មេធាវី៖ លក់អាវមានរូបនិងទ្រឹស្តីរបស់បណ្ឌិត កែម ឡី មិនមែនជាបទល្មើសទេ
ជាតិ
សង្គមជាតិ
មេធាវី៖ លក់អាវមានរូបនិងទ្រឹស្តីរបស់បណ្ឌិត កែម ឡី មិនមែនជាបទល្មើសទេ
11, Jul 2019 , 10:39 am        
រូបភាព
លោក គង់ រ៉ៃយ៉ា ពាក់អាវដែលមានទ្រឹស្តីរបស់លោកបណ្ឌិត កែម ឡី
លោក គង់ រ៉ៃយ៉ា ពាក់អាវដែលមានទ្រឹស្តីរបស់លោកបណ្ឌិត កែម ឡី
ដោយ: ថ្មីៗ
លោក សំ សុគង់ មេធាវីរបស់លោក គង់ រ៉ៃយ៉ា បកស្រាយថា ការលក់អាវ ដោយមានរូបនិងទ្រឹស្តីរបស់បុគ្គលណាមួយ មិនមែនជារឿងខុសច្បាប់នោះទេ គឺគ្រាន់តែជាការរកស៊ី ដើម្បីស្វែងរកប្រាក់ចំណេញប៉ុណ្ណោះ។



លោក គង់ រ៉ៃយ៉ា ដែលគេដឹងថាមានទំនោរទៅខាងប្រឆាំង និងជាអ្នកកែមឡីនិយម បានប្រកាសលក់អាវតាមបណ្តាញសង្គម ដោយអាវទាំងនោះ មានរូបនិងទ្រឹស្តីរបស់លោក បណ្ឌិត កែម ឡី។ បន្ទាប់មក លោក និង ភរិយា រួមទាំងមនុស្ស២នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ពោលគឺនៅមុន១ថ្ងៃនៃការរម្លឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។

ប៉ុន្តែ ភរិយារបស់លោក គង់ រ៉ៃយ៉ា និងមនុស្ស២នាក់ទៀត ត្រូវបានដោះលែងវិញ ដោយនៅតែលោក គង់ រ៉ៃយ៉ា ប៉ុណ្ណោះ ដែលតុលាការនៅបន្តចាត់នីតិវិធី។ លោក សំ សុគង់ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ លោក គង់ រ៉ៃយ៉ា ត្រូវបាននាំខ្លួនទៅឲ្យព្រះរាជអាជ្ញាភ្នំពេញ សួរម្តងទៀត និងបានចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោកមេធាវី សង្ឃឹមថា លោក គង់ រ៉ៃយ៉ា នឹងត្រូវបានដោះលែងដូចអ្នកទាំង៣ខាងលើ។ លោក បញ្ជាក់ដូច្នេះថា៖«អង្គហេតុ និង ភស្តុតាងទាំងនេះ មិនមែនជាបទល្មើសញុះញង់ទេ វា ជាការរកស៊ី ហើយម្យ៉ាងទៀត ការបោះពុម្ពចេញជាទ្រឹស្តីនិងរូបរបស់លោកបណ្ឌិត កែម ឡី នៅលើអាវ គឺជាសេរីភាពនៃការបញ្ចេញមតិ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា អំពើរបស់អ្នកកែមឡីនិយមខ្លះ គឺជាចេតនាចង់បង្កចលាចលក្នុងសង្គម ដោយយកវិញ្ញាណក្ខន្ធលោកកែម ឡី ធ្វើអាជីវកម្មនយោបាយ។ លោក សរសេរក្នុងបណ្តញទំនាក់ទំនងតេឡេក្រាមបែបនេះថា៖«ជនល្មើសច្បាប់និងបញ្ញត្តិរបស់សមត្ថកិច្ច ត្រូវចាប់ខ្លួន ដូចករណីយុវជន គង់ រ៉ៃយ៉ា និងមួយចំនួនទៀត ដែលចង់ល្បីឈ្មោះ»។ 

លោក គង់ រ៉ៃយ៉ា ធ្លាប់ជាប់ពន្ធនាគារ១ឆ្នាំកន្លះម្តងរួចមកហើយ និងត្រូវបានដោះលែងវិញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។ មូលហេតុដែលបណ្តាលឲ្យលោក ជាប់ពន្ធនាគារនាពេលនោះ គឺដោយសារតែលោកបង្ហោះសារលើបណ្តាញសង្គម ដោយបង្ហាញពីបំណងធ្វើបដិវត្តពណ៌ និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមផងដែរ៕ 

Tag:
 គង់ រ៉ៃយ៉ា
  សំ សុគង់
© រក្សាសិទ្ធិដោយ thmeythmey.com