ុក UNFPA Cambodia

Tag:
 មាតា​
 ​ទារក​
 ​ទុង រដ្ឋា​វី​
  UNFPA
 ​មរណភាព​មាតា​
© រក្សាសិទ្ធិដោយ thmeythmey.com